ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករចំនួន ៧ ស្រុក នៅខេត្តតាកែវ កាក់កបដាំបន្លែ ចិញ្ចឹមមាន់ និងធ្វើស្រែបែបធម្មជាតិ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទំាងបន្លែ ទំាងមាន់ និងស្រូវដែលដាំដុះ និងចិញ្ចឹមបែបធម្មជាតិមិនខ្វះទីផ្សារនោះទេ ។ កសិករគំរូជាច្រើននាក់នៅស្រុកមួយចំនួនរបស់ខេត្តតាកែវ បានកំពុងកាក់កបក្នុងការដប្រកបរបរកសិកម្មបែបធម្មជាតិនេះ ។…

ខេត្តតាកែវ ៖ ទំាងបន្លែ ទំាងមាន់ និងស្រូវដែលដាំដុះ និងចិញ្ចឹមបែបធម្មជាតិមិនខ្វះទីផ្សារនោះទេ ។ កសិករគំរូជាច្រើននាក់នៅស្រុកមួយចំនួនរបស់ខេត្តតាកែវ បានកំពុងកាក់កបក្នុងការដប្រកបរបរកសិកម្មបែបធម្មជាតិនេះ ។ កសិករម្នាក់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថាខ្លួនមិនមានការព្រួយបារម្ភអំពីទីផ្សារលក់បន្លែនោះទេ មិនតែប៉ុណ្ណោះបន្លែដាំដុះបែបធម្មជាតិលក់បានថ្លៃទៀតផង ។  

លោក អ៊ីង ណុប ជាកសិករគំរូនៃក្រុមផលិតបន្លែសុវត្ថិភាពនៅភូមិត្រពាំងចក បានលើកឡើងថា លោកបានដាំបន្លែក្នុងផ្ទះសំណាញ់ទំហំ ១០ ម៉ែត្រគុណនឹង ៤៦ម៉ែត្រ ។ លោកបានទិញដីដំបូកចំនួន ២០ ឡាន ដែលតម្លៃ ១០ ម៉ឺនរៀលក្នុងមួយឡាន ដើម្បីដាក់ក្នុងផ្ទះសំណាញ់ ព្រោះដីដំបូក មិនសូវមានសត្វល្អិត ជំងឺផ្សិត និងមានជីជាតិ ។ 

លោក អ៊ីង ណុប ចេះបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់បន្ទាប់ពីបានចូលរួមជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិរខ្នាតតូច(អេមស៍) នៅឆ្នំា ២០១៩ ។ «មូលហេតុលោកងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ព្រោះវាមានប្រយោជន៍ជាច្រើន ហើយបន្លែរបស់គាត់ប្រើប្រាស់ជីសរីរាង្គ និងទឹកស្រោចបន្លែគឺប្រើទឹកភ្លៀងដែលហូរចូលក្នុងស្រះ ។ ការដាំបន្លែក្នុងផ្ទះសំណាញ់នេះ ខ្ញុំទទួលចំណូលបាន ៤ លានរៀនក្នុងមួយវគ្គ ។ បន្លែដែលដាំក្នុងផ្ទះសំណាញ់ងាយស្រួលក្នុងការលក់ មិនបារម្ភពីបញ្ហាទីផ្សារ ចំណែកឯ អ្នកទិញទៅប្រើប្រាស់ មិនប៉ះពាល់ដល់សុខភាពឡើយ» ។

មានកសិករ ៤២០០ គ្រួសារនៅក្នុងខេត្តតាកែវ បានចូលរួមជាមួយគម្រោង អេមស៍ ចំនួនលើផលិតផលស្រូវចំនួន ១. ៥០៩ គ្រួសារ ចិញ្ចឹមមាន់ស្រែចំនួន ២០១២ គ្រួសារ និងដាំបន្លែសរីរាសង្គចំនួន ៦៧៩ គ្រួសារ ។ លោក ទេស សុផល ប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងជាប្រធានការិយាល័យមណ្ឌលភូមិភាគនិរតី មានប្រសាសន៍ថា គម្រោងអេមស៍ នៅខេត្តតាកែវ បានចាប់ផ្ដើមអនុវត្តនៅខែមីនា ឆ្នាំ ២០១៨ លើផលិតផលបីប្រភេទគឺ ដំណាំស្រូវ ចិញ្ចឹមមាន់ស្រែ និងដាំបន្លែ ។ 

ពលរដ្ឋទំាងជាង ៤ ពាន់គ្រួសារដែលបានចូលរួមជាមួយគម្រោងអេមស៍ មាននៅស្រុកចំនួន ៧ រួមមាន ៖ ស្រុកបាទី សំរោង ព្រៃកប្បាស ត្រាំកក់ ទ្រាំង កោះអណ្ដែត និងបុរីជលសារ ។ អ្នកស្រី ផល្លា សមាជិកអេមស៍ម្នាក់ទៀត ជាឈ្មួញប្រមូលទិញកសិផលក្នុងតំបន់ ។ អ្នកស្រី បាននិយាយថា អ្នកស្រីទិញប្រភេទបន្លែស្លឹក មើម និងផ្លែ ក្នុងបរិមាណប្រហែល ៦៥០ គីឡូក្រាម ក្នុងមួយថ្ងៃយកទៅលក់នៅផ្សារត្រាំកក់ និងផ្សារត្រពាំងកេះ ។ ពីមុន អ្នកស្រីប្រើប្រាស់ម៉ូតូ ជាមធ្យោបាយដឹកបន្លែទំាងនោះ ប៉ុន្តែដល់ពេលតម្រូវការចេះតែកើនឡើង ការដឹកបន្លែតាមម៉ូតូ មិនទាន់សភាពការទេ ។ ដោយមានការសម្របសម្រួលពីគម្រោងអេមស៍ ក្នុងការផ្ដល់ទុនពង្រីកអាជីវកម្ម អ្នកស្រីបានទិញឡានសម្រាប់ដឹកបន្លែមួយគ្រឿង ។ អ្នកស្រី ផល្លា អះអាងបន្លែដែលមានដាំដុះតាមគោលការណ៍ធម្មជាតិមិនខ្វះទីផ្សារនោះទេ ហើយតម្រូវការកើនឡើងជាលំដាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ