ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀនរដ្ឋ និងឯកជន ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅភ្នំពេញ ត្រូវដំណើរការ​ឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១…

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​។ ការសម្រេច​ឲ្យ​សាលារៀន​រដ្ឋ និង​ឯកជន បើក​ដំណើរការ​ឡើងវិញ​នេះ ក្រោយ​ពេលដែល​គ្រឹះស្ថានសិក្សា​និ​មួយៗ បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា SOP របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើងថា ដោយឡែក ចំពោះ​គ្រឹះស្ថានសិក្សា​កម្រិត​មតេយ្យ​សិក្សា និង​បឋមសិក្សា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឯកជន​និ​មួយៗ ត្រូវ​ស្នើសុំ​គោលការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ រីឯ​គ្រឹះស្ថានសិក្សា​សាធារណៈ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ត្រូវ​ស្នើសុំ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ក្រុមការងារ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​កម្រិត​ហានិភ័យ ទៅតាម​ស្ថានភាព​ជាក់ស្តែង មុននឹង​សម្រេច​អនុញ្ញាត ឬ​ត្រូវ​រក្សា​ស្ថានភាព​ដដែល​។

​ទន្ទឹម​​នឹង​​នេះ រដ្ឋបាល​​រាជ​ធានី​​ភ្នំពេញ ក៏បានលើកឡើងថា ​ចំពោះ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងឡាយ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា SOP សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​៕