- ភ្នំពេញ
ភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ច តាមខណ្ឌនានា នៅរាជធានីភ្នំពេញ តែងតែរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវនានា។ សកម្មភាពការងាររៀបចំនេះ ត្រូវបានធ្វើឡើងញឹកញាប់មកហើយ តែក្រោយពេលអាជ្ញាធរសមត្ថកិច្ច ទៅបាត់…
ភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ច តាមខណ្ឌនានា នៅរាជធានីភ្នំពេញ តែងតែរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវនានា។ សកម្មភាពការងាររៀបចំនេះ ត្រូវបានធ្វើឡើងញឹកញាប់មកហើយ តែក្រោយពេលអាជ្ញាធរសមត្ថកិច្ច ទៅបាត់…
ភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ច តាមខណ្ឌនានា នៅរាជធានីភ្នំពេញ តែងតែរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវនានា។ សកម្មភាពការងាររៀបចំនេះ ត្រូវបានធ្វើឡើងញឹកញាប់មកហើយ តែក្រោយពេលអាជ្ញាធរសមត្ថកិច្ច ទៅបាត់ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវទាំងនោះ ត្រូវបានគេរំលោភ ដោយដាក់លក់របស់របរ ពិសេសការចតយានយន្តពេញផ្លូវដដែល។
ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ ខណ្ឌ ៧មករា បានរៀបចំសណ្តាប់ធ្នាប់ នៅលើដងផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត។ អាជ្ញាធរសមត្ថកិច្ច បានប្រើប្រាស់វិធានការក្តៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរំដោះផ្លូវ ១ខ្សែនេះ កុំឲ្យកកស្ទះចរាចរណ៍ និងឱ្យមានរបៀបរៀបរយឡើងវិញ។ កំណាត់ផ្លូវនេះ ត្រូវបានអាជីវករ បន្តយកទ្រូងផ្លូវ ធ្វើផ្សារ បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។
មុនឈានដល់ការចុះចាប់រឹបអូសទំនិញលក់ដូរលើផ្លូវនេះ អាជ្ញាធរសមត្ថកិច្ច បានផ្សព្វផ្សាយ អប់រំ និងទុកពេលជាច្រើនថ្ងៃ ឱ្យអាជីវករ រុះរើដោយខ្លួនឯង និងឈប់រំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ធ្វើជាផ្សារលក់ដូរដូច្នេះ។
អាជ្ញាធរ និងសមត្ថកិច្ច បានរៀបចំសម្អាតកំណាត់ផ្លូវនោះ ឱ្យមានរៀបរៀបរយ និងមានសោភណភាព ដោយតម្រូវឱ្យអាជីវករ ដែលបានតាំងលក់ទំនិញ បន្លែផ្លែឈើលើទ្រូងផ្លូវ ត្រូវរុះរើ យកទៅលក់ នៅក្នុងផ្សារ ដែលស្ថិតនៅក្បែរនោះ។ អាជ្ញាធរសមត្ថកិច្ច ព្រមានថា បើក្នុងករណីអាជីវករណា លួចលាក់ បន្តមកធ្វើអាជីវកម្មលើទ្រូងផ្លូវនេះទៀត សមត្ថកិច្ច មិនយោគយល់ទៀតឡើយ គឺត្រូវតែផាកពិន័យ តាមច្បាប់តែម្តង។
ប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរខណ្ឌ ៧មករា ក៏បានរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ ចំណុចរង្វង់មូល និងសួនច្បារក្តាន់ ២ មុខមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។ នៅទីនោះ មានឡានចតសង្ខាងផ្លូវ រកតែកន្លែងធ្វើចរាចរណ៍ឆ្លងកាត់សឹងមិនកើត។
ក្រៅពីនោះ អាជ្ញាធរខណ្ឌទួលគោក ក៏បានចុះទៅរៀបចំ និងដោះស្រាយសណ្តាប់ធ្នាប់ តាមដងមហាវិថីម៉ៅសេទុង និងចំណុចផ្លូវចូលផ្សារនាគមាស ជាប់របងម៉ុងឌីយ៉ាល់ ដែលមានម្ចាស់យានយន្ត ឈប់ចត គ្មានសណ្តាប់ធ្នាប់ និងការរំលោភយកទ្រូងផ្លូវ ធ្វើអាជីវកម្ម ជាកន្លែងលក់ដូរបន្លែផ្លូវឈើ ជាដើម។
នៅខណ្ឌផ្សេងទៀត ក៏ដូចគ្នា នៅតាមផ្លូវធំ ផ្លូវតូច គឺអាជ្ញាធរសមត្ថកិច្ចខណ្ឌសង្កាត់ តែងតែចុះអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវ ញឹកញាប់។ តែគ្រាន់តែអាជ្ញាធរសមត្ថកិច្ច ចេញផុត ចិញ្ចើមផ្លូវ និងទ្រូងផ្លូវទាំងនោះ ត្រូវបានគេរំលោភយកធ្វើអាជីវកម្ម និងចតឡាន នាំឲ្យកកស្ទះចរាចរណ៍ដដែល។
ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមផ្លូវ គឺអាជ្ញាធរសមត្ថកិច្ច បានតម្រូវឲ្យរុះរើសំយ៉ាបផ្ទះ ឆ័ត្រ ផើងផ្កា រុះរើស្លាកសញ្ញា ដែលពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ចេញពីមុខផ្ទះ ឬចិញ្ចើមផ្លូវសាធារណៈ និងហាមចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ។ ក្នុងនោះ រាល់ការប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើជាទីតាំងផ្ញើកង់ម៉ូតូ ឬលក់ដូរ គឺមិនត្រូវឲ្យលើស ១/៣ ( មួយភាគបី ) នៃចិញ្ចើមឡើយ។ អាជ្ញាធរសមត្ថកិច្ច ក៏តម្រូវឲ្យរៀបចំសម្អាត អនាម័យ បរិស្ថាន ទុកដាក់សំរាម ដោយវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងបញ្ចេញតាមពេលម៉ោង ដែលបានកំណត់ ផងដែរ។
ប៉ុន្តែសព្វថ្ងៃនេះ នៅតាមផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ ក៏ដូចជាផ្លូវជាច្រើនទៀត គឺសឹងតែលែងមានចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងហើយ ពិសេសនៅតំបន់រោងចក្រ និងនៅតាមផ្សារ។ មិនត្រឹមតែចិញ្ចើមផ្លូវទេ គឺទ្រូងផ្លូវ ក៏ត្រូវបានរំលោភ យកធ្វើជាកន្លែងលក់បន្លែ ផ្លែឈើ ត្រីសាច់ ខោអាវ និងកន្លែងផ្ញើម៉ូតូឡាន ជាដើម។ អ្នកលក់តាមរទេះ ក៏ឈប់ចតលើទ្រូងផ្លូវ លក់ដោយមិនខ្វល់នឹងអ្នកធ្វើដំណើរ ដែលកកស្ទះសោះឡើយ។ នៅផ្លូវវេងស្រេង ការកកស្ទះចរាចរណ៍ខ្លះ ដោយសារតែការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដាក់ទំនិញលក់ដូរ គឺមាននៅចំណុចផ្សារស្ទឹងមានជ័យ តំបន់លូ ៥ និងផ្សារត្រពាំងថ្លឹង ជាដើម។
ដើម្បីរំដោះចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្រៅតែរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលអាជ្ញាធរសមត្ថកិច្ចរាជធានីខណ្ឌ ចុះរៀបចំទ្រង់ទ្រាយធំហើយ គឺអាជ្ញាធរសមត្ថកិច្ចសង្កាត់ មានតួនាទីសំខាន់ ក្នុងការចូលរួមទប់ស្កាត់ការរំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីធ្វើអាជីវកម្ម និងចតយានយន្ត ជាដើម។
មែនទែនទៅ មិនមែនអ្នកលក់ដូរ អាចដាក់ឥវ៉ាន់ លក់បានស្រួលៗ តាមផ្លូវ ដោយមិនមានបង់លុយឲ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននោះទេ។ ដូច្នេះអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវតែឈប់ពាក់ព័ន្ធនឹងការដើរប្រមូលលុយ ទោះជាដាក់ខែ ឬបង់តាមថ្ងៃក៏ដោយ។
ម្យ៉ាងទៀត អាជ្ញាធរសមត្ថកិច្ច ក៏គួរតែរៀបចំកន្លែងសមរម្យ សម្រាប់អ្នកលក់ដូរតាមផ្លូវ គឺមានកន្លែងលក់ ដែលមិនបង្កការកកស្ទះចរាចរណ៍ និងមិនប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ ការរៀបចំចំណត ក៏ត្រូវតែរៀបចំ ពិសេសតាមស្ថាប័ន ក្រសួង មន្ទីរ ដូចករណីនៅរង្វង់មូលក្តាន់២ នៅជិតគណៈរដ្ឋមន្ត្រី គឺនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ មិនមានកន្លែងចតឡាន សម្រាប់មន្ត្រីបម្រើការងារនៅទីនោះឲ្យគ្រប់គ្រាន់ឡើយ ហើយនៅក្រសួងស្ថាប័នផ្សេងទៀត ក៏ដូចគ្នា។ ដូច្នេះមានតែយកផ្លូវ ធ្វើចំណត ដូចរាល់ថ្ងៃនេះហើយ។
សាលារាជធានីភ្នំពេញ ក៏គួរតែរៀបចំសាងសង់ចំណតក្រោមដី នៅក្រោមសួនច្បារ ដូចអ្វីដែលបានធ្វើរួចមកហើយ នៅមុខស្ថានីយរថភ្លើង និងនៅសួនច្បារវត្តភ្នំ ជាដើម។ ចំណតយានយន្តក្រោមដីនោះ អាចឲ្យឯកជនវិនិយោគ ក៏បាន។
អ្នកលក់ដូរតាមផ្លូវ ក៏គួរតែគិតផង។ នរណា ក៏ចង់បានលុយដែរ តែដើម្បីតែលុយ ហើយបង្កការកកស្ទះ នាំឲ្យក្តៅក្រហាយដល់អ្នកផ្សេងទៀត គឺមិនគួរសោះឡើយ។ ម្យ៉ាងការលក់ដូរលើចិញ្ចឹមផ្លូវ និងរហូតដល់លក់លើទ្រូងផ្លូវថែមទៀតនេះ អាចមានគ្រោះថ្នាក់ ព្រោះបើឡានម៉ូតូណា បើកលឿន ជាន់ហ្វ្រាំងមិនទាន់ ឬក៏មានឧបទ្ទវហេតុអ្វីនោះ ជ្រុលប៉ះពារបុកអ្នកលក់ដូរ តើនឹងត្រូវគ្រោះថ្នាក់បែបណា? ចំណុចនេះ គួរតែគិតពីសុវត្ថិភាពផ្ទាល់ខ្លួន និងផលប្រយោជន៍សាធារណៈផង។
ក្រៅពីគិតគូរពីសន្តិសុខសណ្តាប់ធ្នាប់ហើយ អ្នកលក់ដូរ ពិសេសអ្នកលក់តាមរទេះ ដូចជា បន្លែ ផ្លែឈើ មីឆា ពងទាកូន ប្រហិត ការ៉េម ជាដើម ក៏គួរតែវេចខ្ចប់កាកសំណល់ ថង់ប្លាស្ទិក ប្រអប់ជ័រ ដបទឹកសុទ្ធ សំបកកំប៉ុង ជាដើម ឲ្យមានរបៀបរៀបរយ ទុកដាក់ និងដឹកជញ្ជូនសំរាមកាកសំណល់ យកទៅបោះចោល ឲ្យបានស្អាតល្អផង។
សរុបមក វិធានការមើល និងរំដោះផ្លូវនេះ គួរតែអាជ្ញាធរសមត្ថកិច្ច ពិសេសអាជ្ញាធរខណ្ឌ ត្រួតពិនិត្យ អនុវត្តជាប្រចាំ បើមិនបានរៀងរាល់ថ្ងៃ ក៏សូមឲ្យបានរៀងរាល់សប្តាហ៍។ កំណត់កន្លែង ដែលអ្នករស់នៅតាមផ្លូវ អាចលក់បានត្រឹមណា នៅលើចិញ្ចើមផ្លូវ ដើម្បីទុកឲ្យអ្នកដើរ អាចធ្វើដំណើរឆ្លងកាត់បានលើចិញ្ចើមផ្លូវ។ ទ្រូងផ្លូវ គឺហាមឃាត់ដាច់ខាត មិនឲ្យមានអ្នកលក់ ឬក៏ចតយានយន្តនោះទេ។
បើអ្នកលក់ដូរ អ្នកចតឡានលើផ្លូវ នៅតែមិនស្តាប់ តាមការណែនាំ និងការរៀបសណ្តាប់ធ្នាប់នេះទេ អាជ្ញាធរសមត្ថកិច្ច ត្រូវប្រើធម៌ក្តៅ ចាប់រឹបអូស យករបស់របរ និងអូសឡានទាំងនោះ ទៅខណ្ឌសង្កាត់ ព្រមាន និងធ្វើកិច្ចសន្យា ហើយផាកពិន័យ។ ករណីនេះ ត្រូវធ្វើឲ្យស្មើភាពគ្នា ដោយគ្មានការលើកលែង និងធ្វើមិនដកដៃ ទើបមិនក្លាយជាការវែកចកតទៅទៀត៕
ចែករំលែកព័តមាននេះ