អ្នកលក់ឪឡឹកផ្លូវទៅភ្នំប្រសិទ្ធមួយថ្ងៃដាច់អស់ ៥ តោន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ ៤២ ឬហៅថា ផ្លូវបែកចាន-ភ្នំប្រសិទ្ធ ទៅដល់ត្រង់ចំណុចភូមិខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះ នឹងបានឃើញតូបលក់ផ្លែឪឡឹកចំនួន ៣ តូបដែលនៅជាប់គ្នា ។ នៅទីនោះមានផ្លែឪឡឹកលក់ស្ទើរគ្រប់រដូវកាល អ្នកធ្វើដំណើរតាមផ្លូវនេះតែងតែឈប់ទិញឪឡឹកនៅទីនោះទទួលទានពីព្រោះកន្លែងនេះ មានលក់ឪឡឹកច្រើនឆ្នាំ មកហើយ អ្នកឆ្លងកាត់សឹងតែមានទម្លាប់ចុះទិញទៅហើយ ។

អ្នកស្រី សារ៉ន ហៅ ស្រីឡែន វ័យជាង ៣០ ឆ្នាំ គឺជាម្ចាស់តូបមួយក្នុងចំណោមតូបលក់ផ្លែឪឡឹកទាំង ៣ ខាងលើ ។ អ្នកលក់រូបនេះ មានភាពរួសរាយរាក់រហ័សរហួន តូបលក់ឪឡឹករបស់គាត់សង់នៅមុខផ្ទះជាប់និងចិញ្ចើមផ្លូវជាតិលេខ ៤២ នោះតែម្ដង ។ គាត់បាននិយាយថា បានចាប់របរលក់ផ្លែឪឡឹកនេះ រយៈពេលជាង ៥ ឆ្នាំមកហើយ ។

«ក្នុងថ្ងៃខ្លះខ្ញុំអាចលក់អស់ ១ រថយន្តចំណុះ ៥ តោនឯណោះ ។ ខ្ញុំអាចរកប្រាក់កម្រៃពីការលក់ផ្លែឪឡឹកនេះក្នុង ១ ថ្ងៃបានចន្លោះពី ១០ ទៅ ២០ ម៉ឺនរៀល ដែលជាប្រាក់ចំណេញ ។ ចំណែកផ្លែឪឡឹកដែលខ្ញុំដាក់លក់នេះ គឺបានប្រមូលទិញពីកសិករនៅក្នុងភូមិខាងលើខ្លះ និងអ្នកភូមិនៅជិតនោះខ្លះដែលបានដាំនៅក្នុងដីស្រែធម្មជាតិពិតៗ ហើយកសិករបានប្រើប្រាស់ជីអាចម៍គោ ឬអាចម៍មាន់ មិនប្រើជីគីមីនោះឡើយ» អ្នកស្រី ឡែនបានិយាយទំាងទឹកញញឹម ។

តាមពិតទៅអ្នកស្រីមិនមែនជាអ្នកភូមិនៅទីនោះទេ ។ គាត់ជាអ្នកខេត្តត្បូងឃ្មុំ មានស្វាមី និងកូន ២ នាក់ ប៉ុន្តែបានមករស់នៅភូមិខ្នំនេះច្រើនឆ្នាំហើយ ។សព្វថ្ងៃគ្រួសារអ្នកស្រី ចាប់យកមុខរបរលក់ផ្លែឪឡឹក និងមានរថយន្តដឹកដីដែលជាកិច្ចការរបស់ស្វាមីអ្នកស្រី ។ «ប្តីគាត់អ្នកបើកឡានដឹកដី ដោយខ្លួនឯងពុំជួលតៃកុងឲ្យបើកឡើយ ។ ចេះតែរកគ្រប់មុខទៅទាន់គ្រាន់បានទុបគ្នា ។ ក្រៅពីនេះគាត់ក៏មានមុខរបរជាអ្នកឈ្មួញកណ្តាលទិញលក់ដីឡូត៍ និងផ្ទះល្វែងផងដែរ ឲ្យតែមានអ្នកចង់ទិញ គឺគាត់នាំទៅទិញភ្លាម ដើម្បីទទួលបានប្រាក់កម្រៃជើងសារ» និយាយបណ្តើរអ្នកស្រី អ្នកស្រីរើសផ្លែឪឡឹកដែលចាក់គរឲ្យភ្ញៀវបណ្តើរ គាត់និយាយប្រាប់ភ្ញៀវថា «អាមួយនេះទុំល្អ ជាឪឡឹកធម្មជាតិ» ។

ក្រៅពីផ្លែឪឡឹកនៅក្នុងតូបអ្នកស្រីឡែន មានលក់ ផ្លែទៀប ដំឡូងជ្វា ប៉ិះគក់ ត្រសក់ស្រូវ ខ្នុរ និងផ្លែឈើជាច្រើនទៀតផងដែរ ។ នៅពេលនេះគឺជារដូវប្រមូលផលផ្លែឪឡឹក ដូច្នេះហើយបានជាតូបទំាងបីនៅទីនោះពោលពាសដោយឪឡឹក ។ បើតាមអ្នកលក់ផ្លែឪឡឹកខាងលើថា ការលក់ដូរច្រើនឆ្នាំកន្លងមកនេះធ្វើឲ្យគាត់មានម៉ូយច្រើន ហើយម៉ូយរបស់គាត់តែងតែទៅជួយទិញកន្លែងគាត់ពុំដែលហួសទៅទិញអ្នកផ្សេងនោះឡើយលើកលែងតែគាត់បិទទ្វារអត់លក់ ឬក៏កន្លែងគាត់អត់មានផ្លែឈើដែលម៉ូយត្រូវការ ៕


ចែករំលែកព័តមាននេះ