ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃនេះថា យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារ-យុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ក៏ប៉ុន្តែទាំងកុមារ-យុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ រួមទាំងអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតែអាចទៅចាក់វ៉ាក់សាំង ដូសទី១ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដែលនៅជិតលំនៅដ្ឋាន ឬមណ្ឌលសុខភាព ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
កន្លែងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលនៅតែបើកទទួលអ្នកចាក់វ៉ាក់សាំង ដូសទី១ រួមមាន៖ ១-មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ២-មន្ទីរពេទ្យបង្អែកចតុមុខ ៣-មន្ទីរពេទ្យបង្អែកដង្កោ ៤-មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៥-មន្ទីរពេទ្យបង្អែកច្បារអំពៅ ៦-មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៧-មន្ទីរពេទ្យបង្អែកព្រែកព្នៅ និង៨-មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ចំពោះប្រជាពលរដ្ឋ មានអាយុចាប់ពី ១៨ឆ្នាំឡើង និងកុមារ-យុវវ័យ មានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលទទួលវ៉ាក់សាំង ដូសទី១ រួចរាល់ហើយ ក្នុងអំឡុងពេលយុទ្ធនាការ នាពេលកន្លងមក សូមបងប្អូនប្រជាពលរដ្ឋ និងមាតាបិតា-អាណាព្យាបាល មេត្តារួសរាន់អញ្ជើញមក ឬនាំយកបុត្រធីតាលោកអ្នក មកទទួលវ៉ាក់សាំង ដូសទី២ រៀងរាល់ម៉ោង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល តាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំង ដែលបានអញ្ជើញមកទទួលវ៉ាក់សាំង ដូសទី១ នាពេលកន្លងមក។
រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះ នៅភ្នំពេញ ដំណើរការចាក់វ៉ាក់សាំង កូវីដ១៩ ជូនប្រជាពលរដ្ឋ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យ មានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចបានស្ទើរតែ ១០០% ហើយ៕
ចែករំលែកព័តមាននេះ