ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្ត​ប៉ៃលិនប្រជុំបន្ទាន់​ត្រៀម​បើក​សាលាឡើង​វិញ ខណៈ​សិស្ស​សប្បាយ និង​ត្រៀមខ្លួន​​​ជាស្រេច

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិភាក្សា​ស្តី​ពី​ការ​បើក​ឱ្យ​ដំណើរការ​សាលារៀន​រដ្ឋ និង​សាលា​ឯកជន​ក្នុង​ការ​ត្រៀម​ឱ្យ​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យរ​ហូត​ដល់​មធ្យមសិក្សា​ចូល​រៀន​វិញ​ជា​បណ្តើរ​ៗ តាម​តំបន់​ស្ងប់ស្ងាត់​នៃ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ៖ កិច្ចប្រជុំ​បន្ទាន់​នេះ​ក្នុង​គោលបំណង​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​លើ​តំបន់​ណា​ដែល​អាច​បើក​សាលារៀន​ឡើង​វិញ​បាន និង​តំបន់​ដែល​នៅ​មិន​ទាន់​អាច​បើក​បាន ។ បន្ទាប់​ពី​ពិនិត្យ និង​សម្រេច​រួច​ទើប​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ធ្វើការ​ចុះ​ស្រង់​សាលារៀន ដែល​មាន​ហានិភ័យ​ទាប​ដោយ​ត្រូវ​រៀន​តាម​សាលារៀន​ឆ្លាស់​វេ​ណ​គ្នា និង​មាន​សិស្ស​ត្រឹម​ក្រោម​១៥​នាក់​ប៉ុណ្ណោះ ។

រីឯ​តំបន់​ណា ដែល​មាន​ហានិភ័យ​ខ្ពស់ គឺ​ត្រូវ​ឲ្យ​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អន​ឡាញ​ដដែល ហើយ​ផ្ញើ​របាយការណ៍​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នក​សម្រេច ។

លោក​ជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់​ថា ៖ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ភូមិសាស្ត្រ ដែល​មាន​ហានិភ័យ​ទាប​របស់​ក្រសួង​អប់រំ ដែល​ចុះ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ គឺជា​ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​ចំណេះដឹង​ទូទៅ​គ្រប់​កម្រិត នៅ​តាម​ក្រុង ស្រុក ខណ្ឌ ដែល​មាន​ហានិភ័យ​ទាប ។

អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង និង​ការ​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​ចាំបាច់​នានា ហើយ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​កំណត់​ភូមិសាស្ត្រ ដែល​មាន​ហានិភ័យ​ខ្ពស់ ភូមិសាស្ត្រ ដែល​មាន​ហានិភ័យ​ទាប និង​ភូមិសាស្ត្រ​ដែល​ពុំ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​ស្នើ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ និង​ជ្រើសរើស​សា​លាម​ត្តេ​យ្យ​សិក្សា​-​សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដែល​មាន​លទ្ធភាព​បើក​ដំណើរការ​ឡើង​វិញ ដោយ​ត្រូវ​រៀបចំ​យន្តការ​រៀន និង​បង្រៀន ។

លើស​ពី​នេះ ត្រូវ​រៀបចំ​ជា​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ផ្តល់​អាទិភាព​ទៅ​លើ​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ឲ្យ​រៀន​នៅ​តាម​សាលារៀន ។ ប៉ុន្តែ​ក្នុង​រូបភាព ជា​ការ​រៀន​តាម​បណ្ដុំ ដែល​មាន​ចំនួន​តិច​ជាង​១៥​នាក់ និង​ប្តូរ​វេន​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​បង្រៀន និង​គ្រប់គ្រង ។

ចំណែក​កម្រិត ថ្នាក់​ផ្សេង​ទៀត អាច​រៀប​ចំការ​រៀន​ជា​បណ្ដុំ មិន​ឲ្យ​លើស​ពី​១៥​នាក់​នោះ​ឡើយ ពោល គឺ​ផ្អែក​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ដោយ​អាច​រៀប​ចំការ​រៀន​តាម​បណ្ដុំ​នៅ​សាលារៀន និង​បែងចែក​វេន ឬ​បណ្ដុំ​តាម​ចម្រុះ​ថ្នាក់ ឬ​អាច​រៀបចំ​នៅ​តាម​ផ្ទះ វត្ត​អារាម ឬ​កន្លែង​សម​ស្រប​ណាមួយ ដោយ​រៀបចំ​ចងក្រង​បញ្ជី​ឈ្មោះ​សិស្ស​តាម​បណ្តុំ និង​តាម​កម្រិត​ថ្នាក់​នីមួយ​ៗ ក្នុង​ករណី​បណ្ដុំ​មាន​សិស្ស​តិច​ពេក អាច​ផ្គួប​កម្រិត​ថ្នាក់​ចូល​គ្នា ឬ​អាច​ផ្គួប​គ្នា​លើស​ពី​២​កម្រិត​ថ្នាក់​ផង​ដែរ ។

សូម​បញ្ជាក់​ថា ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​សារ​ជា​សំឡេង​បន្ទាន់​មួយ ណែនាំ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​សហការ​ជាមួយ​បណ្តា​រាជធានី​-​ខេត្ត​នានា ដើម្បី​ពិនិត្យ​មើល លើ​ការ​បើក​សាលារៀន​ឡើង​វិញ​នៅ​តាម​ភូមិ​-​ឃុំ ដែល​មិន​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​កន្លែង​ដែល​ឆ្លង​តិច ដោយ​មិន​ត្រូវ​រង់ចាំ​ការ​បើក​លា​សា​រៀន​ព្រម​គ្នា​នៅ​ទូ​ទាំង​ប្រទេស​នោះ​ឡើយ ។ ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គោរព​តាម​វិធានការ​សុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​ផង​ដែរ ។

ចំណែក​សិស្សានុសិស្ស​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ល្អ ពី​រដ្ឋបាល​ខេត្ត​ថា នឹង​អាច​ចូល​រៀន​វិញ​ឆាប់​ៗ​ខាង​មុខ ហើយ​ពួក​គេ​ក៏​មិន​ភ្លេច​អនុវត្ត​នូវ​វិធានការ​៣​កុំ ៣​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួងសុខាភិបាល ដោយ​លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល ពាក់​ម៉ាស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ