ឧបករណ៍នេះ មានមុខងារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យផង ក្នុងវង់ភ្លេងមហោរីផង ។ តាមទម្លាប់ពីបរមបុរាណមកបានកំណត់រនាតឯកទៅតាមវង់ភ្លេង គឺរនាតឯកណាដែលប្រើប្រាស់ក្នុងវង់ភ្លេងពិណពាទ្យរនាតឯកនោះ ត្រូវមានសំនៀងទាបជាងរនាតឯក ដែលប្រើប្រាស់ក្នុងវង់ភ្លេងមហោរី១ សំនៀង ដោយយកសំនៀងត្រង់ផ្លែទី១ ជាចំណុចសំគាល់ទាបខ្ពស់។
អ្នកស្រាវជ្រាវពិន្ធុតន្ត្រីវិទ្យាខ្លះយល់ថា ពាក្យថារនាតនេះក្លាយមកពីពាក្យសំស្ក្រឹត raghunâ tha-vinâ ដែលមានតាំងពីដំណាក់កាលដំបូងនៃប្រវត្តិសាស្ត្រកម្ពុជា ។
តាមប្រសាសន៍របស់ឃុនអក្ខរាពិណពាទ្យស៊ូ អិន ក្រុមភ្លេងព្រះរាជទ្រព្យជំនាន់មុនបានប្រាប់តមកលោកឧកញ៉ាមហាធិបតីមាស ឌី ប្រធានក្រុមភ្លេងព្រះរាជទ្រព្យ ហើយឃុន មាសឌី បានមានប្រសាសន៍ក្នុងឆ្នាំ១៩៦៥ថា “ដូនតាយើងឱ្យឈ្មោះឧបករណ៍នេះថា រនាតឯក មកពីរនាតនេះមានទំហំតូច មានសំនៀងខ្ពស់ជាងរនាតមួយទៀត (រនាតធុង) ពាក្យរនាតនេះយារមកពីពាក្យរកនាថ (នាត) ជាពាក្យសំស្ក្រឹត និងបាលីមានន័យថា រកអធិបតី រកម្ចាស់ រកចៅហ្វាយនាយ គេនាំគ្នាហៅរកនាថ គឺសំដៅទៅលើឧបករណ៍រនាតនេះឯងដែលជាឧបករណ៍អធិបតីលើគេ ជាម្ចាស់ ជាចៅហ្វាយលើឧបករណ៍ដទៃ ពីព្រោះតាមតួនាទីរបស់រនាតឯក គឺនៅពេលប្រគំម្តងៗ ឧបករណ៍ដទៃត្រូវតែរឹតសំនៀងតាមរនាតឯកទាំងអស់ យកសំនៀងផ្លែរនាតជាធំ ជាគោល ម៉្យាងទៀត បើរនាតឯកមិនចាប់ផ្តើមចេញបទមុនទេ ឧបករណ៍ដទៃមិនហ៊ានផ្តើមបទឡើយ បើរនាតឯកមិនឱ្យសញ្ញាឈប់ទេ ឧបករណ៍ដទៃក៏មិនហ៊ានឈប់តាមចិត្តដែរ, ឧបករណ៍ទាំងអស់ត្រូវតែគោរពស្តាប់បញ្ជារនាតឯកដាច់ខាត ។ ការលើកតម្កើងរនាតឯកជាអធិបតីក្នុងវង់ភ្លេងនីមួយៗមានតាំងពីបរមបុរាណមក សូម្បីតែអ្នកដែលត្រូវលេងរនាត ក៏ជាអ្នកដែលត្រូវចេះច្រើនជាងគេ ជាមេវង់ភ្លងជាអ្នកសំរេចកិច្ចការធំៗក្នុងវង់ ជាអ្នកដែលត្រូវគេគោរពធ្វើតាម”។
តាមអ្នកស្រាវជ្រាវខ្លះយល់ថា រនាតឯកធ្វើត្រាប់តាមទូកដែលប្រើប្រាស់ក្នុងទន្លេដោយគេសំអាងថា ស្នូករនាតដូចទូកក្នុងទន្លេសុទ្ធសាធ ។ អ្នកខ្លះទៀតយល់ថា ធ្វើត្រាប់តាមសត្វក្ងោកដោយសំអាងថា ខោលរនាតសងខាងមានរាងដូចកន្ទុយក្ងោកពង់ ។ ប៉ុន្តែតាមទស្សនៈរបស់តន្ត្រីបុរាណខ្មែរយល់ថា រនាតឯករបស់ខ្មែរមានរូបរាងត្រាប់តាមសត្វនាគ គឺត្រង់ជើងពានទ្រស្នូក គឺជាកន្ទុយនាគពីរដែលរុំព័ទ្ធគ្នា ត្រង់ស្នូកគឺជាតួនាគពីរដែលងាកចេញពីគ្នាត្រង់ខោលសងខាង គឺជាក្បាលនាគពីរដែលកំពុងតែបើកពពា រីឯផ្លែរនាត គឺជាស្រកានាគ ។
តាមប្រសាសន៍របស់លោកឧកញ៉ាមហាធិបតីមាស ឌី ថា “ជីតារបស់គាត់និយាយថា ពួករនាតនេះយើងមិនធ្វើត្រាប់តាមគេទេ គឺយើងបង្កើតដោយខ្លួនឯងតាំងពីបរមបុរាណមក ជាដំបូងខ្មែរយើងយកបន្ទះរនាបឫស្សីសំរាប់ធ្វើផ្ទះមកកាត់ខ្លីៗដាក់លើភ្លៅទាំង២ ហើយគោះលេងជាធម្មតា ក្រោយមកទើបយកខ្សែចងរនាបបន្តគ្នាលាតសន្ធឹងពីបង្គោលមួយទៅបង្គោលមួយទៀត ។ អស់កាលដ៏យូរលង់មក ទើបគេយកកម្រងរនាបនោះទៅចងលើខ្នងរូូបនាគ ដែលឆ្លាក់អំពីឈើ លុះក្រោយមកទៀតទើបខ្មែរយើងធ្វើដូចស្នូកសព្វថ្ងៃនេះ គឺនៅតែជារូបនាគដែល។ ខ្មែរចូលចិត្តនិយមនិមិត្តរូបសត្វនាគ ពីព្រោះសត្វនាគជាសត្វប្រកាន់សច្ចៈធម៌ ជាសត្វស្មោះត្រង់ ខ្មែរចង់បញ្ជាក់ថា ក្នុងសង្គមខ្មែរជាសង្គមមនុស្សប្រកាន់សច្ចៈធម៌ ជាសង្គមមនុស្សស្មោះត្រង់ជានិច្ច ។ ឧបករណ៍រនាតឯកនេះ បានចូលលេងជាមួយឧបករណ៍ពិណ តាំងពីជំនាន់មានពិណចូលមកស្រុកខ្មែរ”។
ឧបករណ៍រនាតឯកមានស្នូកធ្វើអំពីឈើខ្នុរ ឈើបេង ឈើនាងនួន ឬឈើធ្នង់ឈាមមាន់។ល។ មានប្រវែងប្រហែល១,១០ម៉ែត្រ មានផ្លែសំនៀងចំនួន២១ ធ្វើអំពីឫស្សី ឬឈើ ប៉ុន្តែឫស្សីឱ្យសំនៀងល្អជាង ។ គេយកឫស្សីដែលមានសាច់វែងៗ ហើយក្រាស់ៗអាចធ្វើផ្លែរនាតបានទៅត្រាំទឹករយៈពេលពី១ឆ្នាំឡើងទៅ។ គេស្រង់ឫស្សីទាំងនោះទៅហាលក្នុងម្លប់រយៈពេលរាប់ឆ្នាំដែរ ទើបយកមកសំរិតសំរាំងធ្វើជាផ្លែរនាត ។ ក្នុងពេលធ្វើបើចង់ឱ្យផ្លែសំនៀងធូរ គេត្រូវចិតយកសាច់ចំកណ្តាលចេញ ប៉ុន្តែបើចង់ឱ្យផ្លែសំនៀងតឹងវិញ គេត្រូវចិតយកសាច់ចុងសងខាងចេញ ។ នៅលើផ្លែនីមួយៗ មានចោះរន្ធផ្នែកខាងចុងសងខាងសំរាប់ដោតខ្សែចងព្យួរទៅនឹងខោលសងខាងរបស់រនាត ។ នៅខាងក្រោមចុងផ្លែម្ខាងៗ មានបិទដុំប្រមរសំរាប់រឹត (ធៀប)សំនៀងរបស់ផ្លែនីមួយៗនោះតាមកំរិតសំនៀងដែលគេត្រូវការ ។ ដុំប្រមរមានប្រយោជន៍ពីរយ៉ាង ម៉្យាងធ្វើឱ្យសំនៀងតឹង ឬធូរតាមការបិទប្រមរតិចឬច្រើន ម៉្យាងទៀតប្រមរជួយឱ្យផ្លែសំនៀងឮយោលបានល្អ មិនខ្ទិសមិនខះ ។ ក្នុងចំណោមផ្លែសំនៀង២១ ចែកចេញជាបីក្រុម ៖
ក្រុមទី១ មាន៥ផ្លែ គឺពីផ្លែទី១ ដល់ទី៥
ក្រុមទី២ មាន៧ផ្លែ គឺពីផ្លែទី៦ ដល់ទី១២
ក្រុមទី៣ មាន៩ផ្លែ គឺពីផ្លែ១៣ ដល់ទី២១
ក្រុមទី១ ត្រូវមានទទឹងផ្លែ៤៤ ម.ម
ក្រុមទី២ ត្រូវមានទទឹងផ្លែ៤៧ ម.ម
ក្រុមទី៣ ត្រូវមានទទឹងផ្លែ ៥០ ម.ម
កម្រងផ្លែរនាតណាដែលមានផ្លែទី១ប្រវែង៣១០ម.ម ផ្លែទី២១ ត្រូវមានប្រវែង៤១០ម.ម កម្រងផ្លែរនាតនេះត្រូវមានប្រវែងសរុប១.០១ ម៉ែត្រ ។
កម្រងផ្លែរនាតណាដែលមានផ្លែទី១ប្រវែង៣០០ម.ម ផ្លែទី២១ត្រូវមានប្រវែង៤០០ម.ម កម្រងផ្លែរនាតនេះត្រូវមានប្រវែងសរុប១,០០ម៉ែត្រ ។
កម្រងផ្លែរនាតណាដែលមានផ្លែទី១ប្រវែង២៩០ម.ម ផ្លែទី២១ ត្រូវមានប្រវែង៣៩០ម.មកម្រងផ្លែរនាតនេះត្រូវមានប្រវែង០,៩៩ម៉ែត្រ ។
អន្លូងសំរាប់គោះផ្លែសំនៀងមានដង ធ្វើអំពីឫស្សី ឬឈើប៉ុនចង្កឹះ មានប្រវែងប្រហែល០,៣៥ម៉ែត្រ នៅខាងចុងត្រង់ត្រមោងសំរាប់គោះហៅថា មេលំ ។ មេលំរនាតឯកមានពីរយ៉ាងគឺមេលំរឹង និងមេលំទន់ ។ មេលំរឹងធ្វើដោយការរុំសំពត់ និងខ្មុកម្រ័ក្សណ៍ ឬម៉្យាងទៀតធ្វើដោយស្បែកយ៉ាងក្រាស់ហៅថា អន្លូងរឹងសំរាប់ប្រើតែរនាតឯកណាដែលប្រគំក្នុងវង់ភ្លេងពិណពាទ្យ ពីព្រោះវង់ភ្លេងនេះត្រូវការប្រើសំនៀងខ្លាំងៗ ។ រីឯមេលំទន់ធ្វើអំពីការរុំសំពត់យ៉ាងណែនស្រាក់នឹងអំបោះយ៉ាងតឹងដែលមានសភាពទន់ជាងហៅថា អន្លូងទន់ប្រើចំពោះតែ រនាតណាដែលប្រគំក្នុងវង់ភ្លេងមហារី ពីព្រោះវង់ភ្លេងនេះត្រូវការប្រើសំនៀងស្រាលតិចៗ ឮរហឹមៗ ។ រនាតឯក ជាឧបករណ៍មួយដែលប្រើសំនៀងគូៗ ក្នុងពេលប្រគំម្តងៗ ។ អន្លូងទាំងពីរត្រូវគោះស្មើៗគ្នាទៅលើផ្លែសំនៀងគូៗទាំងនោះ ។ រនាតឯកមានដំណើរសាច់បទរាយរាបសាជាងឧបករណ៍ដទៃ ។ ក្នុងពេលប្រគំម្តងៗរនាតឯកត្រូវផ្តើមចេញបទមុនគេ ហើយនឹងត្រូវឱ្យសញ្ញាឈប់ដល់ឧបករណ៍ដទៃទៀត ។ ប៉ុន្តែចំពោះតែបទខ្លីៗ ឬបទខ្លះទៀតដែលមិនសំខាន់ក្នុងពិធីធំៗ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យាសិល្បៈតន្រ្តី)
ចែករំលែកព័តមាននេះ