ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដើរលក់ផលិតផលស្មូនរបស់ខេត្តកំពង់ឆ្នាំងត្អូញពីការលំបាក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ូតូកម្លាំង 150 CC សណ្ដោងកន្ទុយរ៉ឺកម៉ក ១ គ្រឿងមានផ្ទុកផលិតផលធ្វើពីដី ដែលជាស្នាដៃអ្នកខេត្តកំពង់ឆ្នាំង យ៉ាងសំពីងសំពោង…

រាជធានីភ្នំពេញ ៖ ម៉ូតូកម្លាំង 150 CC សណ្ដោងកន្ទុយរ៉ឺកម៉ក ១ គ្រឿងមានផ្ទុកផលិតផលធ្វើពីដី ដែលជាស្នាដៃអ្នកខេត្តកំពង់ឆ្នាំង យ៉ាងសំពីងសំពោង ។ យុវជនអ្នកបើកបរបានបញ្ជាយានជំនិះគាត់ក្នុងល្បឿនយឺតៗ ភ្នែកសំឡឹងឆ្វេងស្តាំ ក្រែងមានពលរដ្ឋហៅទិញរបស់របរដែលគាត់លក់ មានក្អម ឆ្នាំង ថូផ្កា អំបែងនំគ្រក់ កូនជ្រូក ឃ្លោក ដំរី ចង្រ្កាន និងរូបសត្វជាច្រើនទៀតតាមឆ្នាំរបស់មនុស្សទំាង ១២ ។ 

ម៉ូតូសណ្តោងរឺម៉ក ស្នាដៃស្មូនរបស់អ្នកកំពង់ឆ្នាំងបានបើកលើមហាវិថីសហព័ន្ធរុស្ស៊ី ដែលមមាញឹកមានមធ្យោបាយធ្វើដំណើរមិនដាច់ ។ យុវជន ហា សុភ័ក្ត្រ អាយុ ២៣ ឆ្នាំ រស់នៅក្នុងស្រុករលាប្អៀរ កំពង់ឆ្នាំង បានចាប់របរដើរលក់ស្មារដៃស្មូនអ្នកស្រុកខ្លួននេះច្រើនឆ្នាំហើយ ។ «វត្ថុប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ទំាងអស់នេះដែលស្មូនពីដី ជាស្នាដៃអ្នកស្រុករបស់ខ្ញុំ ។ ប៉ុន្តែពុំមែនខ្ញុំចេះធ្វើរបស់ទាំងនេះទេ គឺខ្ញុំបានប្រមូលទិញពីស្រុកដែលជាអ្នកផលិតផ្ទាល់ ហើយដឹកដើរលក់គ្រាន់បានប្រាក់ចំណេញខ្លះផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះខ្ញុំគ្មានមុខរបរអ្វីផ្សេងក្រៅពីនេះទេ» សុភ័ក្រ និយាយ ។

ការលក់ដូររបស់ សុភ័ក្រ្ត មិនកំណត់ទីតំាង តំបន់នោះទេ លោកបើកម៉ូតូលក់គ្រប់ទីកន្លែង ហើយការលក់ផលិតផលដែលអាចប្រើបានយូរថ្ងៃនេះ ខុសពីការលក់ត្រីសាច់ នៅកន្លែងដដែលបាន តែលក់របរនេះត្រូវផ្លាស់ទីថ្មីៗរាល់ថ្ងៃទើបដាច់ ។ ជាមួយការត្អូញថា សម័យកូវីដ ១៩ ពិបាករកស៊ី យុវជន សុភ័ក្ររៀបរាប់ថា ខ្ញុំបើកបររឺម៉កម៉ូតូដឹកវត្ថុនេះដើរលក់ក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រចេញពីខេត្តកំពង់ឆ្នាំងទៅកាន់តាមបណ្ដារាជធានី ខេត្ត ក្រុង នានានៅទូទាំងប្រទេស ។ ពុំមែនតែនៅរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ ថ្ងៃនេះលក់តំបន់នេះថ្ងៃស្អែក ឬថ្ងៃខាន់ស្អែកទៅលក់តំបន់ផ្សេងទៀត ។ ព្រោះរបស់ទាំងនេះពុំមែនជានំចំណីត្រីសាច់ដែលត្រូវការហូបរាល់ថ្ងៃ ហើយចាំបាច់ត្រូវតែទិញហូបដោយខានពុំបាននោះរឡើយ ។ ដូច្នេះត្រូវតែលក់ចល័តប្ដូរទីតាំងថ្មីរហូត បើលក់នៅតែកន្លែងដដែលៗនោះ គឺ ១ ខែពុំទាន់ដាច់អស់ ១ រឺម៉កផងច្បាស់ជាស្ងួតឆ្នាំងមិនខានឡើយ ។

យុវជនមាឌមាំដែលពាក់មួកការពារកម្តៅថ្ងៃ ពាក់ម៉ាសការពារកូវីដ និយាយឲ្យដឹងបន្តថា នៅក្នុងរយៈពេលចន្លោះពី ១០ ទៅ ១៥ ថ្ងៃ ដែលលោកត្រូវចេញពីផ្ទះ ធ្វើដំណើរចល័តគ្រប់កន្លែងលក់របស់ទំាងនេះ អាចនៅសល់ប្រាក់ចំណេញពី ៨០ ម៉ឺនរៀលទៅ ១ លានរៀល ។ «ប្រាក់ចំណេញនេះ លុះត្រាលក់ដាច់អស់សម្ភារៈគ្រប់មុខមួយរឺម៉កនេះតែម្តង ។ ជាទូទៅលក់រយៈពេល ១០ ទៅ ១៥ ថ្ងៃ គឺលក់អស់ទើបខ្ញុំទៅយកទៀត» ។ 

សិប្បកម្មស្មូនឆ្នាំង ក្អម ជាសិល្បមួយប្រភេទដែលបន្សល់ពីបុរាណកាលមក ។ ពលរដ្ឋខ្មែរ ពិសេសអ្នកខេត្តកំពង់ឆ្នាំង បានបន្តថែរក្សាប្រពៃណីស្មូននេះជាមុខរបរនៅក្នុងការចិញ្ចឹមជីវិតរហូតមក ដោយបានច្នៃចេញជាការផលិតរបរបានច្រើនយ៉ាងតាមតម្រូវការអ្នកទិញ លើសពីដើមដែលមានតែ ឆ្នំាង ក្អម នោះ ។ របស់បរដែលផលិតដោយដៃ មានលក្ខណៈសិល្បៈវប្បធម៌ មិនមែនផលិតបានដោយងាយៗនោះទេ ត្រូវមានទំាងគុណភាពដីដែលជាវត្ថុធាតុដើមសំខាន់ ទើបកោសល្យ សិល្ប ការអំណត់ ព្យាបាលក្នុងការស្មូន និងចុងក្រោយមានបច្ចេកទេសក្នុងការដុតទើបរបស់នោះប្រើបានយូរ ។ ស្មាដៃរបស់ខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបានក្លាយជាវត្ថុអនុស្សាវរីយ៍ និងការតំាងលម្អរនៅតាមសណ្ឋាគារ លំនៅឋាន និងរមណីយដ្ឋានធំៗទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ