ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករចំណាកស្រុកម្នាក់រាងចាលក្នុងការឆ្លងដែនសុខចិត្តបញ្ចូលហ្គាសចិញ្ចឹមគ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គឹម ផៃ ជាបុរសពេញកម្លាំងម្នាក់ អាយុ ៣៧ ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីរុន ឃុំខ្វាវ…

រាជធានីភ្នំពេញ ៖ គឹម ផៃ ជាបុរសពេញកម្លាំងម្នាក់ អាយុ ៣៧ ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ គាត់ជាអតីតពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែរស់ជាតិឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅស្រុកគេអស់រយៈពេលជាងជាង ៤ ឆ្នាំ ធ្វើឲ្យគាត់រាងចាល លែងហ៊ានឆ្លងដែនទៀតសុខចិត្តប្រកបរបរនៅក្នុងភូមិចិញ្ចឹមជីវិត និងគ្រួសារវិញ ។

គឹម ផៃ បានសម្រេចចិត្តចាប់យកមុខរបរបញ្ចូលហ្គាសកំប៉ុង តាមម៉ូតូចល័តពីភូមិមួយទៅភូមិដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារតូចមួយរបស់គាត់ ។ លោកថា របរនៅក្បែរផ្ទះនេះផ្តល់សេចក្តីសុខ ខុសពីការធ្វើចំណាកស្រុកទៅប្រទេសថៃ ឆ្ងាយណាស់ ។ 

លោក ផៃ បានរំឭកថា នៅអំឡុងឆ្នាំ ២០១៣ អ្នកស្រុកជាច្រើននាក់បាននាំគ្នាធ្វើចំណាកស្រុកទៅរកការងារនៅប្រទេសថៃ ។ អ្នកខ្លះកាក់កបបានផ្ញើរប្រាក់មកផ្គត់ផ្គង់គ្រួសារជាហូរហែធ្វើឲ្យលោក និងប្រពន្ធសម្រេចចិត្តធ្វើចំណាកស្រុកនឹងគេដែរ ស្របពេលនៅស្រុកកំណើត ជួបការលំបាកជាខ្លាំងខ្វះមុខ ខ្វះក្រោយខ្លំាង ពិសេសគ្មានដីស្រែធ្វើនឹងគេ ។ ក្នុងការធ្វើចំណាកស្រុកលោក និងប្រពន្ធ បានចំណាយប្រាក់ ៥ ០០០ បាតឲ្យមេខ្យល់ក្នុងការដែលនាំគេផ្លូវទៅដល់ក្រុងបាងកកប្រទេសថៃ ។ ទៅដល់ថៃដំបូងមេខ្យល់បាននាំពួកលោកទៅធ្វើកម្មករសំណង់ក្នុងមួយថ្ងៃបានកម្រៃពលកម្ម ៣០០ បាត ។ក្រោយមកគេបាននាំទៅធ្វើការកន្លែងថ្មីមួយទៀត បានកម្រៃ ៣៥០ បាត ក្នុងមួយថ្ងៃ ។ លោក ផៃ និយាយថានៅប្រទេសថៃទោះលោក និងប្រពន្ធខំសន្សំសំចៃយ៉ាងណាក្តី នៅតែមិនសល់ដោយត្រូវចំណាយលើកាតហូបចុកប្រចំាថ្ងៃ និងឈ្នួលបន្ទប់ ។ 

ធ្វើកម្មកសំណង់ ជាងមួយឆ្នាំស្រាប់តែមានមេខ្យល់ជាជនជាតិថៃនាំលោក និងព្របន្ធនៅធ្វើកម្មករនេសាទនៅខេត្តសាមុតសាខន ។ លោកថា ការធ្វើដំណើរទៅប្រទេសថៃលោក និងប្រពន្ធគ្មានលិខិតឆ្លងដែននោះឡើយ ដូច្នេះហើយឲ្យតែគេនាំទៅណាលោកទៅតាមទោះបីខ្លួនមានការភ័យក្លាចក្តី ។ ទំនងលោក និងប្រពន្ធត្រូវបានគេលក់ពីមួយកន្លែងទៅមួយកន្លែង នៅពេលឆ្លងដែនខុសច្បាប់បែបនោះ លោក ផៃ ឲ្យដឹងថា ពេលទៅធ្វើកម្មករនេសាទជិវិតដូចទាសករ ធ្វើការគ្មានសម្រាក និងមិនដឹងត្រូវបើកប្រាក់ខែពីនាក់ណានោះឡើយ ប៉ុន្តែសំណាងល្អ លោកត្រូវតម្រួតថៃចាប់បញ្ជួនមកកម្ពុជានៅវិញនៅឆ្នាំ ២០១៧ ។

និយាយដល់ចំណុចនេះ លោក ផៃ បានដកដង្ហើមធំ រួចបន្តថា តម្រួតថៃចាប់ដាក់គុកមួយរយៈបានបញ្ជូនមកកម្ពុជាវិញដោយគ្មានលុយមួយរៀលជាប់និងខ្លួនឡើយ ។ ក្រោយពីវិលត្រឡប់ពីប្រទេសថៃមករស់នៅលើទឹកដីកំណើតវិញ លោកបានសម្រេចចិត្តចាប់យកមុខរបរបញ្ចូលហ្គាស និងលក់កំប៉ុងហ្គាស ។ របរនេះ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ 

លោក គឹម ផៃ បានដឹកហ្គាសដើរលក់តាមភូមិចំណែកប្រពន្ធរបស់លោកលក់ និងចាំបញ្ចូលហ្គាសនៅផ្ទះ ។ ពីមួយថ្ងៃទៅមួយថ្ងៃមុខរបរបញ្ចូលហ្គាសដាក់កំប៉ុងនេះមានការរីកចម្រើនដោយសារពលរដ្ឋគំាទ្រ ។ កាលពីដំបូងលោកលក់ក្នុងមួយថ្ងៃបានតែ ៥០ កំប៉ុងប៉ុណ្ណោះ ដោយជិះម៉ូតូលក់តាំងពីព្រឹករហូតដល់ព្រលប់ ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះដោយសារការខិតខំតស៊ូអស់រយៈជាងបីឆ្នាំមកនេះ ជីវភាពគ្រួសាររបស់លោកមានការរីកចម្រើនជាមួយរបរនេះ ។ បច្ចុប្បន្នមួយថ្ងៃលោកលក់កំប៉ុងហ្គាសមិនក្រោម ៨០០ កំប៉ុងឡើយ ដែលធ្វើឲ្យជីវភាពគ្រួសារលោកល្អប្រសើរជាងពេលចំណាកស្រុកឆ្ងាយណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ