ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុនបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៨ មីនាថា ផ្កាសាគូរ៉ា ចាប់ផ្តើមរីកស្គុសស្គាយក្នុងទីក្រុងតូក្យូ ប្រៀបដូចជានិមិត្តរូបនៃការចាប់ផ្តើមរដូវកាលទស្សនាផ្កាសាគូរ៉ារីកប្រចាំឆ្នាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ចាត់ទុកថាជារដូវមួយដែលប្រជាជនរមែងទន្ទឹងរង់ចាំ ទោះបីជាឆ្នាំនេះដំណឹងពីការខូចខាតនិងទិដ្ឋភាពដ៏សោកសៅពីហេតុការណ៍រញ្ជួយដីនិងវិបត្តិរោងចក្រអគ្គិសនីនុយក្លេអ៊ែរ ស្ទើរតែលុបចោលដំណឹងល្អៗទាំងស្រុងក៏ដោយ។ រដូវកាលដើម្បីបង្ហាញការចាប់ផ្តើមរដូវផ្ការីកបានកើតឡើងកាលពីច្រើនរយឆ្នាំមុនដោយប្រជាជននាំគ្នាទៅអង្គុយនៅក្រោមដើមសាគូរ៉ាដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនិងទស្សនាផ្កាសាគូរ៉ាដែលកំពុងរីកស្គុសស្គាយ នៅមុនពេលពួកវារុះរោយ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយមក ។
គួរបញ្ជាក់ថា ជប៉ុនបានកំណត់យកដើមសាគូរ៉ាមួយចំនួនសម្រាប់បញ្ជាក់ពីការកំណត់ពេលផ្កាសាគូរ៉ារីកនៅទូទាំងប្រទេស នៅពេលដែលផ្ការបស់វារីកយ៉ាងតិច៥-៦ផ្កា ។ សម្រាប់ដើមសាគូរ៉ា ដែលប្រើសម្រាប់ព្យាករណ៍រដូវផ្ការីក ផ្កាសាគូរ៉ារីកជាផ្លូវការក្នុងក្រុងតូក្យូ គឺដើមផ្កានៅខ្ទមអ្នកតា «យ៉ាស៊ូគូនី» ដោយរំពឹងថា ផ្កាសាគូរ៉ាក្នុងទីក្រុងតូក្យូនឹងរីកយ៉ាងស្រស់ត្រកាលមានរយៈពេលប្រហែល១សប្តាហ៍ ។
ប្រហែល៨០%ដែលផ្កាសាគូរ៉ារីកពេញលេញមានន័យថា តំបន់ខាងលើនឹងបានទទួលការប្រកាសថាជាតំបន់ដ៏ត្រកុំត្រកាលលូតលាស់រីកសុសសាយដូចជាផ្កា ។ ដោយឡែកនៅក្រុងតូក្យូ រដូវកាលផ្កាសារ៉ាគូរ៉ារីកមានសភាពយឺតជាងកាលពីឆ្នាំមុនដល់ទៅ៦ថ្ងៃ ។ នៅជប៉ុនផ្កាសាគូរ៉ា នឹងចាប់រីកពីភាគខាងត្បូងរបស់ប្រទេសដែលមានអាកាសធាតុក្តៅ និងសន្សឹមៗរីកបន្តទៅទិសខាងជើង ។ សម្រាប់សាគូរ៉ានៅក្នុងតំបន់មានគ្រោះវិបត្តិនឹងរីកយ៉ាងពេញលេញនៅដើមខែមេសារហូតដល់ពាក់កណ្តាលខែ ៕



ចែករំលែកព័តមាននេះ