ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់នំពុម្ពមួយថ្ងៃរស់មួយថ្ងៃបារម្ភគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលពេលកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រកបរបរលក់នំពុម្ពតាមរទេះរុញកណ្តាលក្រុងភ្នំពេញចិញ្ចឹមជីវិតប្រពន្ធកូនៗ ។ រៀងរាល់ថ្ងៃគាត់រុញរទេះ ដែលមានចង្រ្កានចាក់នំមួយនៅពីលើ តាមដងផ្លូវដើម្បីប្រកបរបរចិញ្ចឹមជីវិត ។ នំចាក់ក្តៅៗលក់ភ្លាមៗ នៅពេលស្ងាត់ភ្ញៀវទិញ…

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រកបរបរលក់នំពុម្ពតាមរទេះរុញកណ្តាលក្រុងភ្នំពេញចិញ្ចឹមជីវិតប្រពន្ធកូនៗ ។ រៀងរាល់ថ្ងៃគាត់រុញរទេះ ដែលមានចង្រ្កានចាក់នំមួយនៅពីលើ តាមដងផ្លូវដើម្បីប្រកបរបរចិញ្ចឹមជីវិត ។ នំចាក់ក្តៅៗលក់ភ្លាមៗ នៅពេលស្ងាត់ភ្ញៀវទិញ អ្នកលក់តែងតែរកកន្លែងមានដើមឈើមានម្លប់ឈរចាក់នំបានមួយចំនួន ទើបរុញរទេះបន្តរកម៉ូយទៀត ។ នៅពេលដែលការលក់ដូរនំ ចំណីអាហារសម្បូរនាពេលបច្ចុប្បន្ននេះ នំបុរាណខ្មែរមួយប្រភេទនេះ ពេលខ្លះពិបាករកទិញណាស់នៅក្នុងទីក្រុង ។ លោក ឆៃ ផេត គាត់មានរទេះរុញមួយសម្រាប់លក់នំពុម្ពចិញ្ចឹមជីវិត ដែលជាទូទៅគាត់ចល័យពីផ្សារដើមថ្កូវទៅផ្សារទួលទំពូង ។

នំពុម្ពបានផ្តល់ប្រាក់ចំណូលសម្រាប់ឲ្យបុរសរូបនេះចិញ្ចឹមប្រពន្ធ និងកូនពីរនាក់នៅទីក្រុង បន្ទាប់ពីលោករកសុីផលិតស្រាសនៅស្រុកកំណើតខាតចុង ខាតដើមនោះ ។ «កាលពី ៤ ឆ្នាំមុន ខ្ញុំមានរបរបិតស្រា និងចិញ្ចឹមជ្រូក តែការចិញ្ចឹមជ្រូកមិនកាក់កបសោះ ខ្ញុំចិញ្ចឹមចេះតែមានជំងឺ ងាប់ ឬលក់បានថោកធ្វើឲ្យខ្ញុំខាតបង់ដើមទុន សម្រេចនាំប្រពន្ធមកភ្នំពេញលក់នំពុម្ពនេះ ដោយជួលបន្ទាប់គេស្នាក់នៅ» ។ 

ក្នុងមួយថ្ងៃៗ លោក ផេត អាចលោកនំពុម្ភបាន ១០ ម៉ឺនរៀល ក្នុងនំពុម្ពមួយតម្លៃ ១ ពាន់រៀល ។ ទោះបីនៅក្នុងពេលកូវីដ ១៩ នេះ ការលក់នំរបស់លោកមិនធ្លាក់ចុះនោះទេគឺលោកអាចលក់នំដាច់ក្នុងរង្វង់ ១០ ម៉ឺនរៀលជាដដែល គ្រាន់តែការចំណាយលើវត្ថុធាតុដើមកើនជាងមុន ពីព្រោះទំនិញលក់នៅផ្សារអ្វីៗក៏ឡើងថ្លៃធ្វើឲ្យការចំណេញកាន់តែធ្លាក់ចុះ ។ សម័យកូវីដ នេះ អីវ៉ាន់គ្រប់មុខឡើងថ្លៃ ដូចជា ៖ អង្ករ និងដូងនោះ ស្ករត្នោត ។ លុយដែលខ្ញុំរកបានក្នុងមួយថ្ងៃជាង ១០ ម៉ឺននេះ គ្រាន់តែយកទៅទូរទាត់ផាត់ថ្លៃទិញរបស់របរមកធ្វើនំសឹងអស់ទៅហើយនាពេលឥឡូវនេះ មិនសូវបានសល់ច្រើនទេ ។

ជាមធ្យមលោកថា អាចសល់ពី ៣ ទៅ ៤ ម៉ឺនរៀល គ្រាន់សន្សំបង់ថ្លៃបន្ទប់ជួល ដែលមានតម្លៃក្នុងក្នុង ១ ខែ ៥០ ដុល្លារ និងការចំណាយថ្លៃទឹក ភ្លើងទៀត។ លោក ឆៃ ផេត ថា នំពុម្ពលោកដាក់ដូងច្រើន ឈ្ងុយ អ្នកធ្លាប់ទិញនំលោកគេនិយមទទួលទានជាអាហារសម្រន់ចន្លោះពេលបាយព្រឹក និងថ្ងៃត្រង់ ។ អ្នកទិញខ្លះយកទទួលទានជាមួយកាហ្វេផង ។

បុរសអ្នកលក់នំនេះមានស្រុកកំណើតនៅក្នុងភូមិអណ្តូង ឃុំ មេសព្រះចន្ទ័ ស្រុកពារាំង ខេត្តព្រៃវែង ។ លោកបានឲ្យដឹងថា ជីវិតអ្នករកប្រាក់មួយថ្ងៃដើម្បីរស់មួយថ្ងៃមានការលំបាកណាស់នាសម័យកូវីដ ១៩ នេះ លោកថា បើទំនិញកាន់តែឡើងថ្លៃ ការចាយវាយកាន់ច្រើនចំណូលដដែលបែបនេះ លោកបារម្ភថា ការរកទទួលទានយូរទៅៗមិនអាចរកលុយបង់ផ្ទះជួលបានទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ