ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់គន្លឹះ ​៥ យ៉ាង​ដើម្បី​ការពារ​អាជីវកម្ម​កុំ​ឳ្យ​ដួល​ពេល​កូ​វី​ដ​ ១៩ ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ កូ​វី​ដ ​១៩ បាន​ធ្វើ​ឲ្យ​អ្វី​ៗ​គ្រប់យ៉ាង​មានការ​ផ្លាស់​ប្ដូរ រង​ផល​ប៉ះពាល់​ជា​អ​វិ​ជ្ជ​ច្រើន​ទៅ​លើ​ជិ​វ​ភាព ​និង​អាជីវកម្ម ការ​មុខរបរ​ទទួលទាន​របស់​ប្រជាពលរដ្ឋ ​។ និយាយ​ពី​ការ​ធ្វើ​អាជីវកម្ម​វិញ…

រាជធានីភ្នំពេញ​ ៖ កូ​វី​ដ ​១៩ បាន​ធ្វើ​ឲ្យ​អ្វី​ៗ​គ្រប់យ៉ាង​មានការ​ផ្លាស់​ប្ដូរ រង​ផល​ប៉ះពាល់​ជា​អ​វិ​ជ្ជ​ច្រើន​ទៅ​លើ​ជិ​វ​ភាព ​និង​អាជីវកម្ម ការ​មុខរបរ​ទទួលទាន​របស់​ប្រជាពលរដ្ឋ ​។ និយាយ​ពី​ការ​ធ្វើ​អាជីវកម្ម​វិញ មានមុខ​របរ​មួយ​ចំនួនត្រូវ​បាន​បិទទ្វារ​ឈប់​រកស៊ី ដោយសារ​តែ​អាជី​វករ​មិន​មាន​កញ្ចប់​ថវិកា​ត្រឹមត្រូវ ឬ​គ្រប់គ្រាន់ ជាមួយ​និងការ​មិន​បានត្រៀម​យុទ្ធសាស្ដ្រ​ផ្សេង​ៗ​សម្រាប់​ប្រឈម​មុខជា​មួយ​បញ្ហា​នានា ​។ អ្នកជំនាញ​លើក​ឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ​ម្ចាស់​អាជីវកម្ម មិន​គួរ​ទន់​ទោរ​ទៅ​នឹង​ភាព​លំបាក​នេះ​រហូត​ទុក​ឲ្យ​អាជីវកម្ម​ត្រូវ​ដួល​ទៅ​តាម​យថា កម្ម​នោះ​ទេ ព្រោះ​គ្រប់​បញ្ហា​ទាំងអស់​សុទ្ធតែ​មាននូវ​ដំណោះស្រាយ តែ​អ្នក​ក៏​ត្រូវ​ព្យា យាម​ធ្វើ​វា​ផង​ដែរ ​។

ស្ថាប័ន​សហគ្រិន​ខ្មែរ ដែល​បណ្តុំ​ដោយ​អ្នកជំនួញ បាន​បង្ហាញ​គន្លឹះ ៥ សម្រាប់​ម្ចាស់​អាជីវកម្ម​អនុវត្ដ ក្នុង​ទ្រទ្រង់​អាជីវកម្ម​ខ្លួន​ឲ្យ​ឈរជើង​លើ​ទីផ្សារ​បាន​យូរអង្វែង ពិសេស​សម្រាប់​ទប់​នៅ​ក្នុង​ស្ថានការណ៍​កូ​វី​ដ ​១៩ ​នេះ កុំ​ឲ្យ​ដួល​បាន ​។ សាក​ឈ្វេង​យល់​គន្លឹះ​ទាំង​៥ ​នោះ​ទាំងអស់​គ្នា​ក្រែង​បាន​ផល ​៖

១. ​ត្រួតពិនិត្យ​លំហូរ​សាច់ប្រាក់ ៖ លំហូរ​សាច់ប្រាក់ ប្រៀប​បាន​នឹង​ចរន្ដឈាម​របស់​អាជីវកម្ម​គ្រប់​ធុន វា​ជួយ​សម្រួល​អាជីវករ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នូវ​សុខភាព និង​ដំណើរការ​អាជីវកម្ម​ទាំងមូល ព្រោះ​ប្រសិនបើ​វា​មាន​បញ្ហា អាជីវកម្ម​របស់​អ្នក​ក៏​មាន​បញ្ហា​ដូច​គ្នា​ដែរ​ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​លំហូរ​សាច់ប្រាក់​ក៏​ជា​កត្តា​មួយ​ដាស់តឿន​ស្មារតី​អ្នក​ឲ្យ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​អាច​ស្វែងរក​នូវ​វិធានការ​ភ្លាម​ៗ ដើម្បី​ការពារ និង​អភិវឌ្ឍ​អាជីវកម្ម​នោះ ​។

២. ការ​គ្រប់គ្រង​អ៊ី​វ៉ា​ន់​ក្នុង​ស្តុក ៖ អាជីវករ​អាច​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​ប្រចាំ​នូវ​អីវ៉ាន់​នៅ​ក្នុង​ស្តុក​ឲ្យ​ជាក់លាក់ ដើម្បី​ដឹង​ថា​តើ​អីវ៉ាន់​ប្រភេទ​ណា ដែល​អ្នក​អាច​ធ្វើការ​កាត់​បន្ថយ​បាន កុំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម និង​ការ​បំពេញតម្រូវការ​របស់​អតិថិជន ​។ ដោយ​អ្នក​អាច​កាត់​បន្ថយ​ចំនួន​អីវ៉ាន់​ណាមួយ ដែល​មាន​ចំនួន​ច្រើន ឬ​មិនសូវ​មាន​តម្រូវការ រួច​បង្កើន​នូវ​អីវ៉ាន់​ណាមួយ ដែល​មាន​តម្រូវការ​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ត្រូវ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ​។

៣. ព្យាយាម​រក​ចំណុច​ខ្សោ​ត​កាត់​និង​បន្ថយ​វា ៖ អាជីវករ​គួរ​ធ្វើការ​កត់សម្គាល់​នូវ​ចំណុចខ្សោយ និង​ខ្លាំង​របស់​ខ្លួន តាម​រយៈ​ការ​គាំទ្រ​ពី​អតិថិជន និង​សកម្មភាព​អាជីវកម្ម​ជា​ប្រចាំ ដើម្បី​ងាយស្រួល​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​អាជីវកម្ម​ឲ្យ​ត្រូវ​នឹង​ជំនាញ​ ។ វា​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​ការ​រកស៊ី​នោះ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង ជួយ​អាជីវករ​នៅ​ក្នុង​ការ​បង្កើន​នូវ​គុណភាព​ផលិតផល និង​សេវាកម្ម​ថែម​ទៀត​ផង ​។
៤.​ យកចិត្តទុកដាក់​ជាមួយ​អតិ​ថ​ជន​ចាស់ ៖ នៅ​ខណៈ​ពេល​នេះ វា​នឹង​មាន​ភាព​លំបាក​នៅ​ក្នុង​ការ​រក​អតិថិជន​ថ្មី ដូច្នេះ​កត្តា​សំខាន់ គឺ​ត្រូវ​ព្យាយាម​រក្សា​នូវ​ទំនាក់ទំនង​ល្អ និង​យកចិត្តទុកដាក់​ជាមួយនឹង​អតិថិជន​ចាស់ ដើម្បី​ប្រាកដ​ថា ពួក​គេ​នឹង​បន្ដ​គាំទ្រ​ផលិតផល​នៃ​អាជីវកម្ម​នោះ ដោយ​មិន​ប្ដូរ​ទៅ​រក​អ្នក​ផ្គត់ផ្គង់​ផ្សេង​ ។ ក្នុង​នោះ អាជីវករ អាច​អនុវត្ត​បាន​ដូច​ជា ការ​សួរសុខទុក្ខ និង​ទាក់ទង​សួរ​អំពី​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ផលិតផល​របស់​អ្នក ឬ​ផ្ដល់​ដំណឹង​អំពី​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​អតិថិជន​ចាស់ ដែល​លើស​ពី​ប្រូ​ម៉ូ​សិន​ធម្មតា ៥ ទៅ ១០ ភាគរយ​ជាដើម​ ។

៥. ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​ឥត​គិតថ្លៃ​ផ្សព្វផ្សាយ ៖ មែនទែន​ទៅ បណ្ដាញ​សង្គម​ដែល​ប្រើប្រាស់​ឥត​គិតថ្លៃ​មាន​ច្រើន​ណាស់​ដែល​គេ​ពេញ​និយម​ប្រើប្រាស់ មាន​ដូច​ជា ហ្វេ​ស​ប៊ុ​ក អ៊ី​ន​ស្តា​ក្រាម ឬ​គេហទំព័រ​សម្រាប់​តាំង​ផលិតផល​លក់​ជាដើម ​។ អ្នក​អាច​ប្រើប្រាស់​វា ជា​ឧបករណ៍​សម្រាប់​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ៗ​ពី​អាជីវកម្ម​របស់​អ្នក ដើម្បី​អាច​ផ្ដល់​ដំណឹង​ទៅ​កាន់​មនុស្ស​បាន​ច្រើន និង​គ្រប់​ទីកន្លែង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ