ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​អន្តរជាតិ​ទម្លុះ​តម្លៃ​៥​ពាន់​ដុល្លារ​/​អោន​លើក​ដំបូង ខណៈ​អ្នកវិភាគ​ព្យាករ​ណ៍​ថា នៅ​បន្ត​ឡើង​ថែម​ទៀត

3 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បន្ត​បំបែក​កំណត់​ត្រា​មិន​ធ្លាប់​មាន​ពី​មុន​របស់​ខ្លួន ដោយ​ទម្លុះ​តម្លៃ ៥ ០០០ ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦…

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បន្ត​បំបែក​កំណត់​ត្រា​មិន​ធ្លាប់​មាន​ពី​មុន​របស់​ខ្លួន ដោយ​ទម្លុះ​តម្លៃ ៥ ០០០ ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ ខណៈ​ដែល​តម្រូវការ​កាន់តែ​ខ្លាំង​ឡើង សម្រាប់​លោហៈធាតុ​ដ៏​មាន​តម្លៃ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព​បំផុត ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​ភូមិសាស្ត្រ​នយោបាយ​សកល​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

តម្លៃ​មាស​អន្តរជាតិ​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៥ ០៩០ ដុល្លារ​/​អោន ឬ ៦ ១៣២ ដុល្លារ​/​តម្លឹង មុន​ពេល​រក្សា​តម្លៃ​ម​ត្រឹម ៥ ០៨៥ ដុល្លារ​/​អោន ឬ ៦ ១២៦ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ម៉ោង ៩ និង ៤០ នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

មាស​អន្តរជាតិ​បាន​កើនឡើង​ប្រមាណ ៦៤% នៅ​ក្នុង​ឆ្នាំ ២០២៥ ដែល​គាំទ្រ​ដោយ​តម្រូវការ​ជាប់លាប់ ការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​សហរដ្ឋអាមេរិក ការ​សម្រុក​ទិញ​ស្តុក​ទុកជា​ទុនបម្រុង​របស់​បណ្តា​ធនាគារកណ្តាល​សកល ដោយ​ចំណោម​ប្រទេស​ចិន​បាន​បង្កើន​ការ​ទិញ​មាស​របស់​ខ្លួន សម្រាប់​ខែ​ទី ១៤ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​មុន​។ ដ្បិត​តម្លៃ​បាន​កើនឡើង​ជាង ១៧% ហើយ នៅ​ឆ្នាំ​នេះ​។

កត្តា​ជំរុញ​តម្លៃ​មាស​អន្តរជាតិ​ចុង​ក្រោយ​បំផុត កើត​ចេញ​វិបត្តិ​ទំនុកចិត្ត​លើ​រដ្ឋបាល​សហរដ្ឋ​អាមេរិក បង្ក​ឡើង​ដោយ​ការ​សម្រេចចិត្ត​មិន​នឹក​ស្មាន​ដល់​មួយ​ចំនួន​ពី​រដ្ឋបាល​លោក ត្រាំ កាលពី​ស​ប្តា​ហ៍​មុន​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២១ ខែមករា កន្លង​ទៅ បាន​ដក​ចេញ​ភ្លាម​ៗ​នូវ​ការ​គំរាមកំហែង​ពន្ធ​លើ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន ជា​ថ្នូរ​ដើម្បី​អាច​ត្រួតត្រា​កោះ​ហ្គ្រី​ន​ឡែ​ន (Greenland) របស់​ប្រទេស​ដា​ណឺ​ម៉ាក​។ ទោះ​យ៉ាងណា​ក៏​ដោយ កាលពី​ចុង​ស​ប្តា​ហ៍​មុន ស្រាប់តែ​លោក​បាន​ប្រកាស​ថា​នឹង​ដាក់​ពន្ធ ១០០% លើ​ប្រទេស​កា​ណា​ដា ប្រសិនបើ​ប្រទេស​នេះ​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ នេះ​គឺជា​ការ​វិវឌ្ឍន៍​ចុង​ក្រោយ ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​សកល​។

លោក Kyle Rodda អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​នៅ Capital.com បាន​លើក​ឡើង​ថា រដ្ឋបាល​លោក ត្រាំ បាន​បង្ក​ឱ្យ​មានការ​បែកបាក់ តាម​រយៈ​វិធី​ដែល​អ្វី​ៗ​ត្រូវ​បាន​កើត​ដូច​គ្រប់​គ្នា​ឃើញ ដូច្នេះ​ឥឡូវនេះ គ្រប់​គ្នា​កំពុង​សម្រុក​វិនិយោគ​លើ​មាស ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​តែ​មួយ​គត់​។

ដោយឡែក លោក Philip Newman នាយក​ប្រតិបត្តិ​នៅ Metals Focus ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ស្រាវជ្រាវ​មាស​ឯករាជ្យ​ឈានមុខ​គេ​មួយ បាន​លើក​ឡើង​ថា «​យើង​រំពឹង​ថា មាស​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​។ ការ​ព្យាករ​បច្ចុប្បន្ន​របស់​យើង​បង្ហាញ​ថា តម្លៃ​មាស​នឹង​ឡើង​ដល់​ប្រហែល ៥ ៥០០ ដុល្លារ​/​អោន ឬ ៦ ៦២៦ ដុល្លារ​/​តម្លឹង នៅ​ចុងឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ