ពលករខ្មែរ ម្នាក់ចំណាយប្រាក់ ពី ៥០០០បាត ទៅ ៥៥០០បាត ដើម្បីលួចឆ្លងដែន ចូលរកការងារធ្វើនៅថៃ
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ពលករខ្មែរ ចំនួន ៩នាក់ បានចំណាយប្រាក់ ក្នុងម្នាក់ ពី ៥,០០០បាត ទៅ ៥,៥០០បាត…
បន្ទាយមានជ័យ៖ ពលករខ្មែរ ចំនួន ៩នាក់ បានចំណាយប្រាក់ ក្នុងម្នាក់ ពី ៥,០០០បាត ទៅ ៥,៥០០បាត…
បន្ទាយមានជ័យ៖ ពលករខ្មែរ ចំនួន ៩នាក់ បានចំណាយប្រាក់ ក្នុងម្នាក់ ពី ៥,០០០បាត ទៅ ៥,៥០០បាត ស្មើនឹងជាង ១៥០ដុល្លារ ទៅជិត ១៧០ដុល្លារ ដើម្បីឆ្លងដែន ទៅធ្វើការនៅប្រទេសថៃ។ ប៉ុន្តែអ្នកទាំងនោះ ត្រូវបានយោធាថៃឃាត់ខ្លួន កាលពីវេលាម៉ោង ៨ និង ២៤ នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
សមត្ថកិច្ច បានឲ្យដឹងថា មេបញ្ជារការកងកម្លាំងបូរផា ក្នុងប្រទេសថៃ បានបញ្ជាឲ្យកម្លាំងការពារព្រំដែនរឹតបន្តឹង ការលួចឆ្លងដែន ចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ អំឡុងស្ថានការណ៍កូវីដ-១៩ រាត្បាតជាបន្តបន្ទាប់ នៅក្នុងប្រទេសថៃ។ ជាមួយគ្នានោះ សមត្ថកិច្ចទាហានអង្គភាពចំពោះកិច្ច តាប្រាយ៉ា សហការជាមួយកងរយទី៣ និងនគបាលការពារព្រំដែនទី១២ ស្ទាក់ចាប់ពលករខ្មែរ បានចំនួន ៩នាក់ ក្នុងនោះ ប្រុស ៥ និងស្រី ៤នាក់ នៅបរិវេណព្រៃដំឡូងមី ស្ថិតក្នុងភូមិខៅលូកឆាង ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
ប្រភពដដែលបន្ថែមថា ពលករខ្មែរទាំងអស់ បានប្រាប់ថា ពួកគេទៅធ្វើការនៅក្រុងបាងកក ២នាក់ គឺធ្វើការនៅហាងលក់អាហារ និង ៧នាក់ទៀត ទៅធ្វើការនៅខេត្តណៈខនប៉ះធុម គឺការងារសំណង់។ តែពួកគេមិនស្គាល់កន្លែងធ្វើការ ដោយសារមេខ្យល់ ជាអ្នកចាត់បញ្ជូនទៅ តាមកន្លែងធ្វើការផ្សេងៗ។
ក្រោយពីសួរនាំ សមត្ថកិច្ចថៃ បានធ្វើកំណត់ហេតុចាប់ខ្លួន នៅទីបញ្ជាការកងរយទី៣ និងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាលរួចមក ពលករខ្មែរទាំងនោះ ត្រូវបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕ ណុប រក្សា
ចែករំលែកព័តមាននេះ