រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមេដឹកនាំថៃចេញបទបញ្ជាទៅកងទ័ពបញ្ឈប់ការប្រើប្រាស់ចម្ពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ដែលការណ៍នេះអាចនឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ស្វែងរកបានយ៉ាងលំបាក។
សម្តេចតេជោ ហ៊ុន សែន បង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅរាត្រីថ្ងៃទី៨ ខែសីហានេះថា សម្ដេចសង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលភ្ជាប់ទៅជាមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមពិតសម្ដេចមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ចម្ពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។
សម្តេចតេជោ បានគូសបងញ្ជាក់ថា រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
«វានឹងប្រែក្លាយពីការប្រើចម្ពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាម៉េរិក ស្វែងរកបានយ៉ាងលំបាក»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាប្រសិនមានប្រើ សម្ដេចសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់៕
ចែករំលែកព័តមាននេះ