ខេត្តព្រៃវែង ៖ សមត្ថកិច្ចចម្រុះស្រុកពាមជរ បានឃាត់ខ្លួនបុរសម្នាក់និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង បន្ទាប់ពីត្រួតពិនិត្យឃើញមានកាំភ្លើងអាកាកាត់ស្វាយ១ដើម រួមជាមួយគ្រាប់កាំភ្លើងចំនួន២៩គ្រាប់នៅនឹងខ្លួន ។
បុរសម្នាក់នេះឈ្មោះ សំ ធី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោង ឃុំព្រែកសំរោង ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ កុម្ភៈ នៅផ្លូវលំក្នុងភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី៣ កុម្ភៈ ខណៈកម្លាំងសមត្ថកិច្ចកំពុងដើរល្បាតនៅតាមដងផ្លូវ ស្រាប់តែប្រទះឃើញ បុរសរូបនេះជិះម៉ូតូ១គ្រឿងម៉ាកសេ១០០អត់ស្លាកលេខ ធ្វើដំណើរតែម្នាក់ឯង និងមានដឹកការុង១នៅពីមុខ ដែលមើលពីក្រៅដូចជាវត្ថុរឹង ។ ដោយឃើញបែបនេះធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ ក៏ឃាត់ត្រួតពិនិត្យនិងដឹងថា នៅក្នុងការុងនោះគឺជាកាំភ្លើង១ដើម ម៉ាកអាកាកាត់ស្វាយ និងមានគ្រាប់ជាច្រើនទៀត ។
ប្រភពដដែលបន្តថា ក្រោយពីត្រូវឃាត់ខ្លួន និងតាមចម្លើយសាកសួរបឋម ជននេះឆ្លើយថា ខ្លួនមកតាមរកប្រពន្ធឈ្មោះ ហាស់ សារ៉េន អាយុ៣៥ឆ្នាំ ដែលបានរត់ចោលខ្លួនជាប្តី ហើយមកសម្ងំរស់នៅក្នុងភូមិវាលរបងលើនេះ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ថា ទោះបីជាចម្លើយរបស់បុរសនេះពិតឬមិនពិត យ៉ាងណាក៏ដោយ ប៉ុន្តែការដាក់អាវុធជាតិផ្ទុះដែលគ្មានលិខិតស្នាមត្រឹមត្រូវតាមខ្លួន គឺជារឿងខុសច្បាប់ ដូច្នេះសមត្ថកិច្ចត្រូវតែឃាត់ខ្លួនកសាងសំណុំរឿងទៅតាមនីតិវិធី ។
ដោយឡែក សាធារណមតិខ្លះបានលើកឡើងថា បើជននេះគ្រាន់តែតាមរកប្រពន្ធ តើយកកាំភ្លើងមកតាមធ្វើអ្វី ឬមួយពេលរកឃើញហើយបាញ់សម្លាប់ចោល? ឯមតិខ្លះទៀតលើកឡើងថា ចម្លើយរបស់ជនសង្ស័យអាចគ្រាន់តែជាលេសដោះសាក្រោយពេលត្រូវចាប់ខ្លួនប៉ុណ្ណោះ ប៉ុន្តែចេតនាពិតគឺអាចមានបំណងអ្វីផ្សេងក៏ថាបាន ។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏មានការត្រេកអរផងដែរ ដែលសមត្ថកិច្ចឃាត់ខ្លួនជនរូបនេះបានមុន គឺអាចទប់ស្កាត់បាននូវហេតុការណ៍អាក្រក់ៗដែលយើងនឹកស្មានមិនដល់ ៕
ចែករំលែកព័តមាននេះ