ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលថ្ងៃមុន ក្រសួងការងារ ថ្ងៃនេះ ស្ថានទូត​កម្ពុជា នៅអូស្ត្រាលី! សូមកុំចាញ់បោកគេ រឿង​ជ្រើស​រើសពលករ ទៅធ្វើការនៅអូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី ​បានចេញប្រកាស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋខ្មែរ កុំ​ចាញ់បោកគេ ពាក់ព័ន្ធនឹង​ការជ្រើសរើស​ពលករខ្មែរ…

ភ្នំពេញ៖ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី ​បានចេញប្រកាស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋខ្មែរ កុំ​ចាញ់បោកគេ ពាក់ព័ន្ធនឹង​ការជ្រើសរើស​ពលករខ្មែរ ទៅធ្វើការនៅ​ប្រទេសអូស្ត្រាលី។ ពោល​គឺ​​​មក​​ដល់​​ពេល​​នេះ គម្រោងផ្តល់​ទិដ្ឋាការ​កសិកម្មរបស់ប្រទេស​អូស្ត្រាលី កំពុងស្ថិតក្នុងការចរចា​ជាមួយ​​​ប្រទេស​កម្ពុជា​យើង ដើម្បី​បញ្ជូនពលករ​ខ្មែរ ទៅធ្វើការនៅប្រទេសអូស្ត្រាលី​ដោយស្របច្បាប់​។

សេចក្តី​ប្រកាសរបស់ស្ថានឯកអគ្គរាជ​ទូតកម្ពុជា ​ប្រចាំ​ប្រទេស​អូស្ត្រាលី លើកឡើងថា ថ្មីៗនេះ មានសារព័ត៌មាន ​បណ្តាញសង្គម ក្រុមហ៊ុនឯកជន និង​បុគ្គលមួយចំនួន បានដើរ​បំផុសបំផុល ផ្តល់​ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃ​ការពិត​ក្នុង​ចេតនា​បោក​ប្រាស់​ជ្រើសរើស​ពលករខ្មែរ មកធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី ក្រោមគម្រោងទិដ្ឋាការ​កសិកម្មថ្មី ( Australian Agriculture Visa ) របស់​​ប្រទេស​អូស្ត្រាលី​។

សេចក្តី​ប្រកាសលើកឡើងថា ករណីនេះ ដើម្បីជៀសវាង​ការចាញ់​បោក​ជនខិលខូច​ ឆ្លៀតឱកាស ស្ថានទូតសូម​បំភ្លឺជូន​ថា ​បច្ចុប្បន្ន រដ្ឋាភិ​បាលអូស្ត្រាលី ( ក្រសួងការបរទេស មហាផ្ទៃ និងក្រសួងកសិកម្ម​អូស្ត្រាលី ) កំពុងពិភាក្សា​នៅឡើយ​លើ​ការរៀបចំ​គម្រោងទិដ្ឋាការ កសិកម្ម ថ្មី ជាមួយនឹង​ការកំណត់លក្ខខណ្ឌ​ផ្សេងៗ ក្នុងការទទួលបានទិដ្ឋាការនេះ​។ គម្រោងទិដ្ឋាការ​កសិកម្មថ្មីនេះ នឹងផ្តល់ឱកាសដល់​ពលរដ្ឋ​ប្រទេសមួយចំនួន​ នៅក្នុងតំបន់អាស៊ី អាចមក​ធ្វើការនៅ​ប្រទេស​អូស្ត្រាលី​លើវិស័យកសិកម្ម រួមទាំងឧស្សាហកម្មកែច្នៃសាច់​ផងដែរ​ ( Agriculture sector including meat processing) ជាមួយ​នឹង​ការផ្តល់ឱកាស​ អាចស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករ​នោះ ​បំពេញ​បានតាមលក្ខខណ្ឌ និងមានតម្រូវការ​ជាក់ស្តែង​ពីរដ្ឋាភិ​បាលអូស្ត្រាលី​។ តាមគម្រោង ទិដ្ឋាការថ្មីនេះ នឹងពិភាក្សា​ចប់សព្វគ្រប់ នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ​។ ជាមួយ​គ្នានេះ រដ្ឋាភិ​បាលអូស្ត្រាលី នឹងធ្វើការពិភាក្សា​ចរចាទ្វេភាគីជាមួយ​ប្រទេសដៃគូ​មួយចំនួន​ នៅ​ក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មី​នេះ។

ស្ថានទូតកម្ពុជា លើកឡើងថា ក្រោមគោលការណ៍​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការស្វែងរក​ទីផ្សារការងារ​ជូនពលករខ្មែរ កន្លងមក ស្ថានទូត បានខិត​ខំ​ស្វះស្វែង​រកទីផ្សារ​ការងារជូន​បងប្អូនខ្មែរទាំងនៅប្រទេសអូស្ត្រាលី ក៏ដូចជា ​ប្រទេស​នូវែលហ្សេឡង់ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល​ប្រទេសនិមួយៗជា​បន្តបន្ទាប់​។ ចំពោះគម្រោង​ទិដ្ឋាការកសិកម្ម​ថ្មីនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ​ក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ និងកិច្ចសហការ​គាំទ្រ​ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ស្ថានជទូតបានត្រៀមខ្លួនជាស្រេចក្នុងការ​បន្តជួប​ចរចា​រកទីផ្សារ​ការងារជូនពលករខ្មែរ ជាមួយរដ្ឋាភិបាលអូស្ត្រាលី​។

ស្ថានទូតកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ គម្រោងទិដ្ឋាការ​កសិកម្មនេះ កំពុងស្ថិត​ក្នុងដំណាក់កាលរៀបចំ​នៅឡើយ ហើយរដ្ឋាភិ​បាលអូស្ត្រាលី នៅពុំទាន់​សម្រេចថា នឹងផ្តល់ទិដ្ឋាការ​​ប្រភេទនេះ ជូនកម្ពុជា ឬ​ប្រទេសណាមួយ​នៅឡើយទេ​។ ហេតុនេះ ស្ថានទូត​ស្នើបងប្អូន​​ ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះរាល់​ការផ្សព្វផ្សាយ​ព័ត៌មានពីការជ្រើសរើស​ និងការបញ្ជូន​ពលករខ្មែរ មកធ្វើការនៅ​ប្រទេសអូស្ត្រាលី​ ដោយទីភ្នាក់ងារជ្រើសរើស ​បុគ្គល​ ឬអង្គភាពណាមួយ​។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ ក៏បានចេញ​ប្រកាស​ កុំ​ឲ្យប្រជាពលរដ្ឋខ្មែរយើង ប្រយ័ត្ន​ចាញ់​បោកគេ​ ចំពោះការផ្សព្វផ្សាយជ្រើសរើស​ពលករខ្មែរ ទៅធ្វើការនៅប្រទេស​អូស្ត្រាលី​នេះ​។

យ៉ាងណាក៏ដោយ អាជ្ញាធរសមត្ថកិច្ចយើង ត្រូវតែចាត់វិធានការ​នឹង​អ្នកផ្សព្វផ្សាយ​ដំណឹង​ជ្រើសរើស​ពលករទៅធ្វើការ​នៅប្រទេសអូស្ត្រាលីនេះ ដើម្បីទប់ស្កាត់ កុំ​ឲ្យប្រជាពលរដ្ឋយើង ខាតបង់ ក្នុងអំឡុងពេលកូវីដនេះ បន្ថែមលើសេចក្តីជូនដំណឹង​ពីក្រសួងការងារ និង​ស្ថានទូត​កម្ពុជា ប្រចាំប្រទេសអូស្ត្រាលី​៕