រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា អាកាសធាតុនៅតំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧អង្សាសេ និងតំបន់មាត់សមុទ្រចុះដល់១៨អង្សាសេ ដូច្នេះ សូមត្រៀមសម្លៀកបំពាក់ក្រាស់ៗ ។
យោងតាមព្រឹត្តិបត្រព័ត៌មាស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកបានឲ្យដឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា របបខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម២ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម៣ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
ចំណែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ ជាមួយគ្នានោះដែរក្រសួងក៏បានឲ្យដឹងថារលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ