ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៧​ប្រការ​ដែល​ព្រះ​ឥន្ទ​រក្សា​កាល​នៅ​ជា​មនុស្ស

4 ឆ្នាំ មុន

បិដក​ត្រង់​បឋម​ទេវ​សូត្រ​មាន​សម្តែង​ថា សម័យមួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​របស់​អនាថបិណ្ឌិ​ក​​សេដ្ឋី ជិត​ក្រុង​សាវត្ថី គ្រានោះ​ព្រះ​អង្គ​ត្រាស់​យ៉ាងនេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សក្កទេវរាជ​គឺ​ព្រះ​ឥន្ទ​នោះ​ឯង កាល​កើតជា​មនុស្ស​ក្នុង​ជាតិ​មុន បាន​សមាទាន​រក្សា​នូវ​ធម៌​៧​ប្រការ​អស់​មួយ​ជីវិត​ទើប​ព្រះ​អង្គ​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​ស្តេច​នៃ​ទេវតា​ទាំងឡាយ ។ ធម៌​ទាំង​៧​ប្រការ​នោះ​តើ​ដូច​ម្ដេច​ខ្លះ ?

ធម៌​ទាំង​៧​ប្រការ​នោះ​គឺ​សក្កទេវរាជ​បាន​សមាទាន​ថា អាត្មាអញ​ត្រូវជា​អ្នក​ចិញ្ចឹម​មាតាបិតា អស់​មួយ​ជីវិត ១, ត្រូវ​គោរព​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​អស់​មួយ​ជីវិត ១, ត្រូវ​មាន​វាចា​ល្អិត​ទន់អស់​មួយ​ជីវិត ១, មិន​ត្រូវ​មាន​វាចា​ញុះញង់​អស់​មួយ​ជីវិត ១ ។

ត្រូវ​មានចិត្ត​ប្រាសចាក​សេចក្ដី​កំណាញ់​ជា​មន្ទិល មាន​ទាន​បរិច្ចាគ​ហើយ មានដៃ​លាង​ចាំ​ស្មូម ហើយ​ត្រេកអរ​ក្នុង​ការ​លះបង់​ក្នុង​ការ​ឲ្យ និង​ការ​ចែករំលែក​អស់​មួយ​ជីវិត ១, ត្រូវ​មាន​សម្ដី​ទៀងទាត់​អស់មួយ​ជីវិត ១, មិន​ត្រូវ​មាន​សេចក្ដី​ក្រោធ បើទុកជា​សេចក្ដី​ក្រោធ​កើតឡើង​ដល់​អាត្មាអញ អាត្មាអញត្រូវ​តែ​ប្រញាប់​បន្ទោបង់​នូវ​សេចក្ដី​ក្រោធ​នោះ​ចេញ​អស់​មួយ​ជីវិត ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ សក្កទេវរាជ​កាល​កើតជា​មនុស្ស​ក្នុង​ជាតិ​មុន​បាន​សមាទាន​នូវ​ធម៌​ទាំង​៧​ប្រការ​នេះឯងដោយ​បរិបូរ​ណ៌ ហើយ​ព្រោះតែ​ព្រះអង្គសមាទាន​ធម៌​ទាំង​៧​ប្រកា​នេះឯង​ ទើប​សក្កទេវរាជ​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​ស្តេច​នៃ​ទេវតា​ទាំងឡាយ ៕ សាន សារិន