ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសម្អាងការត្អូញថា ជិតដាច់បាយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិបត្តិជំងឺកូវីដ ១៩ ដូចជាកង់រទេះអ៊ីចឹង អ្នករងផលប៉ះពាល់មានគ្រប់មជ្ឈដ្ឋាន យើងបានស្តាប់ទុក្ខលំបាក ការត្អូញត្អែររបស់ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋានដែលប្រកបរបរ អាជីវកម្មផ្សេងៗគ្នា មិនថាក្នុង…

រាជធានីភ្នំពេញ ៖ វិបត្តិជំងឺកូវីដ ១៩ ដូចជាកង់រទេះអ៊ីចឹង អ្នករងផលប៉ះពាល់មានគ្រប់មជ្ឈដ្ឋាន យើងបានស្តាប់ទុក្ខលំបាក ការត្អូញត្អែររបស់ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋានដែលប្រកបរបរ អាជីវកម្មផ្សេងៗគ្នា មិនថាក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច និងនៅទីក្រុង ឬជនបទ ជាហូរហែមកហើយ ។ នៅពេលនេះ អ្នក រកទទួលទានខាងសម្អាងចូលមករៀបរាបប្រាប់ «លុយ» ថា របរគាត់សឹងតែដាច់បាយមិនខុសពីរបរនានានោះទេ ។

កញ្ញា ណេរ សុខនា ម្ចាស់សម្អាងការមួយបាននិយាយឲ្យដឹងថា ចាប់តាំងពីមានវត្តមានជំងឺកូវីដមក ការជួលសម្អាងការមានការថយចុះខ្លំាង ហើយទោះ ជាមានអ្នករៀបមង្គលការក៍គេបានបង្រួមកម្មវិធីមកតូចៗដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ ១៩ ដូច្នេះការតុបតែងខ្លួនឲ្យកូនកំលោះកូនក្រមុំ មានតិចធ្វើឲ្យតម្លៃសម្អាងការបានបញ្ចុះតម្លៃទៅតាមកម្មវិធីនោះដែរ ។

សុខនា ដែលប្រកបរបរសម្អាងការនៅស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់ឲ្យដឹងថា នៅមុនផ្ទុះជំងឺកូវីដ ១៩ សម្អាងការរបស់កញ្ញា ក្នុងមួយខែៗមានភ្ញៀវមកជួលពី ១០ ទៅ ១៥ រោង តែឥឡូវច្រើនបំផុត ៥ រោង ។ «ឥឡូវនេះផ្តើមមាន ពិធីមង្គលការខ្លះៗ តែគេបានបម្រួបមកធ្វើជាលក្ខណៈតូចតាចមានសមាជិកគ្រួសារសងខាងចូលរួមប៉ុណ្ណោះ ដើម្បីការពារជំងឺកូវីដ ១៩ ។ មុនមានកូវីដក្នុងមួយរោងសម្អាងការខ្ញុំមានតម្លៃ ៨៥០ ដុល្លារ ដល់ពេលកម្មវិធីកាត់ៗឥឡូវបានថ្លៃត្រឹមតម្លៃ ៣០០ ដុល្លាប៉ុណ្ណោះក្នុងមួយរោង» ។

អ្នកដែលមានគ្រួសារចាប់របរសម្អាងការជាង ២០ ឆ្នាំមកហើយ ខាងលើនេះ បានបញ្ជាក់ថា កាលពីមុនមិនទាន់មានកូវីដ ១៩ ចំណូលលើរបរនេះបានគួរសមដោយក្នុងមួយរោង បន្ទាប់ពីទូទាត់លើការចំណាយផ្សេងៗ ដូចជាឲ្យថ្លៃកូនជាង សំណាយលើទិញផ្កានិងសម្ភារៈនានាអស់ហើយនោះ អាច សល់ ៥០០ ដុល្លារប៉ុន្តែឥឡូវធ្លាក់ចុះជាខ្លំាង ។ សុខនា និយាយជាមួយការហួសចិត្តថា «បើនៅតែបែបនេះ ប្រាកដជាស្ងួតឆ្នាំងហើយ» ។

ជាការកត់សម្គាល់ពិធីរៀបអាពាហ៍ពិពាហ៍ជាកម្មវិធីមួយដែលអាជ្ញាធរបានហាមដោយសារមានការជួបជុំមនុស្សច្រើន ប្រឈមការឆ្លងកូវីដ ១៩ ខ្ពស់ ។ គ្រាន់តែការផ្អាកពិធីមង្គលការមួយមានអ្នករកទទួលទានច្រើនប្រភេទដែលពាក់ព័ន្ធនៅក្នុងពិធីនេះដូចជាចុងភៅ សម្អាងការនេះ ក្រុមតន្រ្តីសម័យបុរាណ អ្នកថតរូប អ្នកលក់ផ្លែឈើ ត្រី សាច់រហូតដល់លោកតាអាចារ្យ បានរងផលប៉ះពាល់ទំាងអស់គ្នា ។

កម្ពុជាបានកំពុងឈានទៅរកការបើកសកម្មភាពសេដ្ឋកិច្ចបណ្តើរៗហើយនៅពេលនេះ ក្រោយពីរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សំាងបានយ៉ាងតិចដល់ពលរដ្ឋប្រមាណ ១០ លាននាក់ហើយមកដល់ពេលនេះ ។ កុមារអាយុពី ៦ ឆ្នាំដល់ ១២ ឆ្នាំទើបត្រូវបានប្រកាសឲ្យទទួលវ៉ាក់សំាងបន្តទៀតបន្ទាប់ពីមនុស្សចាប់ពី ១២ ឆ្នាំឡើងទៅបានទទួលវ៉ាក់សំាងនោះ ។ វ៉ាក់សំាងជាមធ្យោបាយសំខាន់មួយនៅក្នុងទប់ទល់នឹងជំងឺកូវីដ ១៩ តាមរយៈការបង្កើតឲ្យមានភាពសុំាសហគមន៍ ។ យុទ្ធនាការវ៉ាកសំាងបានធ្វើឲ្យកម្ពុជាផ្តើមបើកសាលារៀនឡើងវិញជាបណ្តើរៗ ចាប់ពីថ្ងៃទី ១៥ កញ្ញាមក ៕ ដោយ ៖ ម៉ុន ចាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ