ខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ១៣ខែម្នាក់ ចេះដើរតេះតះទៅតោងពាងទឹកនៅជិតអណ្តូងស្នប់ក៏ដាំក្បាលចូលលង់ស្លាប់ ខណៈដែលជីដូនជាប់រវល់ធ្វើម្ហូបបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៦ ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្នបាលបាសាក់ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សុខ ករុណា អាយុ១៣ខែ រស់នៅភូមិឃុំខាងលើ ដោយសារឪពុកម្តាយក្មេងប្រុសរងគ្រោះមានជីវភាពក្រីក្របាននាំគ្នាទៅធ្វើកម្មករកម្មការិនីរោងចក្រនៅភ្នំពេញ បានទុកកូនឱ្យនៅជាមួយជីដូនមើលថែ ។ មុនពេលកើតហេតុ ជីដូនជាប់រវល់ចិតបន្លែ និងរៀបចំដាំស្ល ដោយទុកចៅលេងក្បែរខ្លួន ភ្លេចខ្លួនមួយភ្លេចចៅដើរទៅលេងទឹកពាងដែលដាក់ខាងមុខអណ្តូងស្នប់សប់ទឹកដាក់ទុកប្រើប្រាស់ក៏ដាំក្បាលធ្លាក់ចូលក្នុងពាងទឹកគ្មានអ្នកណាឃើញបណ្តាលឱ្យលង់ស្លាប់តែម្តង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យសព ឃើញថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោមដំណក់ទឹកភ្នែកគួរឱ្យសង្វេគរបស់ជីដូន និងអ្នកជិតខាង ៕
ចែករំលែកព័តមាននេះ