រាជធានីភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស ៖ កិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងថៃ ស្តីពីយន្តការសម្រាប់អនុវត្តបទឈប់បាញ់ នេះបើយោងតាមស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ ។
១. ប្រទេសជប៉ុនសូមចូលរួមសាទរប្រទេសកម្ពុជា និងថៃ ដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀង ស្តីពីយន្តការសម្រាប់អនុវត្តបទឈប់បាញ់ រួមទាំងបញ្ឈប់រាល់ការវាយប្រហារទាំងអស់ ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ី។ ប្រទេសជប៉ុនក៏សូមសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ។
២. ប្រទេសជប៉ុន បានចាត់ទុកថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុន បាននិងកំពុងធ្វើការជាមួយនឹងប្រទេសទាំងពីរ តាំងពីដើមមក ដើម្បីបន្ធូរបន្ថយភាពតានតឹង ។
៣. រដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍តានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ៕
ចែករំលែកព័តមាននេះ