ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរង​ខណ្ឌ​៧​មក​រា រង់ចាំ​នារី​រង​របួស ចូលខ្លួន​មក​រក​ដំណោះស្រាយ ករណី​ប៉ូលិស​ម្នាក់​វាយ​បែកក្បាលពេលបើកបរល្មើសច្បាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​នារី​ម្នាក់ ជិះ​ម៉ូតូ​គេច​ពី​គោលដៅ រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា មួយ​រូប​យក​វិទ្យុទាក់ទង វាយ​ចំ​ក្បាល​បែ​.​ក​ហើយ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស កាលពី​យប់មិញ​នោះ លោក​អធិការរង​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ ករណី​នារី​ម្នាក់ ជិះ​ម៉ូតូ​គេច​ពី​គោលដៅ រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា មួយ​រូប​យក​វិទ្យុទាក់ទង វាយ​ចំ​ក្បាល​បែ​.​ក​ហើយ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស កាលពី​យប់មិញ​នោះ លោក​អធិការរង​ខណ្ឌ ៧​មក​រា រង​ចាំ​ភាគី​(​នារី​រង​របួស​) ចូល​មក​សម្របសម្រួល​រក​ដំណោះស្រាយ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​នឹង​ច្បាប់​ចរាចរណ៍ របស់​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ចំណុច​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​តាម​បណ្ដោយ​ផ្លូវ ២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ ង​ន ស្រី​និ​ច អាយុ​២២​ឆ្នាំ ។ រីឯ​អ្នក​ឌុ​ប ត្រូវជា​ប្អូនប្រុស​ឈ្មោះ ង​ន សិលា អាយុ ១៨​ឆ្នាំ ។ ចំណែកឯ មន្ត្រី​នគរបាល​ដែល​ប្រើ​ហិង្សា ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ ម៉ាត់ ពិសី ។

លោក​វរៈសេនីយ៍ទោ ង៉ែត សា​រុន អធិការរង​ខណ្ឌ ៧​មក​រា ទទួល​ផ្នែក​សណ្តាប់ធ្នាប់ បាន​ថ្លែង​ឱ្យ​ដឹង​ថា សមត្ថកិច្ច​មក​បាន​ទាក់ទង​ទៅ​ភាគី​ម្ខាង​ទៀត (​នារី​រង​របួស​) រួចរាល់​ហើយ ដើម្បី​ឲ្យ​គាត់​ចូលរួម​ពិនិត្យ​មើល​វី​ដេ​អូ​ផ្សេង​ៗ ដែល​មានការ​ថត​បង្ហោះ ក៏​ដូច​ជា​ផ្ទៀងផ្ទាត់​ជាមួយនឹង​វី​ដេ​អូ កាំ​មេ​រ៉ា​សុវត្ថិភាព តាម​ដងផ្លូវ តែ​ពេល​នេះ ភាគី​ខាង​នារី​ដែល​រង​របួស មិន​ទាន់​ឃើញ​មក​កាន់​ទីតាំង​សមត្ថកិច្ច​ឡើយ ។

លោក​វរៈសេនីយ៍ទោ ង៉ែត សា​រុន បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​កំពុង​ដោះស្រាយ​រឿង​នេះ ហើយ​ដំណោះស្រាយ​ស្រាយ​បែប​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ គឺ​រង់ចាំ​ភាគី​ម្ខាង​ទៀត ចូលខ្លួន​រក​ដំណោះស្រាយ​ជាមួយ​សមត្ថកិច្ច​សិន ។ ត្រង់នេះ​មាន​ន័យ​ថា បើសិនជា​ភាគី​ម្ខាង​ទៀត ចង់​ដោះស្រាយ​បញ្ចប់ នៅ​សមត្ថកិច្ច​ខណ្ឌ​ក៏​បាន ឬ​ក៏​ចង់​បន្ត​កសាង​សំណុំរឿង​ទៅ​តុលាការ​ក៏​បាន ។

លោក​អធិការរង​បាន​បន្ត​ថា សមត្ថកិច្ច​រង់ចាំ​ការ​ដោះស្រាយ​ជា​និច្ច​ជាមួយ​ភាគី​ម្ខាង​ទៀត​ជា​និច្ច ខណៈ​ប៉ូ​លី​ស​ដែល​យក​អាយ​កូ​ម​វាយ ស្ត្រី​រង​គ្រោះ កំពុង​ស្ថិត​នៅ​ខណ្ឌ ៧​មក​រា ដោយ​មិន​អនុញ្ញាត ឲ្យ​ចេញ​ទៅ​ណា​នោះ​ទេ រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ភាគី​ម្ខាង​ទៀត​សិន ។

ដោយឡែក ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា​នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទី​១. មន្ត្រី​អន្តរាគមន៍​ដែល​បាន​បង្ក​ការ​រង​របួស​ដល់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល​ត្រូវ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បន្ទាប់​ពី​ពេល​កើតហេតុ​រួច ។ ទី​២. បើ​ស្រាវជ្រាវ​ហើយ​ឃើញ​ថា មាន​កំហុស មន្ត្រី​បង្ក​នឹង​ត្រូវ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ក៏​ដូច​ជា​ការ​អនុវត្ត​វិន័យ​កងកម្លាំង​ផង​ដែរ ។ និង​ទី​៣. ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់ បើកបរ​គេច​ពី​សមត្ថកិច្ច​ក៏​នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​ផង​ដែរ ។

តាម​រយៈ​វី​ដេ​អូ​របស់​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​ថត​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម TikTok បាន​បង្ហាញ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ពីរ​នាក់​បងប្អូន បាន​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ពេល​នោះ​ជិះ​នៅ​តាម​បណ្ដោយ​ផ្លូវ ២១៥ មក​ដល់​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចំណុច​គោលដៅ​ត្រួតពិនិត្យ ក៏​ព្យាយាម​ជិះ​បក​ក្រោយ​វិញ ហើយ​ក៏​ត្រូវ​មន្ត្រី​នគរបាល យក​ទិ​ទ្យុ​ទាកទង​វាយ បណ្តាល​ឲ្យ​នារី​ជិះ​ខាងក្រោយ​បែកក្បាល (​ដេរ​៣​ថ្នេរ​) និង​ធ្លាក់​ពីលើ​ម៉ូតូ​ផង​ដែរ ។ ពេល​ធ្លាក់​នោះ នាង​បាន​លោក​ក្បាល​នឹង​ថ្នល់ ហើយ​វិលមុខ កៅ​ស្រែក​ឲ្យ​មន្ត្រី​ប៉ូលិស​រូប​នោះ​ជួយ​លើក​និង​ជួយ​ជូន​ទៅ​ពេទ្យ ប៉ុន្តែ​មន្ត្រី​ប៉ូលិស បែរជា​និយាយ​ថា នារី​រង​គ្រោះ សម្តែង​ទៅ​វិញ ? ។

ក្រោយ​កើតហេតុ នាំ​ឲ្យ​មាន​មតិ​ប្រជា​ជា​ពលរដ្ឋ​ជា​ច្រើន បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​មន្ត្រី​នគរបាល ដែល​ប្រើ​ហិង្សា ហើយ​ក៏​មាន​មតិ​មួយ​ចំនួន​ទៀត បន្ទោស​ទៅ​លើ​នារី​រង​របួស​ថា មិន​គួរ​ណា​ល្មើស​នឹង​ច្បាប់​បរា​ចរណ៍​ផ្លូវគោក​នោះ​ដែរ (​អត់​ពាក់មួក​សុវត្ថិភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ