ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរត្បាញហូលនៅស្រុកព្រៃកប្បាសជិតផុតដង្ហើមហើយ !

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ហូលផាមួង ដែលត្បាញដោយប្រជាពលរដ្ឋនៅខេត្តតាកែវ ស្រុកព្រៃកប្បាស មានឈ្មោះល្បីបោះសំឡេងតំាងពីដើមមក ។ ពលរដ្ឋអ្នកខេត្តតាកែវក្នុងតំបន់នេះ តំាងពីបុរាណមកមិនត្រឹមជាអ្នកត្បាញដែលមានទឹកដៃល្អឯកនោះទេ ពួកគាត់ជាអ្នកដាំដើមមនយកដង្កូវនាងផលិតសរសៃសូត្រទៀតផង…

ខេត្តតាកែវ ៖ ហូលផាមួង ដែលត្បាញដោយប្រជាពលរដ្ឋនៅខេត្តតាកែវ ស្រុកព្រៃកប្បាស មានឈ្មោះល្បីបោះសំឡេងតំាងពីដើមមក ។ ពលរដ្ឋអ្នកខេត្តតាកែវក្នុងតំបន់នេះ តំាងពីបុរាណមកមិនត្រឹមជាអ្នកត្បាញដែលមានទឹកដៃល្អឯកនោះទេ ពួកគាត់ជាអ្នកដាំដើមមនយកដង្កូវនាងផលិតសរសៃសូត្រទៀតផង ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ កីតម្បាញអ្នកស្រុកជាច្រើនបានឈប់ដំណើរការហើយ នៅសល់តែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះឆ្លៀតពីការងារស្រែចម្ការ ឬការរកទទួលទានពីរបរផ្សេងៗមកអង្គុយត្បាញសំពត់មួយក្បិនពីរក្បិនទៅតាមការបញ្ជាទិញ ។

អ្នកស្រី ឈុន គឹមហៀង អាយុ ៥១ ឆ្នាំ និងអ្នកស្រី ឈុន ផល្លី អាយុ ៤៣ ឆ្នាំ ជាបងប្អូនបង្កើតនិងគ្នា សព្វថ្ងៃរស់នៅក្នុងភូមិអង្គ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ពួកគាត់ទំាងពីរនៅអង្គុយត្បាញក្រោយផ្ទះ ដែលគេកម្រជួបប្រទះនៅពេលឆ្លងកាត់ភូមិរបស់គាត់នោះ ។ ស្រ្តីទំាងពីរនាក់បងប្អូន បាននិយាយថា ពួកគាត់ចេះត្បាញហូលតមកពីដូនតា តពូជពង្សវង្សត្រកូល តាំងពីដើមរៀងមក ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ របរត្បាញពីបុរាណនេះបានខ្សត់ទៅៗ លែងដើរតួនាទីក្នុងការផ្តល់ចំណូលប្រចាំជីវភាពគ្រួសារដូចពីដើមទៀតហើយ ។

អ្នកស្រី ឈុន គឹមហៀង ថា មុខរបរនេះត្រូវការភាពតស៊ូ អំណត់អត់ធ្មត់ ទើបបានសម្រេចហើយពុំអាចទុកចោលរួចដើរលេង ឬខ្ជិលច្រអូសនោះទេ ។ ចំពោះពួកគាត់ខំប្រឹងត្បាញមួយថ្ងៃៗស្ទើរពុំចង់ឈប់សម្រាកទេ សូម្បីតែពេលហូបបាយក៏មិនចង់ឈប់ផង ។ នៅក្នុងរយៈពេល ១៥ ថ្ងៃ ទើបត្បាញបាន ១ ក្បិនម្នាក់ ។ បច្ចុប្បន្នសំពត ១ ក្បិនៗលក់បានតម្លៃ ១៥០ ដុល្លារ ប៉ុន្តែពួកគាត់ទទួលបានប្រាក់ចំណេញត្រឹមតែ ១០ ទៅ ២០ ដុល្លារតែប៉ុណ្ណោះ ។

អ្នកស្រី ឈុន គឹមហៀង បានឱ្យដឹងទៀតថា បើទោះជាទទួលបានប្រាក់កម្រៃតិចតួច និងមានការលំបាកបែបនេះក្ដី ក៏ពួកគាត់គ្មានបំណងបោះបង់របរពីដូនតានេះឡើយ ។ ព្រោះវាជាមុខរបរមរតក ដែលបង្ហាញពីអត្តសញ្ញាណជាតិផងដែរ ។ បើបោះបង់ចោលស្មើរនឹងបំផ្លាញស្នាដៃ និងកេរតំណែលមរតករបស់ដូនតាដូច្នោះដែរ ។ «សំខាន់បំផុតនោះឱ្យតែនៅមានអ្នកគាំទ្រ យើងខ្ញុំនៅតែបន្តត្បាញរហូតមិនឈប់ទេ ហើយត្រូវបង្រៀនកូនចៅជំនាន់ក្រោយឱ្យចេះត្បាញបន្តវេនទៀតផង ។ អ្នកស្រី ឈុន ផល្លី បានបញ្ជាក់ ។

ម្នាក់ជាអ្នកចាក់សរសៃអំបោះ ម្នាក់ទាញកីត្បាញ លាន់ឮតេសៗ ពីរនាក់បងប្អូន បានប្រាប់ថា ថ្វីដ្បិតតែពួកគាត់នៅប្រកបមុខរបរនេះ ប៉ុន្តែបច្ចុប្បន្ននេះរបរត្បាញនេះពុំមានសសៃរសូត្រផលិតនៅមូលដ្ឋានផ្គត់ផ្គង់ការងារនេះឡើយ ។ សរសៃសូត្រពួកគាត់បានទិញពីឈ្មួញដែលគេនាំចូលពីប្រទេសជិតខាងនៅក្នុងតម្លៃខ្ពស់ ។ សរសៃសូត្រនាំចូលមានតម្លៃខ្ពស់បែបនេះហើយបានជាអ្នកត្បាញមិនសូវចំណេញ ហើយគ្រប់គ្នាសុខចិត្តទុកកីតម្បាញចោល ហើយទៅប្រកបការងារផ្សេងៗ ពិសេសក្មេងៗសុខចិត្តធ្វើការនៅរោងចក្រវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ