ការបែកញើសច្រើននៅក្រោមក្លៀក ដែលភាសាបច្ចេកទេសហៅថា “អ៊ីពែអ៊ីដ្រូស” ឬ “Hyperhidrosis” គឺជាបញ្ហាដែលមិនអាចគ្រប់គ្រងបាន រំខានគួរឱ្យខ្មាស់អៀន និង ធ្វើឱ្យយើងខ្វះទំនុកចិត្តលើខ្លួនឯង។ អ្នកអាចកាត់បន្ថយបញ្ហានេះក្នុងកម្រិតមួយជាមួយនឹងការព្យាបាលដោយគ្មានវេជ្ជបញ្ជានិងផ្លាស់ប្តូរទម្លាប់។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដើម្បីការពារការបែកញើសក្រោមក្លៀក៖

១. ផឹកទឹកឱ្យបានគ្រប់គ្រាន់
នៅពេលដែលអ្នកមានអារម្មណ៍ក្តៅឬស្រេកទឹកចូរផឹកទឹកត្រជាក់មួយកែវ។ នេះនឹងធ្វើឱ្យសីតុណ្ហភាពខាងក្នុងរបស់អ្នកធ្លាក់ចុះ ដូច្នេះរាងកាយរបស់អ្នកនឹងមិនត្រូវបញ្ចេញញើសដើម្បីបញ្ចុះកម្តៅថែមទៀតនោះទេ។
២. ត្រូវចេះរកខោអាវបិទបាំង
ខោអាវរបស់យើងផ្លាស់ប្តូរជាមួយអាកាសធាតុនិងជាមួយស្ថានភាពជីវិតផ្សេងៗគ្នា។ យើងស្លៀកពាក់ស្តើងៗ នៅពេលមេឃក្តៅ និង ស្លៀកពាក់ក្រាស់ៗនៅពេលមេឃត្រជាក់។ សម្រាប់មនុស្សភាគច្រើនដែលទទួលរងនូវការបែកញើសច្រើនពេក ញើសចេញមកមិនថាអាកាសធាតុបែបណានោះទេ។ ដូច្នេះយើងត្រូវមានយុទ្ធសាស្ត្រអំពីរបៀបដែលយើងស្លៀកពាក់ដើម្បីកាត់បន្ថយញើសនិងលាក់វាផងដែរ។

៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់ នឹងធ្វើឱ្យមានការបញ្ចេញអរម៉ូនអង់ដូហ្វីន (Endophine) ដែលវាជួយធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលនិងសប្បាយចិត្ត។ ការថយចុះកម្រិតអរម៉ូនស្ត្រេសតាមរយៈការធ្វើលំហាត់ប្រាណតាមបែបអ៊ែរ៉ូប៊ីក រួមជាមួយនឹងការបញ្ចេញអរម៉ូនអង់ដូហ្វីន ធ្វើឱ្យរាងកាយអ្នកមិនសូវមានស្រ្តេស និង ជាលទ្ធផលញើសក៏បញ្ចេញតិចដែរ៕
ចែករំលែកព័តមាននេះ