រាជធានីភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី៥ បានចេញបទបញ្ជាយ៉ាងដាច់ខាត ក្នុងការទប់ស្កាត់ការលួចនាំចូលរថយន្តបង្កួតស្តាំមកក្នុងប្រទេស ។

យោងតាមលិខិតរបស់លោក ឧត្តមសេនីយ៍ឯក ឯក សំអូនមេបញ្ជាការយោធភូមិភាគី៥ ចេញផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ពីបទបញ្ជស្តីពីការទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេស ថា សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចំណាររបស់សម្តេចតេជោ យោធភូមិភាគទី៥ ចេញបទបញ្ជាដូចជា គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្ដោយព្រំដែនត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្ដាស្ថាប័នដែលមានការពាក់ព័ន្ធទប់ស្កាត់ឲ្យបានដាច់ខាតនូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្ដោយព្រំដែន ។

ប្រភពបន្តថា ក្នុងករណីមានយោធិនណាឃុបឃិតក្នុងការលួចនាំចូលរថយន្តចង្កូតស្ដាំតាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់ ។

លោកកឧត្តមសេនីយ៍ឯកបានលើកឡើងទៀតថា មេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣(ប៉ៃលិន-សំឡូត) និងទិសទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះជូនដល់មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានឆាប់បំផុត ៕

ចែករំលែកព័តមាននេះ