ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំាងសិស្ស និងគ្រូ សប្បាយចិត្តបានជួបមុខគ្នាក្នុងថ្នាក់ឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញបានបើកដំណើរការសិក្សាឡើងវិញនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។…

រាជធានីភ្នំពេញ ៖ សាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញបានបើកដំណើរការសិក្សាឡើងវិញនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។ សិស្សានុសិស្សដែលមានឯកសណ្ឋានអាវស ខោ ឬសំពត់ខ្មៅ ខៀវ បានស្ពាយកាតាបដាក់សម្ភារសិក្សាវិលទៅថ្នាក់រៀនរបស់ខ្លួនវិញដោយរីករាយ បន្ទាប់ពីរៀនខាន រៀនខានប្រមាណជិត ២ ឆ្នាំមកនោះ ។

 ចាន់ វាសនា ជាសិស្សទី ១២ បានបង្ហាញពីក្ដីរីករាយដែលបានចូលរៀនវិញ ។ វាសនាបញ្ជាក់ថា ខ្លួនបានចាក់វ៉ាក់សំាងការពារជំងឺកូវីដ ១៩ ចំនួនពីរដូសរួចហើយ ។ សិស្សដែលត្រូវប្រឡងសញ្ញាមធ្យមសិក្សាក្នុងឆ្នាំនេះផង បាននិយាយថា ការសិក្សាពីចម្ងាយនៅផ្ទះយូរហើយ ទើបតែបានចូលរៀនវិញ មានអារម្មណ៍ថា សប្បាយចិត្តណាស់ដែលជួបមុខមិត្តភ័ក្តិ និងអ្នកគ្រូ លោកគ្រូឡើងវិញ ។

សិស្សម្នាក់ទៀត ដែលរៀននៅក្នុងវិទ្យាល័យជាមួយវាសនាក្នុងខណ្ឌកំបូល ដែលបានបង្ហាញពីអារម្មណ៍សប្បាយដូចគ្នាបានបញ្ជាក់ថា «សម្រាប់ខ្ញុំ ខ្ញុំចង់រៀនផ្ទាល់ច្រើនជាង ព្រោះអីរៀនផ្ទាល់វាស្រួលជាងរៀនតាមអនឡាញ ព្រោះអនឡាញពេលខ្លះសេវាអ៉ីនធឺណេតយឺត ពិបាករៀន រៀនពិបានសូរនាំគ្រូឲ្យច្បាស់លាស់ ។ ដោយសារខ្ញុំជាឆ្នាំត្រូវប្រឡងបាក់ឌុបផង ការសិក្សាផ្ទាល់សំខាន់ណាស់» ។

ការបើកសាលារៀនឡើងវិញនេះ បានតម្រូវឱ្យសាលារៀននីមួយៗ ត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ជាពិសេសសិស្សត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ ។

លោក ហង់ជួន ណារ៉ុន បានណែនាំឲ្យមន្ទីរអប់រំទាំងអស់ ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានីខេត្ត ក្នុងការជ្រើសរើស និងវាយតម្លៃលើសាលាមេត្តយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ ដោយត្រូវបង្កើតគណៈកម្មការគ្រប់គ្រង និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ។ លោករដ្ឋមន្រ្តីបានណែនាំឲ្យគ្រឹះស្ថានសិក្សានីមួយៗ ត្រូវបែងចែកគ្រូបង្រៀនក្នុងថ្នាក់ផ្សេង និងគ្រូបង្រៀននៅតាមបណ្ដុំផ្សេង ។ 

នៅក្នុងថ្ងៃបើកសាលារៀនឡើងវិញនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យដល់សាលាមួយចំនួនដោយផ្ទាល់ដែរ ។ លោកបានបញ្ជាក់ថា ចំពោះគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ប្រភពពីសាលារាជធានីភ្នំពេញថា មានសាលារៀនដែលត្រូវបើកទ្វារឡើងវិញនៅថ្ងៃនេះ មានជាង ២០០ កន្លែង ។ ក្នុងដំណើរការបើកសាលារៀនឡើងវិញនេះ ក្រសួងអប់រំ យុវជននិងកីឡា ពុំទាន់អនុញ្ញាតឲ្យមានការលក់ដូរនំចំណី អាហារ និងសកម្មភាពហាត់កីឡានៅតាមសាលារៀននៅឡើយទេ ។ ចំណែកសាលាឯកជនមួយចំនួនវិញអះអាងថា ខ្លួនបានកំពុងរៀបចំឲ្យមានការសិក្សាចម្រុះ គឺរៀននៅក្នុងថ្នាក់ផង និងស្រុកតាមអនឡាញផង ដើម្បីបញ្ចៀសហានិភ័យការឆ្លងរាលដាលជំងឺកូវីដ ១៩ ៕ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ