ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​បុរាណ​មាន​អាយុកាល​ជាង​១​សតវត្ស រង​ការ​បាក់បែក​ប្រេះស្រាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះ​វិហារ​ដ៏​ចំណាស់​មួយ មាន​អាយុកាល​ជាង​១០០​ឆ្នាំ នៅ​ក្នុង​វត្ត​ម​ជ្ឈឹ​ម​វ័នកំពុង​រង​ការ​បាក់បែក​ប្រេះស្រាំ​ស្ទើរ​គ្រប់សព្វ​កន្លែង នៃ​ផ្ទៃ​វិហារ ទៅ​ហើយ

រាជធានី​ភ្នំពេញ ៖ ព្រះ​វិហារ​ដ៏​ចំណាស់​មួយ មាន​អាយុកាល​ជាង​១០០​ឆ្នាំ នៅ​ក្នុង​វត្ត​ម​ជ្ឈឹ​ម​វ័ន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ កំពុង​រង​ការ​បាក់បែក​ប្រេះស្រាំ​ស្ទើរ​គ្រប់សព្វ​កន្លែង នៃ​ផ្ទៃ​វិហារ ទៅ​ហើយ ។

យ៉ាងណាមិញ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​បុរាណវិទ្យា​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ពិនិត្យ​អំពី​ស្ថានភាព​ព្រះ​វិហារ និង​បិទ​ស្កុ​ត​ក្រដាស​នៅ​កន្លែង​ប្រេះ​រហែក ក្នុង​គោលបំណង​តាមដាន​ពី​ការ​ប្រែប្រួល​របស់​ព្រះ​វិហារ នៃ​វត្ត​ម​ជ្ឈឹ​ម​វ័​ន្ត ក្នុង​គោលបំណង​សិក្សា​ ដើម្បី​ជួសជុល​ព្រះ​វិហារ​ចំណាស់​មួយ​នេះ ។

ព្រះ​វិហារ​ដ៏​ចំណាស់ មួយ​នេះ​ត្រូវ​បាន​កសាង​ឡើង នៅ​ដើម​ឆ្នាំ ១៩០០ ដោយ​មាន​ផ្ទៃ​ទំហំ ១០​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ។ តាម​ការ​​អ​ង្គេ​ត​​ឃើញ ជាក់ស្តែង​ឃើញ​ថា ស្ថានភាព​វិហារ​មាន​លក្ខ​ណៈចាស់​ទ្រុត​ទ្រោម ដោយ​ក្នុង​នោះ ផ្ទៃ​កណ្តាល នៃ​វិហារ គឺ​មានការ​បាក់​ប្រេះ​ខ្លាំង ហើយ​ផ្នែក​មួយ​ចំនួន​ក៏​មានការ​ប្រេះស្រាំ បូក​រួម​ទាំង​ដំបូល​វិហារ ក៏​ចាស់​បាក់បែក​ផង​ដែរ ។

តាម​សង្ឃដីកា​របស់​ព្រះ​ស​ង្ឈ​២​អង្គ ដែល​គង់​ក្នុង​វត្ត បាន​អោយ​ដឹង​ថា វិហារ​មាន​សភាព​បែប​នេះ​មក​យូរហើយ ហើយ​កន្លង​ទៅ​ក៏​ធ្លាប់​មានការ​ធ្លាក់​បំណែក​ខ្លះ នៃ​ផ្ទៃ​ដំបូល​ចុះ​មក​ក្រោម​ផង​ដែរ ប៉ុន្តែ​ពុំដែល​បង្ក​អោយ​មាន​អ្នក​រង​របួស​ឡើយ ដោយសារ​តែ​សភាព​​ដំបូល​ចាស់ ។

ព្រះ​អង្គ​មាន​ថេរ​ដីកា បន្ត​ថា ដោយសារ​សភាព​ចាស់​ទ្រុឌ​ទ្រោម ព្រះ​ស​ង្ឃ​​ក្នុង​វត្ត តែងតែ​​មានការ​ប្រយ័ត្នប្រយែង​ជា​និច្ច ជៀសវៀង​ការ​បាក់​ធ្លាក់រ​លំដោយ​កត្តា​ណាមួយ ។ ហើយ​វត្ត​ក៏​ពុំ​អនុញ្ញាត្តិ​អោយ​មានការ​ជួបជុំ​ប្រតិបត្តិ​ធម៌​ក្នុង​ចំនួន​ស​ង្ឃ​ច្រើន​ឡើយ ហើយ​ពេល​ចប់​ការ​ប្រតិបត្តិ​ធម៌ ក៏​ណែនាំ​អោយ​ចេញ​ក្រៅ​វិហារ រួច​ធ្វើការ​ចាក់សោរ​ផង​ដែរ ។

ជុំវិញ​ការ​បាក់បែក​ប្រេះស្រាំ​ព្រះ​វិហារ​ដ៏​ចំណាស់​នេះ ព្រះ​គ្រូ សង្គម​មុន សឿង សុ​វ​ណ្ណា ព្រះ​ចៅអធិការ​វត្ត​ម​ជ្ឈឹ​ម​វ័ន បាន​មាន​សង្ឃដីកា​ប្រាប់​កោះសន្តិភាព អោយ​ដឹង​ថា ៖ ព្រះ​វិហារ​នេះ មាន​សភាព​នេះ​តាំងពី​យូរ​មក​ហើយ ពោល​​គឺ​តាំងពី​ពេល​ដែល​ព្រះ​អង្គ មក​កាន់​ជា​ចៅអធិការ​វត្ត​នៅ​ឆ្នាំ​២០១០ គឺ​វិហារ​មាន​សភាព​បែប​នេះ​ទៅ​ហើយ ប៉ុន្តែ​គ្រា​កាលនោះ​មិន​ទាន់​មានការ​បាក់បែក ឬ​ប្រេះស្រាំ​កាន់​ខ្លាំង​ដូច​បច្ចុប្បន្ន​នេះ​ទេ ។

ព្រះ​ចៅអធិការ បាន​មាន​សង្ឃដីកា​បន្ត​ថា កាលពី​ពេល​កន្លង​ទៅ ខាង​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ រួម​ទាំង​ថ្នាក់​ក្រសួង ធ្លាប់​បាន​ចុះ​មក​ពិនិត្យ និង​ធ្វើការ​វាយតម្លៃ​ចំនួន​២​លើក​កន្លង​ទៅ​ហើយ ដោយ​ក្នុង​នោះ​លើក​ទី​១ ​គឺ​ចុះ​មក​ពិនិត្យ​ហើយ​សុំ​គោលការណ៍​បន្ត​ទៅ​ថ្នាក់លើ ។ ក្រោយមក លើក​ទី​២ ក៏​មាន​ក្រុមការងារ​បច្ចេកទេស​ផ្នែក​ជួសជុល បាន​មក​ពិនិត្យ​ម្តងទៀត​ផង​ដែរ ។ ក្រោយ​ការ​ពិនិត្យ​ទាំង​២​លើក​នេះ​រួច វិហារ​នឹង​មាន​ជួសជុល​អោយ​ល្អ​ឡើង​វិញ ប៉ុន្តែ​មិន​ទាន់​ដឹង​ពេលវេលា​ច្បាស់លាស់​នោះ​ទេ ថា ​តើ​ក្រុមការងារ​ជំនាញ នឹង​ចាប់ផ្តើម​ដំណើរការ​ការ​ជួសជុល​នៅ​ពេល​ណា​ប្រាកដ​នោះ?

ព្រះ​ចៅអធិការ បាន​បញ្ជាក់​ថា បើ​ទោះបីជា​ព្រះ​វិហារ​មានការ​បែកបាក់​ប្រេះស្រាំ​ក៏​ដោយ ប៉ុន្តែ​ព្រះ​ស​ង្ឈ​ក្នុង​វត្ត​នៅ​តែ​ចេញចូល​ធម្មតា ព្រោះ​ព្រះ​វិហារ​ជាទី​កន្លែង​ដែល ព្រះ​ស​ង្ឃ​​ត្រូវ​ធ្វើការ​បំពេញ ឬ​ប្រតិបត្តិ​ធម៌​តាម​គន្លង​របស់​ព្រះពុទ្ធ​សាសនា ។

សូម​បញ្ជាក់​ថា ព្រះ​វិហារ មាន​រចនាសម្ព័ន្ធ​ធ្វើ​ពី​ឈើ មាន​ជញ្ជាំង​សាងសង់​ឥត​បូក​បាយ អ ។ ឯ​សសរ​ខាងក្រៅ​ធ្វើ​ពី​ប៉េ​តុង​០៦​ដើម ទ្រ​ដំបូល​ដោយ​គ្រុឌ​ទាំងអស់ ។ ហោជាង​ខាងកើត គេ​លម្អ​ដោយ​ក្បាច់​ភ្ញីភ្លើង ដែល​តំណាង ឬ​ទាក់ទង​នឹង​ព្រះរាជា ស្របគ្នា​នឹង​ការ​​រៀប​រ៉ាប់​ក្នុង​ឯកសារ​វត្ត ។ នៅ​ទិស​ខាងកើត មាន​ទ្វារ​៣ ខ​ណៈ​ទិស​ខាងលិច​មាន​ទ្វារ​តែ​២ រីឯ​ទិស​ខាងជើង និង​ខាងត្បូង​មាន​ទ្វារ ៤ ដែល​ទ្វារ​នីមួយ​ៗ​លម្អ​ដោយ​សិ​ល្បៈ​​ក្បាំងមុខ​ភ្ញី​អង្គរ ។ គ្រុឌ រងស្បូវ ស៊ុមទ្វារ ជញ្ជាំង និង​សសរ​ខាងក្រៅ ប្រហែល​ត្រូវ​បាន​កែ កាលពី​សម័យ​សង្គម ។ នៅ​ក្នុង​ព្រះ​វិហារ មាន​ព្រះ​គង់​លើ​ប​ល្ល៍​ង​មហា​បញ្ជា​ក្បាច់​អង្គរ សសរឈើ និង​សិ​ល្បៈ​​សា​ណឹ លើ​សល់​ដាន​បិទ​កញ្ចក់​តិចតួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ