កូរ៉េខាងជើង បា.ញ់មីស៊ីលផ្លោង ២គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន
ទីក្រុងសេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ចំនួន ២ គ្រាប់ ឆ្លងកាត់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ជាការសាកល្បងមីស៊ីលផ្លោង…
ទីក្រុងសេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ចំនួន ២ គ្រាប់ ឆ្លងកាត់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ជាការសាកល្បងមីស៊ីលផ្លោង…
ទីក្រុងសេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ចំនួន ២ គ្រាប់ ឆ្លងកាត់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ជាការសាកល្បងមីស៊ីលផ្លោង ដែលរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នេះបើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី១៥ កញ្ញា ២០២១នេះ ។
ប៉ុន្មានថ្ងៃមុននេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយថ្មីមួយ ដោយការបាញ់បង្ហោះថ្មីៗនេះបង្ហាញថា កូរ៉េខាងជើង បានបន្តអភិវឌ្ឍន៍អាវុធរបស់ខ្លួន បើទោះបីមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ ។
ក្រុមអ្នកជំនាញនិយាយថា កូរ៉េខាងជើងធ្វើតេស្តបែបនេះ ដើម្បីកែលម្អបច្ចេកវិទ្យារបស់ខ្លួន ខណៈកំពុងព្យាយាមបង្កើនអានុភាពក្នុងការចរចាជាមួយអាមេរិក ។
អាមេរិកចង់ ឲ្យកូរ៉េខាងជើង បោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃពុធនេះថា មីស៊ីលរយៈចម្ងាយខ្លី បានហោះក្នុងចម្ងាយប្រហែល ៨០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមា ៦០គីឡូម៉ែត្រ ហើយត្រូវបានបាញ់ចេញពីតំបន់ភាគកណ្តាល នៃប្រទេសកូរ៉េខាងជើង។
JCS បានបន្ថែមថា មីស៊ីលនោះ បានហោះឆ្ពោះទៅសមុទ្រជប៉ុន ។ កូរ៉េខាងត្បូង និងអាមេរិក កំពុងធ្វើការវិភាគ ដើម្បីកំណត់ថា តើមីស៊ីលប្រភេទណា ត្រូវបានប្រើប្រាស់ ។
បញ្ជាការដ្ឋាន ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិក ក៏បាននិយាយថា មីស៊ីលទាំងនោះ មិនបង្កការគំរាមកំហែងភ្លាមៗ ដល់កងទ័ពនិងទឹកដី ឬសម្ព័ន្ធមិត្តរបស់អាមេរិកឡើយ ប៉ុន្តែពួកគេបានគូសបញ្ជាក់ពីផលប៉ះពាល់អស្ថិរភាព នៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានហៅការបាញ់បង្ហោះនេះថា ជារឿងហួសចិត្ត ដោយលោកនិយាយថា វាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។
ការបាញ់បង្ហោះរបស់កូរ៉េខាងជើង បានប៉ុន្មានម៉ោងក្រោយមក ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា លោកប្រធានាធិបតី មូន ចេអ៊ីន បានចូលរួមក្នុងការសាកល្បងមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹក ជាលើកដំបូងរបស់ខ្លួន វាធ្វើឲ្យកូរ៉េខាងត្បូង ក្លាយជាប្រទេសទី៧ នៅលើពិភពលោក ដែលមានបច្ចេកវិទ្យាបែបនេះ ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បាននិយាយបន្ទាប់ពីការសាកល្បងនេះថា កូរ៉េខាងត្បូងមាន “សមត្ថភាពទប់ស្កាត់គ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង នៅពេលណាមួយ” ។
មុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ជុង អ៊ីយយ៉ុង នៅទីក្រុងសេអ៊ូល ហើយលោកបាននិយាយថា គ្រប់ភាគីទាំងអស់ គួរតែធ្វើការ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ។
លោកបានមានប្រសាសន៍ថា “មិនត្រឹមតែប្រទេសកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដទៃទៀត កំពុងធ្វើសកម្មភាពយោធា” ។ យើងទាំងអស់គ្នា គួរតែខិតខំប្រឹងប្រែង ក្នុងរបៀបមួយ ដែលអាចជួយបន្តការសន្ទនាឡើងវិញ ។
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានហាមឃាត់កូរ៉េខាងជើង មិនឲ្យធ្វើតេស្តជាមួយមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារកុំអោយកូរ៉េខាងជើងបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
មីស៊ីលផ្លោង ត្រូវបានចាត់ថ្នាក់ តាមរយៈចម្ងាយរបស់វា ដែលមីស៊ីលអាចធ្វើដំណើរបានចម្ងាយឆ្ងាយជាងគេ គឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ។
កន្លងមក កូរ៉េខាងជើង បានធ្វើតេស្ត ICBM ដែលមានសមត្ថភាព អាចទៅដល់ស្ទើរតែទាំងអស់ នៅតំបន់អឺរ៉ុបខាងលិច និងប្រហែលពាក់កណ្តាល នៃដីគោករបស់សហរដ្ឋអាមេរិក ។
កាលពីចុងសប្តាហ៍មុន ទីក្រុងព្យុងយ៉ាង ក៏បាននិយាយដែរថា ខ្លួនបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ប្រទេសជប៉ុន ដោយហៅវាថា ជាអាវុធយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់យ៉ាងខ្លាំង ។ ដោយអ្នកជំនាញនិយាយថា វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
ប្រទេសកូរ៉េខាងជើង កំពុងប្រឈមមុខនឹងការខ្វះស្បៀងអាហារ ហើយបានចំណាយពេលជាងមួយឆ្នាំនៅឯកោ ។ កូរ៉េខាងជើង ក៏បានកាត់ផ្តាច់ពាណិជ្ជកម្មភាគច្រើន ជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួន ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោក Leif-Eric Easley សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Ewha Womans នៅទីក្រុងសេអ៊ូល បាននិយាយថា “ទោះបីជាមានការដាក់កំហិត គ្រប់គ្រងការរាតត្បាតក្នុងប្រទេសខ្លួនក៏ដោយ ក៏កូរ៉េខាងជើង នៅតែបន្តផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មយោធា” ។
កាលពីខែមីនា ឆ្នាំ២០២០ ទីក្រុងព្យុងយ៉ាង បានប្រឆាំងនឹងទណ្ឌកម្ម ហើយបានសាកល្បងមីស៊ីលផ្លោង ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាកអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ។
ហើយកាលពីខែមុន ទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រ ដែលអាចផលិតផ្លាតូនីញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ ៕
ចែករំលែកព័តមាននេះ