ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុញរទេះលក់នំគូឆាយ ហាលភ្លៀង ហាលថ្ងៃ អាចរកចំណូល ៣ ទៅ ៤ ម៉ឺនរៀលមួយថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មេឃភ្លៀងរលឹមស្រិចៗ ការលក់នំគូឆាយតាមរទេះដាច់ជាងពេលធម្មតា ។ នេះជាការបញ្ជាក់ពីអ្នកអូសរទេះនំគូឆាយលក់តាមដងផ្លូវម្នាក់ ។ ស្តាប់គាត់មួយភ្លែតដូចជាចម្លែកពីព្រោះមានរបរមួយចំនួនបានខាតបង់ ឬលក់មិនដាច់ បាត់ភ្ញៀវនៅពេលមានភ្លៀងធ្លាក់នោះ…

រាជធានីភ្នំពេញ ៖ មេឃភ្លៀងរលឹមស្រិចៗ ការលក់នំគូឆាយតាមរទេះដាច់ជាងពេលធម្មតា ។ នេះជាការបញ្ជាក់ពីអ្នកអូសរទេះនំគូឆាយលក់តាមដងផ្លូវម្នាក់ ។ ស្តាប់គាត់មួយភ្លែតដូចជាចម្លែកពីព្រោះមានរបរមួយចំនួនបានខាតបង់ ឬលក់មិនដាច់ បាត់ភ្ញៀវនៅពេលមានភ្លៀងធ្លាក់នោះ ។ លោក ខេមរិន អាយុ ២៦ ឆ្នាំ មកពីខេត្តតាកែវ លោកបានចាប់របរលក់នំគូឆាយជិតពីរឆ្នាំហើយសម្រាប់ជីវភាពគ្រួសារ ។ លោក រុញរទេះដោយថ្មើរជើងចេញពីផ្ទះ ក្រោយសាលាសាមគ្គី មកឈប់លក់នំម្ដុំផ្សារទឹកថ្លា ហើយបន្តលក់ដល់ចំណុចស្ពានដីហ៊ុយ ជាប្រចាំ ។ អ្នកធ្លាប់ឆ្លងកាត់ទីនោះអាចជួបលោក ជួនកាលជាម៉ូយទទួលទាននំគូឆាយរបស់លោក ខេមរិន ទៀតផង ។ 

ឆ្លងតាមបទពិសោធន៍លក់តាមដងផ្លូវមួយរយៈមកនេះបុរសវ័យ ២៦ ឆ្នាំរូបនេះ កត់សម្គាល់ថានៅពេលមេឃភ្លៀងរលឹមស្រិចៗការលក់ដូររបស់លោក កើនចំនួន និងឆាប់អស់ ។ «មេឃភ្លៀងរលឹមស្រិចៗ អាកាសធាតុត្រជាក់ ធ្វើឱ្យអ្នកដំណើរតាមផ្លូវឈប់មកទទួលទាននំគូឆាយក្តៅ» លោក ឈូក ខេមរិន ដែលកំពុងបណ្ដើរទេះលក់បានរៀបរាប់ឲ្យដឹង ។ លោកបានបន្តថា ជាទូទៅការលក់ដូរមិនទៀងទេ ពេលខ្លះលក់អស់ ពេលខ្លះទៀតលក់មិនសូវដាច់ ។ 

ដៃកាន់វែកប្រែនំបណ្ដើរនិយាយបណ្ដើរថា បើមានភ្លៀងតិចៗ លោកលក់ដាច់ មានភ្ញៀវឈប់តិចច្រើន ជាបន្តបន្ទាប់ដោយសារនំគូឆាយ ចម្អិនភ្លាមៗក្ដៅៗ ស្របនឹងអាកាសធាតុត្រជាក់ រលឹមស្រិចៗធ្វើឱ្យអ្នកដំណើរគ្រប់វ័យទាំងចាស់ក្មេងចូលចិត្តទទួលទាន ។ ប៉ុន្តែបើថ្ងៃក្ដៅ មិនសូវជាលក់ដាច់ព្រោះគ្មានភ្ញៀវ គ្មានអ្នកដំណើរ រហូតដល់ម៉ោងប្រហែល ៤ រសៀលទើបឃើញមានភ្ញៀវមកមួយៗ ។ 

លោក ខេមរិន តែងតែចាប់ផ្ដើមធ្វើនំចាប់ពីម៉ោង ៦ ព្រឹក មុនបាននាំមកលក់ មានការងារជាច្រើនដែលលោកត្រូវធ្វើផ្ទះ ដូចជាលាយគ្រឿងផ្សំ ចំហុយ នំ ។ ជាប្រចំាថ្ងៃលោកធ្វើនំគូឆាយ ៨០ គ្រាប់លក់ប្រចំាថ្ងៃ ។ លោកចេញដំណើរដើរលក់នំនៅម៉ោង ២ ដោយត្រូវរុញបណ្ដើរដោយកម្លំាង យឺតៗលក់នំរហូតដល់ម៉ោង ៦ យប់ ទើបបានចូលផ្ទះ ។ បើសិនជាសល់នំគាត់នឹងបន្តលក់ដល់ម៉ោង ៩ យប់ ។

«នំគូឆាយ ១ គ្រាប់ ថ្លៃ ១ ពាន់រៀល ។ ចំណូលបានមកពីការលក់មិនទៀងឡើយ បើលក់អស់ ៨០ គ្រាប់នោះបាន ៨ ម៉ឺនរៀល ទូទាត់ថ្លៃគ្រឿងផ្សំ វត្ថុធាតុធ្វើនំ អាចចំណេញបានតែ ៣ ទៅ ៤ ម៉ឺនរៀលក្នុងមួយថ្ងៃ» លោក ខេមរិន និយាយមួយៗ ។ លោកថា គ្រួសារដែលមានកូន និងប្រពន្ធ គ្មានចំណូលអ្វីធំដំក្រៅពីរបរលក់នំគូឆាយនេះទេ ។ លោកថា មុនពេលអូសរទេះលក់នំ លោកធ្វើជាកម្មករសំណង់ ធ្វើមួយថ្ងៃ រស់មួយថ្ងៃ ពេលមានការងារធ្វើបានលុយ ពេលអត់មានធ្វើគ្មានលុយទិញបានហូប ទើបងាកធ្វើនំគូឆាយលក់វិញគ្រាន់ប្រសើរបន្តិច ៕ ដោយ ៖ ខៀវ ដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ