ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​នៅ​មណ្ឌលគិរី ខណៈ​ភ្លៀង​ធ្លាក់​ជា​រៀងរាល់ថ្ងៃ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី បាន​រង​ទទួល​នូវ​បរិយាកាស​អាប់អួរ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ និង​ថែម​ទាំង​មាន​ធ្លាក់​អ័ព្ទ​នៅ​តំបន់​មួយ​ចំនួន​ទៀត ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្ដី សម្ពាធ​អាកាសធាតុ​នេះ

ខេត្តមណ្ឌលគិរី ៖ រយៈពេល​១០​ថ្ងៃ​មក​ហើយ ខេត្តមណ្ឌលគិរី បាន​រង​ទទួល​នូវ​បរិយាកាស​អាប់អួរ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ និង​ថែម​ទាំង​មាន​ធ្លាក់​អ័ព្ទ​នៅ​តំបន់​មួយ​ចំនួន​ទៀត ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្ដី សម្ពាធ​អាកាសធាតុ​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ផ្នែក​ណាមួយ​នៃ​ខេត្តមណ្ឌលគិរី​ទេ ហើយ​កម្រិត​សីតុណ្ហភាព ក៏​មិន​ទាន់​ធ្លាក់​ចុះ​ទាប​ខ្លាំង​នោះ​ដែរ ។

Picture

យើង​កត់សម្គាល់​ឃើញ​ថា គ្រប់​បណ្ដា​ក្រុង​-​ស្រុក​ទាំង​០៥ រង​ទទួល​នូវ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ខ្លាំង តាំងពី​ថ្ងៃ​ទី​០៧ ខែកញ្ញា និង​បាន​អូស​បន្លា​យមក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​មិន​ទាន់​រាំង​នៅឡើយ​ទេ ។ បរិ​យាស​កាស​បែប​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចុះ​ត្រជាក់ ព្រមទាំង​មាន​ផ្សែង​អ័ព្ទ​គ្រប់​ដណ្ដប់​តាម​តំបន់​ជ្រលង​ភ្នំ​នានា​ទូ​ទាំង​ខេត្ត ប៉ុន្តែ​ភាព​ត្រជាក់​នៅ​ពុំ​ទាន់​ចុះ​ទាប​ខ្លាំង​នោះ​ទេ ដោយ​ពិនិត្យ​មើល​លើ​ឧបករណ៍​ពិនិត្យ​សីតុណ្ហភាព គឺ​ធ្លាក់​ចុះ​ទាប​ត្រឹម​២០​អង្សារ និង​ឡើង​ខ្ពស់​ត្រឹម​២៦​អង្សារ ។

Picture

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ពេល​ព្រឹក​ព្រលឹម​ផ្ទៃមេឃ​បាន​បើក​ថ្ងៃ​ស្រឡះ​ខុស​ប្លែក​ពី​បណ្ដា​ថ្ងៃមុន​ៗ ប៉ុន្តែ​អូស​បន្លា​យមក​ដល់​ពេល​រសៀល ពពក​ខ្មៅ​បាន​គ្របដណ្ដប់​ក្រុង​សែន​មនោ​រម្យ និង​មាន​ភ្លៀងរលឹម​បង្អុរ​ធ្លាក់​ចុះ​បន្ត​ទៀត ។ ដោយឡែក​សម្រាប់​ខេត្តមណ្ឌលគិរី​វិញ ដែល​ជា​តំបន់​ប្រជុំភ្នំ សម្បូរ​តំបន់​ខ្ពង់រាប និង​មាន​ដីក្រហម​ផង​នោះ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ ក៏​បណ្ដាល​ឲ្យ​សណ្ឋាន​ដី​មាន​ភាព​រអិល តួយ៉ាង​នៅ​តាម​តំបន់​ដែល​មិន​ទាន់​មាន​ផ្លូវ​ក្រាល​កៅស៊ូ មាន​ស្ថានភាព​រអិលខ្លាំង ដែល​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ ឬ​រថយន្ត​មានការ​ប្រុង​ប្រ​យ​ត្ន​ខ្ពស់​ផង​ដែរ ។

Picture

លោក ចាន់ រតនា នាយករង​សាលាខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ថា ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ប៉ុន្តែ​សម្រាប់​ខេត្តមណ្ឌលគិរី​នៅ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​គ្រោះ​មហន្តរាយ​ណាមួយ​នោះ​ទេ ពោល​គឺ​ពុំ​មាន​ខ្យល់​កន្ត្រាក់ ឬ​ការ​ជន់​លិច​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី រដ្ឋបាល​ខេត្ត​ក៏​បាន​និង​កំពុង​តាមដាន​អំពី​ស្ថានភាព​អាកាសធាតុ​នេះ​យ៉ាង​យកចិត្តទុកដាក់​បន្ត​ទៀត ។

Picture

សូម​រម្លឹក​ថា បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ចុង​ក្រោយ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ប្រព័ន្ធ​សម្ពាធ​ទាប​ពី​ប្រទេស​ជិតខាង តួយ៉ាង​មាន​សម្ពាធ ITCZ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ព្រមទាំង​ខ្យល់មូសុង​និរតី​ខ្សោយ លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ខេត្ត​ជា​ច្រើន រួម​មាន​ខេត្តមណ្ឌលគិរី​ផង​ដែរ គឺ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម ចំណែក​សីតុណ្ហភាព​វិញ​ធ្លាក់​ចុះ​ទាប​ជាង​ធម្មតា ៕

Picture
Picture
Picture
Picture
Picture