ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតកម្ពស់ជាង១០ម៉ែត្ររងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតឯរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចវាលស្រែត្រពាំងរពាក់ ស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ។
ក្រុមគ្រួសារបុរសរងគ្រោះបានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ថៃ អាយុ៤១ឆ្នាំ ឯប្រពន្ធឈ្មោះ ម៉ន សុធា អាយុ៣៧ឆ្នាំ មានកូនប្រុសស្រី៤នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ប្រកបរបរឡើងត្នោតជិត២០ឆ្នាំហើយព្រោះតែជីវភាពខ្វះខាត ។ នៅថ្ងៃកើតហេតុ គាត់បានត្រឡប់ពីចូលរួមក្នុងមង្គលការវិញ ដល់ផ្ទះម៉ោង៤ល្ងាចក៏រែកបំពង់ទឹកត្នោតដើរសំដៅទៅដើមត្នោត ដូចធម្មតា លុះកន្លះម៉ោងក្រោយមក ស្រាប់តែមានគេរត់មកប្រាប់ក្រុមគ្រួសារថា គាត់ធ្លាក់ពីលើចុងត្នោត ហើយក៏មានការផ្អើលឆោឡោឡើងតែម្តង ។
លោកតា អុន អាយុជាង៦០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានប្រមូលសំរាមក្នុងស្រែដុត ដែលមានចម្ងាយប្រមាណ១៥ម៉ែត្រពីដើមត្នោត ពេលនោះគាត់ឮសំឡេងធ្លាក់យ៉ាងខ្លាំង ដូចគេទម្លាក់របស់អ្វីម្យ៉ាងពីលើចុងត្នោត គាត់ក៏ងើយមើលទៅលើចុងត្នោត អត់ឃើញមានមនុស្សក៏ដើរមកមើលក្រោមគល់ត្នោត ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខទៅនឹងដីសន្លប់លែងដឹងខ្លួនទៅហើយ គាត់បានស្រែកហៅអ្នកជិតខាងឱ្យមកជួយចងអង្រឹងធ្វើស្នែងសែង ជនរងគ្រោះយកមកផ្ទះ និងបានរៀបចំដឹកជនរងគ្រោះតាមរ៉ឺម៉ករន្ទាយកម៉ូតូសណ្តោងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែអ្វីដែលគួរឱ្យសង្វេគនោះ ពេលរ៉ឺម៉កចេញបានប្រមាណ១គីឡូម៉ែត្រពីផ្ទះ ស្រាប់តែក្រឡាប់ធ្លាក់ជនរងគ្រោះម្តងទៀត ។
ប្រភពដដែលបានបន្តថា ពេលដល់មន្ទីរពេទ្យខេត្ត ដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតឯរាជធានីភ្នំពេញ បើតាមគ្រួសារជនរងគ្រោះប្រាប់ថា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ជនរងគ្រោះនៅមិនទានដឹងខ្លួននៅឡើយ ៕
ចែករំលែកព័តមាននេះ