ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាត់ដេរសម្លៀកបំពាក់ស្រ្តីផ្តើមរកចំណូលបានពេលភ្ជុំបិណ្ឌ បុណ្យកឋិនមកដល់នេះ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ របរកាត់ដេរមិនខុសពីអាជីវកម្មផ្សេងៗនោះទេ បានបាត់បង់ចំណូលយ៉ាងច្រើន នៅកំលុងពេលរាតត្បាតជំងឺកូវីដ ១៩ ប្រមាណ ២ ឆ្នាំមកនេះ ប៉ុន្តែឱកាសបុណ្យភ្ជុំបិណ្ឌ…

រាជធានីភ្នំពេញ ៖ របរកាត់ដេរមិនខុសពីអាជីវកម្មផ្សេងៗនោះទេ បានបាត់បង់ចំណូលយ៉ាងច្រើន នៅកំលុងពេលរាតត្បាតជំងឺកូវីដ ១៩ ប្រមាណ ២ ឆ្នាំមកនេះ ប៉ុន្តែឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន កាន់តែខិតចូលមកដល់នេះ អ្នកកាត់ដេរខ្លះបានបង្ហាញក្តីសង្ឃឹមលើមុខរបររបស់ខ្លួនឡើងវិញសម្រាប់ការកាត់សម្លៀកបំពាក់ស្រ្តីតាមប្រពៃណីខ្មែរនោះ ។ 

Picture

អ្នកស្រី ភិន សុភា ដែលបានប្រកបរបរកាត់ដេរសម្លៀកបំពាក់ជាង ២០ ឆ្នាំមកហើយនោះបានបញ្ជាក់ថា ឱកាសបុណ្យភ្ជុំបិណ្ឌជិតមកដល់នេះ កន្លែងកាត់ដេររបស់អ្នកស្រីទទួលបានការកុម្ម៉ង់កាត់សម្លៀកបំពាក់ប្រពៃណីជាតិ បានច្រើនគួរសម ។ មែនទែនទៅចាប់ពីពេលនេះទៅ ហាងកាត់ដេរអ្នកស្រី អាចមានភាពរវល់ខ្លំាង ។ «ស្រ្តីៗអញ្ជើញមកកុម្ម៉ង់សម្លៀកបំពាក់ខ្មែរសម្រាប់ទៅវត្ត ពេលនេះខ្ញុំទទួលបានច្រើនហើយផ្តើមរវល់» នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងកាត់ដេរខាងលើ ។ 

Picture

ពីធិបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យដ៍ធំប្រចំាថ្ងៃរបស់ពលរដ្ឋខ្មែរសម្រាប់ធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋានទៅជាពិសេសនោះ នឹងមកដល់ចាប់ពីថ្ងៃទី ២២ កញ្ញាដល់ថ្ងៃទី ៦ តុលាខាងមុខនេះ ។ នៅក្នុងឱកាសបុណ្យរយៈពេល ១៥ ថ្ងៃនេះ ពលរដ្ឋនឹងអញ្ជើញទៅធ្វើបុណ្យទានតាមវត្តអារាមនានា ។ ប្រពៃណីស្រ្តីភេទតែងតែស្លៀកពាក់អាវពាក់ សំពត់បត់ ជាហូល ឬផាមូង ។ ហូល ផាមូង ត្រូវគេមើលឃើញថាលក់ដាច់នៅក្នុងរដូវបិណ្ឌភ្ជុំបិណ្ឌនេះ ក្រោយពីផុតពិធីបុណ្យភ្ជុំទៅបុណ្យកឋិនទាននឹងចូលមកដល់ជាប់គ្នាទៀតនោះ សុទ្ធសឹងជាឱកាសស្រ្តីខ្មែរត្រូវប្រើប្រាស់សម្លៀកបំពាក់បែបប្រពៃណី ។

Picture

អ្នកស្រី ភិន សុភា ដែលផ្តើមមមាញឹកជាមួយរបរគាត់ចាប់ពីពេលនេះទៅហើយនោះមានក្តីត្រេកអរដែលឆ្នាំនេះគាត់ផ្តើមទទួលបានការកុម្ម៉ង់កាត់ដេរច្រើនជាងឆ្នាំមុន ។ អ្នកស្រីបានបញ្ជាក់ថា កូវីដ ១៩ បានធ្វើឲ្យពិធីបុណ្យ និងមង្គលការអាក់ខាន បានធ្វើឲ្យរបរកាត់ដេរបាត់បង់ចំណូលមួយរយៈមកហើយ ។ 

Picture

ជាការកត់សម្គាល់កាលពីដើមខែកញ្ញានេះ ក្រសួងធម្មការ និងសាសនា បានជូនដំណឹងដល់មន្ទីររបស់ខ្លួនតាមខេត្ត និងគ្រប់វត្តអារាមរៀបចំសម្អាតទីធ្លាសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យទាន នៅក្នុងឱកាសភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននាពេលខាងមុខនោះ ដោយអនុវត្តវិធានការសុខាភិបាល ការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ឲ្យបានខ្ជាប់ខ្ជួន ដូចជាត្រូវរៀបចំកន្លែងធ្វើបុណ្យទាន អាចឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា ត្រូវពាក់ម៉ាស់ មានអាកុលសម្រាប់លាង សម្អាតដៃជាប្រចំាជាដើម ៕ ដោយ ៖ ថាវី

Picture
Picture