ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ដល់​សេដ្ឋកិច្ចជាតិ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចរាចរ​រូបិយប័ណ្ណ​បរទេស​នៅ​កម្ពុជា ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ស្ទើរតែ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ទន្ទឹម​នឹង​ការ​ចរាចរ​រូបិយប័ណ្ណ​បរទេស​នេះ នាំ​ឲ្យ​មានគុណ​សម្បត្តិ

រាជធានី​ភ្នំពេញ ៖ ការ​ចរាចរ​រូបិយប័ណ្ណ​បរទេស​នៅ​កម្ពុជា ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ស្ទើរតែ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ទន្ទឹម​នឹង​ការ​ចរាចរ​រូបិយប័ណ្ណ​បរទេស​នេះ នាំ​ឲ្យ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចជាតិ ?

ទាក់ទង​នឹង​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​ដុល្លារ បើ​តាម​របាយការណ៍​ស្តី​ពី​ការ​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​នូវ​គុណសម្បត្តិ​ដូច​ខាងក្រោម ៖

១-​ដុល្លា​រូប​នី​យ​កម្ម អាច​ជួយ​ទប់ស្កាត់​លំហូរ​ចេញ​នៃ​ដើមទុន និង​ជំរុញ​ការ​លើកទឹកចិត្ត​ដល់​សាធារណជន​ក្នុង​ការ​សន្សំ​ប្រាក់​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​ពួក​គេ​មិន​ប្រឈម​នឹង​ហានិភ័យ​អត្រា​ប្ដូរ​ប្រាក់ ។ ជា​លទ្ធផល ប្រាក់​ប​ញ្ញី​ជា​រូបិយប័ណ្ណ​បាន​កើនឡើង​ប្រមាណ​៨២​ដង ពោល​គឺ​ជិត​២៣៣​ពាន់​លាន​រៀល​នៅ​ដំណាច់ឆ្នាំ​១៩៩៤ មក​១៩.១៤១​ពាន់​លាន​រៀល​នៅ​ដំណាច់ឆ្នាំ​២០១១ ។

២-​ដុល្លា​រូប​នី​យ​កម្ម អាច​ជា​កត្តា​ជួយ​ការពារ​ប្រទេស​កម្ពុជា​ពី​ការ​រីក​រាលដាល​នៃ​វិបត្តិ​រូបិយ​វត្ថុ​នៅ​អាស៊ី​នា​ឆ្នាំ​១៩៩៧ និង​ជួយ​រក្សា​ជំនឿ​ទុកចិត្ត​អ្នក​វិនិយោគ​ក្នុង​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​អាស៊ី​ជា​ច្រើន​បាន​ទទួល​រង​គ្រោះ​ពី​វិបត្តិ​នេះ ។ ទន្ទឹម​នឹង​ការ​អនុវត្ត​របប​ប្តូរ​ប្រាក់​អណ្ដែត ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បរិស្ថាន​ដែល​មាន​ខឿនសេដ្ឋកិច្ច​នៅ​តូច ហើយ​វិស័យ​ធនាគារ​ក៏​មាន​ទំហំ​តូច​នៅឡើយ រីឯ​ទីផ្សារ​ហ៊ុន​ក៏​ពុំ​ទាន់​មាន ។ ដូចនេះ គុណសម្បត្តិ​ចំណុច​នេះ​អាច​នឹង​ពុំ​ទទួល​បាន​ឡើយ ប្រសិនបើ​សេដ្ឋកិច្ច​កម្ពុជា​មិន​ស្ថិត​ក្នុង​បរិស្ថាន​ដូច​បាន​កត់សម្គាល់​ទេ​នោះ ។

៣-​ដុល្លា​រូប​នី​យ​កម្ម អាច​សម្រួល​ដល់​សមាហរណកម្ម​ពាណិជ្ជ​កម្ពុជា​ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដោយ​មិន​បាន​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​ព្រួយបារម្ភ​នឹង​ហានិភ័យ ដែល​អត្រា​ប្ដូរ​ប្រាក់​នឹង​ជួយ​កាត់​បន្ថយ​ចំណាយ​ពី​ការ​ប្ដូរ​រូបិយប័ណ្ណ ។

ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ នៅ​កម្ពុជា ក៏​មានគុណ​វិបត្តិ​ផង​ដែរ ។ បើ​តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ដុល្លា​រូប​នី​យ​កម្ម បាន​រារាំង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។ ធនាគារជាតិ​នៃ​កម្ពុជា​ពុំ​មាន​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​គ្រប់គ្រាន់ និង​សម​ស្រប​សម្រាប់​សម្រួល​បរិមាណរូបិយវត្ថុ​ក្នុង​សេដ្ឋកិច្ច និង​គ្រប់គ្រង​បរិមាណ​ឥណទាន​នោះ​ទេ ជា​ពិសេស មិន​អាច​ដើរតួ​នាទី​ពេញលេញ​ជា​អ្នក​ឲ្យ​ខ្ចី​ចុង​ក្រោយបង្អស់​សម្រាប់​ធនាគារ​ដែល​ប្រឈម​នឹង​បញ្ហា​សាច់ប្រាក់​ងាយស្រួល ។ ដុល្លា​រូប​នី​យ​កម្ម អាច​ធ្វើ​ឲ្យ​បាត់បង់​និមិត្តរូប​នៃ​អធិបតេយ្យភាព​ប្រទេស ពីព្រោះ​រូបិយ​វត្ថុ​ជាតិ​នៃ​ប្រទេស​នីមួយ​ៗ គឺជា​និមិត្តសញ្ញា​នៃ​អធិបតេយ្យភាព​របស់​ប្រទេស​នោះ ។ ដុល្លា​រូប​នី​យ​កម្ម បាន​ធ្វើ​ប្រទេស​ដែល​ប្រើប្រាស់​ប្រាក់​ដុល្លារ​បាត់បង់​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស់ប្រាក់ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ជា​អ្នក​ទទួល​អត្ថប្រយោជន៍​ពី​ប្រទេស​កម្ពុជា ក្នុង​ការ​បោះពុម្ព​ក្រដាសប្រាក់ ដោយសារ​បរិមាណរូបិយវត្ថុ​ចារិក​ជា​ប្រាក់​ដុល្លារ ត្រូវ​បាន​ប្រជាជន​កម្ពុជា​ប្រើប្រាស់ និង​រក្សា​ទុក ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា លោក ស្រី ច​ន្ធី បាន​លើក​ឡើង​ពី​ចំណុច​ល្អ​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ដូច​ជា ៖
១-​មាន​ភាព​ងាយស្រួល​ដល់​វិនិយោគិន​បរទេស ដែល​ត្រូវ​នាំ​ចូល​នូវ​មូលធន​ដូច​ជា សម្ភារ គ្រឿង​ម៉ាស៊ីន​ផ្សេង​ៗ​មក​វិនិយោគ​សាងសង់​នៅ​ប្រទេស​យើង គឺ​អត់​មានការ​លំបាក​ទេ ពីព្រោះ​គាត់​ទិញ​គ្រឿង​សម្ភារ​ទាំង​អស់នោះ​មក​ជា​ប្រាក់​ដុល្លារ ហើយ​ទូទាត់​ទៅ​វិញ​មាន​ភាព​ងាយស្រួល និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អត្រា​ប្តូរ​ប្រាក់​ថែម​ទៀត ។

២-​ពាក់ព័ន្ធ​នឹង​អត្រា​ប្តូរ​ប្រាក់​មានការ​ប្រែប្រួល​រហូត អុ​ី​ចឹ​ង​ការ​ប្រើប្រាស់​លុយ​រៀល ខាត និង​ចំណេញ វា​មិន​ទៀង ។

៣-​ប្រើ​ដើមទុន​ជា​ដុល្លារ នៅ​ពេល​គាត់​ចង់​បង្វិលប្រាក់​ចំណូល​ទៅ​ប្រទេស​គាត់​វិញ មាន​ភាព​ងាយស្រួល​ពេល​ឆ្លងកាត់​ប្រព័ន្ធ​ធនាគារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​មក​ពី​ក្រៅប្រទេស ។

៤-​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មាន​តម្លៃ​ល្អ គេ​ប្រើប្រាស់​វា​ជា​ទូទៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ភាគច្រើន ព្រោះ​ជា​កញ្ចប់​លុយ​អន្តរជាតិ ។​ល​។

ទាក់ទង​នឹង​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នេះ បើ​តាម​លោក ស្រី ច​ន្ធី បាន​មាន​ប្រសាសន៍​ថា ៖ « សម្រាប់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​យើង​មិន​អាច​ប្រើ​យន្តការ វិធានការ​ប្រើប្រាស់​សាច់ប្រាក់​បាន​ទេ ពីព្រោះ​កាលណា​ចរាចរ​ជា​លុយ​ដុល្លារ រាជរដ្ឋាភិបាល​ពិបាក​គ្រប់គ្រង​ចលនា » ។

បើ​ទោះបីជា​ដុល្លា​រូប​នី​យ​កម្ម​កំពុង​ទទួល​បានការ​ពេញ​និយម​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​យ៉ាងណា​ក៏​ដោយ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​អំពាវនាវ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន ស្ថាប័ន​ជាតិ និង ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​និង​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ផង​ដែរ ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​កម្ពុជា មាន​ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា ។

តាម​ប្រសាសន៍ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជា​៨៣​ភាគរយ ដោយឡែក​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​រៀល​មាន​មិន​ដល់​២០​ភាគរយ​នោះ​ទេ ។ ការ​ប្រើប្រាស់​ប្រាក់​រៀល​គឺ​សម្រាប់​តែ​ការ​ទូទាត់​តម្លៃ​ទំនិញ​តូច​ៗ ហើយ​ភាគច្រើន​គេ​ឃើញ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​តាម​ជនបទ ដោយឡែក​នៅ​តាម​ទីក្រុង និង​ទីប្រជុំ ជន​ធំ​ៗ គេ​ប្រើប្រាស់​ដុល្លារ​ច្រើន ។

យោង​តាម​គេហទំព័រ​ធនាគារជាតិ​នៃ​កម្ពុជា អត្រា​ប្តូរ​ប្រាក់​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​៤០៣២​រៀល ៕