ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹក អង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូតកម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយលោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញហើយ គឺសពជនរងគ្រោះ នៅម្តុំជិតកន្លែងដែលទូកលិច ។
លោកឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា ប្រតិបត្តិការស្វែងរកជនគ្រោះ បានធ្វើឡើងចាប់តាំងពីល្ងាច ថ្ងៃម្សិលមិញ បន្តរហូតមកដល់ល្ងាចថ្ងៃ១៥ កញ្ញា ២០២១នេះ ទើបរកសាកសពជនរងគ្រោះឃើញ ដោយបានចលត័អូបរ័ស្វែងរកក្នុងសមុទ្រ និងមុជទឹក បន្តស្វែងរកជនគ្រោះដែលបាត់ខ្លួននោះ ស្របពេលដែលធាតុអាកាស នៅតែមានភ្លៀង ។
សូមបញ្ជាក់ថា មានទូកនេសាទតូចមួយគ្រឿងបានលិច នៅចំណុចចុងអូរ ប្រមាណ១០០ម៉ែត្រ ពីដីគោក ក្នុងសមុទ្រ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ មនុស្សចំនួន ២នាក់នៅលើទូក ត្រូវជាឪពុកនិងកូន ក្នុងនោះពេលទូកលិច ឪពុកឈ្មោះ មាឃ សៀក អាយុ៤៧ឆ្នាំ មុខរបរនេសាទ បានហែលទឹករួច មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែកូនប្រុសឈ្មោះ ស៊នមករា (ហៅឧត្តម) អាយុ១៤ឆ្នាំ បានបាត់ខ្លួន ។ ជនរងគ្រោះទាំងពីរ ជាប្រជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕









ចែករំលែកព័តមាននេះ