ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស សម្បត្ដិ ធ្វើ​អោយ​បឹង​កេ​ត បុក​ពោះ​សម្រាប់​លទ្ធផល​រសៀល​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹង​កេ​ត​នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​កំពូល​តារាង​វិសាខា ក្នុង​ជំនួប​បញ្ចប់​ជុំ​ទី​១ របស់​ខ្លួន​នៃ​លី​គ​កំពូល​កម្ពុជា​ហើយ នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ។ ក្នុង​ជំនួប​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹង​កេ​ត​នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​កំពូល​តារាង​វិសាខា ក្នុង​ជំនួប​បញ្ចប់​ជុំ​ទី​១ របស់​ខ្លួន​នៃ​លី​គ​កំពូល​កម្ពុជា​ហើយ នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ។

ក្នុង​ជំនួប​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​នេះ លោក គឹ​ម ភក្ដី គ្រូបង្វឹក​ក្រុម​ជើងឯក ៤​សម័យ ហាក់​មានការ​បារម្ភ បន្ទាប់​ពី​មានការ​ផ្លាស់​ប្ដូរ​កីឡាករ​មួយ​ចំនួន មុន​ជំនួប​ដ៏​សំខាន់​នេះ ពិសេស​ការ​ផ្ទេរ​ខ្សែការពារ​ដ៏​រឹង​មាំ គឺ​ទេស សម្បត្តិ ទៅ​វិសាខា កាលពី​ថ្មី​ៗ ដែល​មាន​ន័យ​ថា កីឡាករ​ដ៏​ខ្លាំង​របស់​ខ្លួន​នឹង​បក​មក​វាយលុក​ជួយ​ក្រុម​គូប្រជែង​វិញ​បែប​នេះ ។

លោក​លើក​ឡើង​ថា «​នេះ​ជា​ការ​ប្រកួត​សំខាន់​ដែល​យើង​ត្រូវ​ធ្វើការ​ខ្លាំង​ក្នុង​ទឹកដី​របស់​យើង ទោះ​យើង​មានការ​ផ្លាស់​ប្តូរ​កីឡាករ​មួយ​ចំនួន ។ វា​ពិត​ណាស់ មានការ​លំបាក​ខ្លះ (​ក្រោយ​ការ​ចាកចេញ​របស់​ខ្សែការពារ ទេស សម្បត្តិ និង​ខ្សែប្រយុទ្ធ​ស៊ែ​ប៊ី Marko Rajkovic ចាកចេញ​មុន​បញ្ចប់​ជុំ​ទី​១) ក៏​ប៉ុន្តែ​កីឡាករ​ផ្សេង​ៗ​ទៀត ពិតជា ចង់​បង្ហាញ​ការ​លេង និង​អាច​រ៉ាប់រង​តួនាទី​ពួក​គាត់​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ។ យើង​តែងតែ​ជឿជាក់​លើ​សមត្ថភាព​របស់​ពួក​គេ​» ។

ម្ចាស់​ពាន​គ្រូបង្វឹក​ឆ្នើម​ឆ្នាំ​២០២០ ដដែល បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​កូនក្រុម​របស់​ខ្លួន និង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​រក្សា​ឱកាស​ប្រជែង​ពាន​លី​គ​កំពូល​កម្ពុជា ពិសេស​ការ​ប្រកួត​រូបមន្ដ​ថ្មី Top-8 នៅ​ជុំ​ទី​២ ។

លោក គឹ​ម ភក្ដី បន្ថែម​ថា «​វា​ច្បាស់​ណាស់​ថា យើង​នឹង​ប្រឹងប្រែង ដើម្បី​មានឱកាស​ប្រកួតប្រជែង​ពានរង្វាន់​ឆ្នាំ​នេះ ប៉ុន្តែ​ទោះ​យ៉ាងណា យើង​រង់ចាំ​មើល​លទ្ធផល​ពេល​ចប់​ការ​ប្រកួត​ទាំងអស់​គ្នា​» ។

គួរ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ទាំង​ពីរ​ចាញ់​ប្រៀប​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​នោះ​វិសាខា ឈរ​កំពូល​តារាង មាន​២៥​ពិន្ទុ ស្មើ​ក្រុម​ឈរ​លេខ​២ ភ្នំពេញ​ក្រោ​ន បន្ទាប់​ពី​ប្រកួត​១១​លើក​ឈ្នះ ៧ និង​ស្មើ​៤ មិន​ទាន់​ស្គាល់​ចាញ់ ខណៈ​បឹង​កេ​ត ឈរ​លេខ​៣ មាន​២៤​ពិន្ទុ ក្រោយ​ប្រកួត​១១​លើក​ដូច​គ្នា ឈ្នះ​៨ និង​ចាញ់​៣ ។

យើង​ចាំ​មើល​ថា តើ​បឹង​កេ​ត ឬ​វិសាខា នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ជំនួប​បិទទ្វារ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រ​វ៉ែ​នេះ ? អ្នកគាំទ្រ​មិន​តិច​ទេ កំពុង​ចាំ​អ៊ុត​លទ្ធផល​នា​រសៀល​នេះ ស្រប​ពេល​អ្នកគាំទ្រ​ក៏​ចង់​ឃើញ​ថា ក្រោយ​មានការ​ផ្លាស់​ប្ដូរ​កីឡាករ តើ​ក្រុម​មួយ​ណា​នឹង​ឈរ​លើ​កំពូល​តារាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ