ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារឡើងថ្លៃ អ្នកមានចំណូលប្រាក់រៀលត្អូញខាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយរយៈនេះប្រាក់ដុល្លារបានឡើងថ្លៃដែលធ្វើពលរដ្ឋដែលមានប្រាក់បៀវត្ស ឬចំណូលជាប្រាក់រៀលមានការខាតបង់ ។ ប្រាក់រៀលក្នុងចំនួនច្រើនទិញរបស់បានតិចជាងមុន ដោយសារតែទំនិញលើទីផ្សារភាគច្រើនគិតជាប្រាក់ដុល្លារ ។ កញ្ញា ចម…

រាជធានីភ្នំពេញ ៖ មួយរយៈនេះប្រាក់ដុល្លារបានឡើងថ្លៃដែលធ្វើពលរដ្ឋដែលមានប្រាក់បៀវត្ស ឬចំណូលជាប្រាក់រៀលមានការខាតបង់ ។ ប្រាក់រៀលក្នុងចំនួនច្រើនទិញរបស់បានតិចជាងមុន ដោយសារតែទំនិញលើទីផ្សារភាគច្រើនគិតជាប្រាក់ដុល្លារ ។

កញ្ញា ចម ជាគ្រូបង្រៀនម្នាក់បានរៀបរាប់ថា ការកើនឡើងខ្ពស់នៃតម្លៃប្រាក់ដុល្លារ បានធ្វើឱ្យខ្លួនមានការខាតបង់ច្រើន ដោយសារតែការចំណាយប្រចាំថ្ងៃភាគច្រើនគេគិតជាលុយដុល្លារ ចំណែកប្រាក់បៀរវត្សដែលទទួលបាន គឺជាលុយខ្មែរដូច្នេះតម្រូវឱ្យកញ្ញាខាតបង់ទៅលើការបន្ថែមទឹក ។ «មិនថា ទំនិញតាមប្រព័ន្ធអនឡាញ ឬទំនិញដែលទិញដល់ដៃផ្ទាល់ ជាពិសេសគឺទំនិញនៅក្នុងផ្សារទំនើប គឺគេគិតជាដុល្លារទាំងអស់» ។

ជាមន្ត្រីប៉ូលីសនារីម្នាក់ដោយនិយាយសុំមិនឲ្យបញ្ចេញឈ្មោះ គាត់បានត្អូញដូចអ្នកគ្រូខាងលើដែល ដោយសារគាត់ទទួលប្រាក់បៀវត្សជាប្រាក់រៀលដែរ ។ មន្រ្តីប៉ូលីសរូបនោះបញ្ជាក់ថា ជាធម្មជាតិយកលុយរៀលទៅទិញទំនិញអ្វីក៍គិតកន្ទុយដែល មិនបួនពាន់រៀលមួយដុល្លារនោះទេ កន្លែងខ្លះយកបួនពាន់មួយរយ កន្លែងខ្លះយកបួនពាន់ពីររយ ។ «គេគិតកន្ទុយ មិនថាមស្លៀកបំពាក់ គ្រឿងក្រអូប​ ឬទំនិញផ្សេងៗទៀត ។ នៅខ្មែរយើងគេឱ្យតម្លៃទៅលើ លុយដុល្លារខ្លាំង គេមិនសូវឱ្យតម្លៃលុយរៀលទេ ព្រោះអីលុយដុល្លារមានតម្លៃថ្លៃ» ។

អ្នកស្រី សោភ័ស ពលរដ្ឋនៅខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជារៀងរាល់ខែនៅពេលដែលបើកលុយពីរោងចក្រ ខ្លួនតែងតែដកលុយដុល្លារទុកសម្រាប់បង់ធនាគារ ព្រោះក្នុងការបង់ប្រាក់ ខាងធនាគារគេមិនទទួលលុយខ្មែរទេ អ៊ីចឹងខ្លួននឹងខាតទឹកបើគ្មានលុយជាដុល្លារ ។ «ខែខ្លះនៅពេលដែលចាយលុយដុល្លារអស់ ខ្ញុំត្រូវយកលុយខ្មែរ ទៅដូរយកដុល្លារ ដើម្បីបង់ធនាគារ» ។

ស្រដៀងគ្នានេះ លោក ម៉ានី មន្រ្តីរាជការម្នាក់ទៀតនៅភ្នំពេញ បានលើកឡើងថា ប្រាក់ដុល្លារឡើងថ្លៃធ្វើឲ្យអ្នកមានប្រាក់ខែជាប្រាក់រៀលពិសេស មន្រ្តីរាជការនោះកាន់តែលំបាក លំបាកធ្វើឲ្យការចំណាយកើនឡើង ។ «សម្រាប់ខ្ញុំមិននិយាយថា ដល់ការឡើងថ្លៃទំនិញនោះទេ ។ និយាយតែរឿង បង់ធនាគារ ខ្ញុំត្រូវបង់ធនាគារ ៣០០ ដុល្លាររៀលរាល់ខែ កាលពីមុខប្រាក់ខែជាង ១ លានរៀលអាចដូរបាន ៣០០ ដុល្លារ តែឥឡូវអត់បានទេទាល់តែថែម លុយក្រៅទៀតទើបគ្រប់នោះហើយជាការលំបាក» ។

កញ្ញា លីលី ពលរដ្ឋលក់សាច់អាំងនៅផ្សារត្រាំខ្នារ ខេត្តតាកែវ បានលើកឡើងថា ការឡើងថ្លៃនៃប្រាក់ដុល្លារគឺមានទាំងផលល្អ និងការខាតបង់ទៅលើពលរដ្ឋ ។ កញ្ញាផ្ទាល់ ដែលមានប្រភពចំណូលជាលុយខ្មែរគឺមានការខាតបង់ច្រើន ។ កញ្ញាបញ្ជាក់ថា “អ្នកដែលសម្បូរលុយដុល្លារ គឺគេត្រេកអរ សប្បាយចិត្តនៅពេលដែលដុល្លារឡើងថ្លៃ ប៉ុន្តែអ្នកដែលធ្លាប់តែចាយលុយខ្មែរ នៅពេលដែលទៅទិញឥវ៉ាន់គេគិតជាដុល្លារ អាហ្នឹងវាខាតវិញ» ។

អត្រាប្តូរប្រាក់ជាផ្លូវការនៃលុយខ្មែរ និងលុយដុល្លារ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ គឺមានចំនួន ៤០៧៩ រៀល ក្នុង ១ ដុល្លារអាមេរិកបង្ហាញដោយធនាគារជាតិ ចំណែកធនាគារផ្សេងទិញចូល ៤ ១១៩ រៀល និងលក់ចេញ ៤ ១៣២ រៀលក្នុងមួយដុល្លារ ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានលើកឡើងពីការគ្រប់គ្រងសម្ពាធអតិផរណានៅកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%) ។ នៅក្នុងខែកញ្ញានេះធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារចំនួនពីរដងម្តង ២០ លានដុល្លារ និងម្តងទៀត ៣០ លានដុល្លារបន្តបន្ទាប់គ្នា ។  មានគ្រឹស្ថានហិរញ្ញវត្ថុ និងអ្នករកស៊ីដូរលុយ ១១ ស្ថាប័នបានចូលរួមដេញថ្លៃ ។ ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារនេះ ត្រូវបានអ្នកជំនាញអះអាងថា ដើម្បីពង្រឹង និងរក្សាស្ថិរភាពដល់អត្រាប្តូរប្រាក់រៀល បង្ការហានិភ័យកើតឡើងជាអតិផរណាចំពោះប្រតិបត្តិការ និងចរាចរណ៍សាច់ប្រាក់នៅកម្ពុជា ៕ ដោយ ៖ លាក់ សារ៉ាយ  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ