ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់កាហ្វេមិនស្រួលដូចគេថា ចាក់ទឹកយកលុយឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនួញកាហ្វេនៅតែអះអាងថា អាជីវកម្មកាហ្វេនៅមានទីផ្សារធំអាចបើកបន្ថែម ឬពង្រីកអាជីវកម្មដែលមានស្រាប់ឲ្យធំបាន ទោះបីបច្ចុប្បន្នគេសង្កេតឃើញហាងលក់កាហ្វេតូចធំ មានពេញក្រុងដូចផ្សិតយ៉ាងណាក្តី ។ លោក ប៊ុន…

រាជធានីភ្នំពេញ ៖ អ្នកជំនួញកាហ្វេនៅតែអះអាងថា អាជីវកម្មកាហ្វេនៅមានទីផ្សារធំអាចបើកបន្ថែម ឬពង្រីកអាជីវកម្មដែលមានស្រាប់ឲ្យធំបាន ទោះបីបច្ចុប្បន្នគេសង្កេតឃើញហាងលក់កាហ្វេតូចធំ មានពេញក្រុងដូចផ្សិតយ៉ាងណាក្តី ។

លោក ប៊ុន វុធឌីកា ម្ចាស់ហាងកាហ្វេ មួយកន្លែងឈ្មោះ «ChriztBen Bakery» ដែលទទួលការអប់រំមកពីក្រៅប្រទេស លោកបានមើលឃើញថា ទីផ្សារអាជីវកម្មកាហ្វេអាចពង្រីកថែមទៀតបាន ។ អ្នកជំនួញរូបនេះមើលឃើញថា គេអាចពង្រីកអាជីវកម្មកាហ្វេបន្ថែមនៅទីក្រុងភ្នំពេញ និងតំបន់រមណីយដ្ឋានទេសចរណ៍នានាសំខាន់ម្ចាស់អាជីវកម្មនោះត្រូវមានចំណេះដឹងពិតប្រាកដក្នុងរឿងនេះ ។ 

លោកថា «  ជាទម្លាប់ទៅហើយដែរប្រជាជនកម្ពុជា ចូលចិត្តធ្វើអ្វីតាមៗគ្នា មិនសិក្សាឱ្យបានច្បាស់ពីទីផ្សារ និងតម្រូវការរបស់ប្រទេស ។ បញ្ហាទាំងនេះហើយទើបធ្វើឱ្យការលក់ដូរកាហ្វេរបស់ម្ចាស់អាជីវកម្មមួយចំនួនឈរជើងមិនបានយូរ និងចេះតែប្តូរមុខរបររហូតពីមួយទៅមួយ» ។ លោកនិយាយបន្តថាអ្នកដែលមិនបានសិក្សាឲ្យច្បាស់ពីអាជីវកម្មនេះ គេអាចបើកពេលនេះតែមិនយូរទេនឹងបិទទ្វារអាជីវកម្មទៅវិញ ដូច្នេះអ្នកចង់បើកថ្មីត្រូវតែសិក្សាឲ្យច្បាស់ កុំធ្វើតាមគេ ត្រូវដឹងឲ្យប្រាកដខ្លួនឯងទើបអាជីវកម្មអាចរស់បាន ។

លោក ប៊ុន វុធឌីកា ជឿថា ទីផ្សារកាហ្វេមិនទាន់ចង្អៀតឡើយ ។ ពលរដ្ឋដែលរកស៊ីតាមគ្នាភាគច្រើនគាត់មានដើមទុនតិច លុះការខាតបង់បន្តិចបន្តូចពួកគាត់មិនបិទអាជីវកម្ម ដូច្នេះអាជីវីកម្មកាហ្វេដែលអាចឈរជើងបានយូរទៅថ្ងៃមុខមានហាងកាហ្វេដែលមានស្លាកយីហោធំៗប៉ុណ្ណោះ ។ ម្ចាស់ហាងកាហ្វេ ChriztBen Bakery បានណែនាំដល់យុវជន និងពលរដ្ឋដែលមានបំណងចង់រកស៊ីកាហ្វេថា ត្រូវខិតខំរៀនសូត្រ និងអានសៀវភៅឱ្យបានច្រើន កុំឆាប់ជឿតាមការឃោសនារបស់គេប៉ុន្តែត្រូវខិតខំចាក់គ្រឹះឱ្យបានរឹងមាំខ្លួនទើបក្លាយជាសហគ្រិនជោគជ័យនៅក្នុងជំនួញកាហ្វេនះ ។

អាជីវកម្មលក់កាហ្វេនៅភ្នំពេញ ឬនៅតាមខេត្តដែលសេដ្ឋកិច្ចលូតលាស់ និងសកម្មភាពអ្នកទេសចរដូចជាខេត្តសៀមរាប បាត់ដំបង កំពង់សោម ជា ដើមនោះ មានហាងកាហ្វេបើកព្រោងព្រាត ទំាងតូចទំាងធំ ។ អាជីវកម្មកាហ្វេទំនងពលរដ្ឋយល់ថា ងាយស្រួលបើកដំណើការ ដូច្នេះហើយបើមានដើមទុនល្មមៗ និងផ្ទះខ្លួនឯងដែលអាចរកស៊ីបានក៍នាំគ្នាបើកទៅ ។ ម្ចាស់អាជីវកម្មកាហ្វេខ្លះមិនទំាងចេះទទួលទានកាហ្វេផងក៏មាន ។

មានការគិតគូរថា កាបើកអាជីវកម្មកាហ្វេអាចចំណាយទុនពី ៨០០ ទៅរាប់ពាន់ដុល្លារអាស្រ័យលើទំហំអាជីវកម្ម និងប្រភេទម៉ាស៊ីនឆុងកាហ្វេ ។ ពលរដ្ឋជាច្រើនតែងតែនិយាយថា អាជីវកម្មកាហ្វេជាមុខរបរចាក់ទឹកយកលុយ ប៉ុន្តែអ្នកជំនាញកាហ្វេថា មិនដូច្នេះឡើយ។ អ្នកយល់ថា លក់កាហ្វេចាក់ទឹក យកលុយប្រាកដជាមិនអាចធ្វើឲ្យអាជីវកម្មលក់កាហ្វេរបស់ខ្លួនរីកចម្រើនឡើយ ។ សម័យបច្ចុប្បន្នអ្នកទទួលទានកាហ្វេបានស្គាល់រស់ជាតិកាហ្វេដែលខ្លួនចូលចិត្ត ។ ក្រៅពីកាហ្វេឆ្ងាញ់ អ្នកទទួលទានកាហ្វេស្វែងរកហាងកាហ្វេដែលមានផាសុកភាព បរិយាលល្អ ដើម្បីជជែកគ្នា ឬជាការលម្ហែផង ៕ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ