ខេត្តសៀមរាប ៖ យោងតាមខ្លឹមសារបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោក ទៀ សីហា អភិបាលនៃអភិបាលខេត្ត នៅវេលាម៉ោង០៧និង០០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ក្រុងសៀមរាប នឹងដាក់ជា «តំបន់ក្រហម» ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនព្រមសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។

បើតាមផេកហ្វេសប៊ុករបស់លោក ទៀ សីហា អភិបាលនៃអភិបាលខេត្តបន្តថា ខ្ញុំបាទ សូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត។ សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពីគ្រាដ៏លំបាកនេះ ជាមួយគ្នាសូមអរគុណ។
រស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ហើយត្រូវអនុវត្តវិធានការណ៍ «៣ការពារ ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ ៖ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា»។




ចែករំលែកព័តមាននេះ