មហាសមុទ្រមិនចេះពេញទៅដោយទឹកដែលហូរចូលមកពីគ្រប់ប្រភពរាល់ថ្ងៃយ៉ាងណា បុគ្គលដែលមានជាតិជាបណ្ឌិតក៏រមែងមិនចេះឆ្អែតក្នុងការស្ដាប់ធម៌ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីក៏យ៉ាងនោះដែរ ។

មហាសមុទ្រតែងមានទឹកថ្មីៗហូរចូលរាល់ថ្ងៃដោយទន្លេតូចធំទាំងឡាយរាប់មិនអស់ ព្រមទាំងទឹកភ្លៀងពីលើអាកាសធ្លាក់ចុះ សូម្បីដល់ម្ល៉េះក៏មិនបានកន្លងច្រាំងនៃមហាសមុទ្របានឡើយ នេះតាមប្រក្រតីធម្មតាយ៉ាងណា សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រាថ្នានូវសេចក្ដីបរិសុទ្ធ ក៏មិនប្រព្រឹត្តកន្លងនូវសិក្ខាបទ ព្រោះហេតុនៃលាភ យស សរសើរ សុខ ឬព្រោះហេតុនៃជីវិតនោះឡើយ ក៏យ៉ាងនោះដែរ។

មហាសមុទ្រ ទ្រទ្រង់រក្សាទុកនូវរតនៈច្រើនប្រការមានកែវមុក្ដា កែវពិទូរ្យ កែវប្រពាល កែវផលិក មាស និងប្រាក់ ។ល។ រមែងរួបរួមទុក មិនឲ្យខ្ចាត់ខ្ចាយរាត់រាយទៅខាងក្រៅឡើយ ដូចជាព្រះអរិយបុគ្គលដែលទ្រទ្រង់នូវរតនៈគឺគុណវិសេសផ្សេងៗ មានសតិប្បដ្ឋាន៤ ជាដើមរហូតដល់មគ្គផលជាលោកុត្តរៈ ហើយរក្សាទុកនូវខាងកក្នុងមិនឲ្យផ្សព្វផ្សាយទៅខាងក្រៅដោយអំនួតអួតអាងឡើយ ។
មហាសមុទ្ររមែងជាទីឋាននៅអាស្រ័យនៃសត្វធំៗ និងអមនុស្សផ្សេងៗមានពពួកទេវតាជាដើម មានន័យដែលគួរឲ្យសិក្សាត្រង់ថាមនុស្សល្អ រមែងជាទីនៅរួមដោយកល្យាណមិត្តសំខាន់ៗ ជាមិត្តដែលបានទ្រទ្រង់នូវគុណធម៌មានការប្រាថ្នាតិច មានសន្ដោស ចេះខ្មាសខ្ពើមបាប និងមាននូវសីលជាទីស្រលាញ់ជាដើម ។

មហាសមុទ្រមិននៅរួមជាមួយនឹងសាកសពឡើយ បើមានសាកសពនៅក្នុងទឹកសមុទ្រ ត្រូវរលកនាំមកចោលនៅលើច្រាំងយ៉ាងណា បុគ្គលល្អរមែងមិននៅរួមជាមួយនឹងកិលេសទាំងឡាយមាន លោភៈ ទោសៈ និងមោហៈ ជាដើមក៏យ៉ាងនោះដែរ ៕ សាន សារិន
ចែករំលែកព័តមាននេះ