ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាចឡើងដើមត្នោតនៅព្រៃវែង ព្រឹកយកផ្លែមកលក់នៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលេខ ២៤០០ ម្តុំភ្លើងស្តុបន័រប្រ៊ីដ ប្រាកដជាឃើញរទេះលក់ផ្លែត្នោត ទឹកត្នោត និងកំពីងត្នោត ឬស្កត្នោត មួយចំនួននៅសងខាងផ្លូវម្តុំនោះ…

រាជធានីភ្នំពេញ ៖ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលេខ ២៤០០ ម្តុំភ្លើងស្តុបន័រប្រ៊ីដ ប្រាកដជាឃើញរទេះលក់ផ្លែត្នោត ទឹកត្នោត និងកំពីងត្នោត ឬស្កត្នោត មួយចំនួននៅសងខាងផ្លូវម្តុំនោះ ។ អ្នកឆ្លងកាត់ខ្លះពិសេសអ្នកនិយមទទួលទានទឹកត្នោតផ្អែមតែតែងឈប់ទិញទឹកឬផ្លែត្នោតទទួលទាន ។ ដើម្បីបានផ្លែត្នោតទំាងនោះមកលក់ឲ្យអ្នកភ្នំពេញទទួលទាននេះ អ្នកលក់ខ្លះទៅយកត្នោតនេះពីខេត្តកំពង់ស្ពឺ ខ្លះទៅយកមកពីកំពង់ចាម ឬព្រៃវែងឯណោះ ។

ស្ត្រីឈ្មោះ អ៉ីន រ៉ាម៉ាស់ និងបានស្វាមីបានទៅយកផ្លែត្នោតពីខេត្តព្រៃវែងមកលក់ ។ ស្វាមីរបស់គាត់ជា អ្នកឡើងដើមត្នោតយកទឹក និងបេះផ្លែមកលក់ដោយផ្ទាល់ ។ អ្នកស្រីបានរៀបរាប់ថា នៅពេលព្រឹកពួកគាត់យកទឹកត្នោត ផ្លែត្នោត និងកំពីងត្នោតមកលក់លុះរសៀលបន្តិច អ្នកស្រី និងស្វាមីនាំគ្នាឡើងទៅខេត្តព្រៃវែងដើម្បីយកទឹក និងផ្លែមកលក់នៅថ្ងៃបន្ទាប់ ។

 «ខ្ញុំទៅទិញម៉ៅដើមត្នោតគេ ក្នុង ១ ដើមតម្លៃពី ១ ម៉ឺន ទៅ ១ ៥០០០ រៀល ។ ស្វាមីខ្ញុំឡើងកាប់ដោយខ្លួនឯង ក្នុង ១ ដើមបានផ្លែ ២ ទៅ ៣ ធ្លាយ មានផ្លែត្នោតខ្ចី មានផ្លែចាស់ ។ មានម្ចាស់ដើមត្នោត ខ្លះគេអាណិតអោយឡើងកាប់យកដោយមិនគិតលុយក៏មានដែរ» អ្នកស្រី រ៉ាម៉ាស រៀបរាប់ឲ្យដឹង ។ 

បន្ទាប់ពីឡើងត្នោតបេះផ្លែបានហើយ គាត់ និងស្វាមីត្រូវធ្វើដំណើរមកភ្នំពេញវិញទំាងយប់ ។ មកដល់ផ្ទះ គាត់រៀបចំចិត បេះផ្លែត្នោតទំាងខ្ចី ទាំងចាស់ច្រកថង់ សម្រាប់លក់នៅព្រឹកបន្ទាប់ «រវល់ណាស់ រត់ចុះ រត់ឡើង តែជីវភាពនៅតែលំបាករកប្រាក់មួយថ្ងៃរស់មួយថ្ងៃសឹងមិនគ្រប់» ។ 

ផ្លែត្នោតក្នុង ១ ថង់ថ្លៃ ៥ ពាន់រៀល ចំណែកកំពីងត្នោត ១ ថង់ គ៏ ៥ ពាន់រៀលដែរ រឺឯផលិតផលត្នោតមានស្កត្នោត ១ កែវ ១២០០០ រៀល និងទឹកត្នោតផ្អែម ១ ដប ២ ពាន់រៀល ។ ស្រ្តីអាយុ ៣២ ឆ្នាំ ដែលអង្គុយចិតផ្លែត្នោតបណ្តើររៀបរាប់ប្រាប់បណ្តើរឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗអ្នកស្រី អាចលក់ផលិតត្នោតនេះបានពី ៤ ទៅ ៥ ម៉ឺនរៀល ។ ថ្ងៃណាលក់មិនដាច់បានត្រឹមពី ២ ទៅ ៣ ម៉ឺនរៀលគ្រាន់ប៉ុណ្ណោះ ។

គ្រួសារអ្នកស្រី រ៉ាម៉ាស់ បានឡើងពីស្រុកជើងព្រៃ ខេត្តកំពង់ចាម មកលក់ផលិតផលត្នោតនៅភ្នំពេញនេះ ។ គាត់បាននិយាយថា ខែខ្លះរកលុយមិនបានជំពាក់គេថ្លៃផ្ទះជួលរបស់គេក៏មាន ។ គ្រួសារគាត់មានលទ្ធភាពជួលបន្ទប់ស្នាក់នៅក្នុង ១ ខែ តម្លៃ ៣០ ដុល្លារប៉ណ្ណោះ ។ អ្នកស្រីបានបញ្ជាក់ទៀតថាស្វាមីគាត់មានរបរឡើងត្នោតតំាងពីដើមមក ។ កាលពីនៅស្រុកកំណើរគ្រួសារគាត់ឡើងត្នោតយកទឹកមកធ្វើស្ករ ប៉ុន្តែដោយសារការផលិតស្កត្នោតមិនអាចផ្គត់ផ្គង់គ្រួសារបានទើបមកលក់ផ្លែនេះម្តងតែនៅតែលំបាកទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ