ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះកម្ចីបរទេសថ្មីគ្មាន តែកម្ពុជាបានសងបំណុលចាស់ចំនួន ១៩៧,៤០ លានដុល្លារ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ បើទោះបីជាកម្ពុជាមានតម្រូវការថវិកាច្រើនទប់ស្កាត់បញ្ហាដោយសារតែកូវីដ ១៩ ក្តី…

រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ បើទោះបីជាកម្ពុជាមានតម្រូវការថវិកាច្រើនទប់ស្កាត់បញ្ហាដោយសារតែកូវីដ ១៩ ក្តី តែកម្ពុជានៅតែមានលទ្ធភាពទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍ បាន ១៩៧,៤០ លានដុល្លារ ដោយក្នុងនោះប្រាក់ដើមមានចំនួន ១៤៧,០៥ លានដុល្លារ និងការប្រាក់ និងកម្រៃផ្សេងៗមាន ៥០,៣៤ លានដុល្លារ ។

Picture

តាមស្ថិតិបំណុលដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅដើមខែកញ្ញា ២០២១ នេះ បង្ហាញថា បើគិតពីឆ្នាំ ១៩៩៣ មក កម្ពុជាបានទូទាត់បំណុលជូនដៃគូអភិវឌ្ឍន៍សរុបជិត ២,៣ ពាន់លានដុល្លារហើយ  ដោយក្របខ័ណ្ឌក្នុងប្រទេសមានចំនួន ១ ភាគរយត្រូវនឹង ២៣,០១ លានដុល្លារ និងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមាន ៩៩ភាគរយត្រូវនឹងទឹកប្រាក់ ២,២៧ ពាន់លានដុល្លារ ។

របាយការណ៍ដដែលបង្ហាញថា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ដំណាច់ឆមាសទី ១ ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដកសាច់ប្រាក់ដែលជាកម្ចីពីដៃគូអភិវឌ្ឍន៍នានាយកមកប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ១០,០៥ ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ៦៨ ភាគរយនៃទំហំឥណទានសម្បទានសរុបដែលចុះកិច្ចព្រមព្រៀង ។ ក្នុងចំណោមទឹកប្រាក់ដែលបានដកសរុបជាង ១០ ពាន់លានដុល្លារនេះប្រមាណ ៨១ ភាគរយ ត្រូវបានប្រើប្រាស់ដើម្បីហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងប្រមាណ ១៩ ភាគរយទៀតបានប្រើក្នុងវិស័យអាទិភាព ចំពោះមុខផ្សេងទៀត ។

Picture

នៅក្នុងវិបត្តិកូវីដ ១៩ នេះ ក្នុងរយៈពេល ១ ឆមាសដើមឆ្នាំ ២០២១ កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងលើកម្ចីថ្មីៗមកប្រើប្រាស់នោះទេ ប៉ុន្តែបានដកប្រាក់កម្ចីមកប្រើប្រាស់ជាក់ស្ដែងប្រមាណ ៥៤៤,៩៦ លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានចំនួនប្រមាណ ៧៨ ភាពរយ ត្រូវជាទឹកប្រាក់ប្រមាណ ៤២៦,៣៩ លានដុល្លារ និងក្របខ័ណ្ឌពហុភាគីមានចំនួនប្រមាណ ២២ ភាគរយត្រូវជាទឹកប្រាក់ប្រមាណ ១១៩,៥៧ លានដុល្លារ ។ នេះបើតាមរបាយការណ៍ដដែលនោះ ។

ក្នងសិក្ខាសាលាស្តីពីម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២២ កាលពីពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន បបញ្ជាក់ប្រាប់សមាជិករដ្ឋសភាថា ក្រសួងសេដ្ឋកិច្ច ធានាឱ្យបាននូវនិរន្តរភាពហិរញ្ញវត្ថុសាធារណៈ ព្រមទាំងធានាឱ្យបាននូវភាពជាម្ចាស់របស់កម្ពុជាលើការគ្រប់គ្រងជោគវាសនារបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យប្រទេសជាតិធ្លាក់ចូលក្នុង ស្ថានភាពបំណុលវ័ណ្តកឡើយ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ។ លោករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលប្រឹងប្រែងប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់កាន់តែស៊ីជម្រៅ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។

Picture

ជំងឺកូវីដ ១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះក្នុងអត្រា -៣,១ ភាគរយ កាលឆ្នាំ ២០២០ នៅឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចកើនឡើងត្រឹមតែ ២,៤ភាគរយប៉ុណ្ណោះ និងឆ្នាំ ២០២២ ខាងមុខរដ្ឋាភិបាលរំពឹងថា កំណើនសេដ្ឋកិច្ច នឹងសម្រេចបានក្នុងអត្រា ៤,៨ ភាគរយ ដោយសារជំងឺកូវីដ-១៩ អាចនឹងធូរស្រាល ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់លើកឡើងថា កម្ពុជាបានខ្ចីប្រាក់ពីបរទេសភាគច្រើនយកមកធ្វើផ្លូវ និងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានាទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋផង ទេសចរផង និងដើម្បីទាក់ទាញដល់ការវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ ។ លោកបញ្ជាក់ថា កម្ពុជា មិនរើសអើងនូវបំណុលពីប្រទេសណាមួយឡើយ ប្រទេសណាដែលមានលក្ខខ័ណ្ឌងាយៗ នោះកម្ពុជានឹងយកអភិវឌ្ឍន៍ប្រទេសហើយ ៕