ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក​បើក​កិច្ចប្រជុំ​ទប់ស្កាត់​មហន្ដរាយ​បឹង​ទន្លេសាប

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​គណៈ​អភិបាលខេត្ដ​ទាំង​៦ មាន​ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និង​ខេត្ដពោធិ៍សាត់ និង​ស្ថាប័ន​ពាក់ ព័ន្ធ​ចូលរួម​ប្រជុំ​ពិភាក្សា​លើ​ការ​កំណត់​តំបន់​៣ និង​វិធានការ​លើ​បណ្ដា​អាង​ទឹក​ក្នុង​តំបន់​២ នៃ​បឹង​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ក្រោម​អធិបតីភាព​លោក​លឹ​ម គាន​ហោ រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅសាល​ប្រជុំ​ក្រសួង

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​គណៈ​អភិបាលខេត្ដ​ទាំង​៦ មាន​ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និង​ខេត្ដពោធិ៍សាត់ និង​ស្ថាប័ន​ពាក់ ព័ន្ធ​ចូលរួម​ប្រជុំ​ពិភាក្សា​លើ​ការ​កំណត់​តំបន់​៣ និង​វិធានការ​លើ​បណ្ដា​អាង​ទឹក​ក្នុង​តំបន់​២ នៃ​បឹង​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ក្រោម​អធិបតីភាព​លោក​លឹ​ម គាន​ហោ រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅសាល​ប្រជុំ​ក្រសួង ដើម្បី​មាន​វិធានការ​ការពារ​ទាន់​ពេលវេលា ទប់ស្កាត់​គ្រោះ​មហន្ដរាយ​ដែល​នឹង​អាច​កើត​មាន​យ៉ាងធ្ងន់ធ្ងរចំពោះ​បឹង​ទន្លេសាប និង​បណ្ដា​តំបន់​ពាក់ព័ន្ធ​។លោក​លឹ​ម គាន​ហោ បញ្ជាក់​ថា កិច្ចប្រជុំ ថ្ងៃនេះគឺ​អនុវត្ដ​ទៅ​តាម​ការ​សំរេច​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​កំណត់​តំបន់​៣ នេះជា​តំបន់​ត​ភ្ជាប់​របស់ព្រៃ​លិច​ទឹក និង​ផ្ទៃទឹក​នៃ​បឹង​ទន្លេសាប លាតសន្ធឹង​ដោយ​ព្រៃ ស្មៅ ល្បាស់ ព្រៃស្រោង ព្រៃ​លិច​ទឹក ។ តាម រយៈ​រូបថតដែល​ថត​ពីលើ​យន្ដហោះ​បង្ហាញថា ព្រៃ​លិច​ទឹក​ដែល​កំពុង​ត្រូវ​បាន​ដុត​បំផ្លាញ គឺ​មាន​រាប់រយ​រណ្ដៅ​នៅ​ក្នុង​តំបន់​៣​នេះ​តែម្ដង ហើយ​ការ​ដុត​បំផ្លាញ​នេះ គឺ​មិនមែន​រកសត្វ​នៅ​ទីនោះ​ទេ ។ ក្រុមការងារ​បាន​ចុះ​ទៅស្រាវជ្រាវ​អស់​រយៈពេល​ជាង​៣​ខែ គឺ​ស្រាវជ្រាវ​តាម​រយៈ​រូបថតពីលើ​អាកាស​ដែល​មាននៅ​ឆ្នាំ​២០០៥ ។ ការ​ស្រាវជ្រាវ​ទី​២ គឺ​តាមរូបថត​ថ្មី​ៗ ជាក់ស្ដែង​ដែល​ថត​ពីលើ​អាកាស និង​ការ​ស្រាវជ្រាវ​ទី​៣ គឺ​ចុះ​ប្រតិបត្ដិការ​ផ្ទាល់តែ​ម្ដង​នៅ​ខេត្ដ​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ។ពាក់ព័ន្ធ​នឹង​ការងារ​ចុះ​ទៅ​ប្រតិបត្ដិការ ផ្ទាល់លោក​លឹ​ម គាន​ហោ បាន​បង្ហាញ​លទ្ធផល និង​តួលេខ​ជាក់ស្ដែង ។

នៅ​ខេត្ដកំពង់ធំ តាម​ការ​ថត​ពីលើ​យន្ដហោះ​នា​ពេល​ថ្មី​ៗ​នេះបង្ហាញ​ឱ្យ​ឃើញ​ថា ផ្ទៃក្រឡា​នៃ​តំបន់​៣​នេះ នៅ​សល់​តែ​៣.១៣០​ហិ​កតា​ប៉ុណ្ណោះ បើប្រៀបធៀប​នឹង​ឆ្នាំ​២០០៥ ដែល​មាន​រហូតដល់​៥៦.០០០​ហិ​កតា ។ ដូច្នេះ​ក្នុង​ទឹកដី​របស់ខេត្ដកំពង់ធំ បាន​បាត់បង់​អស់​៩៤​ភាគរយ ស្មើនឹង​៥៣.០០០​ហិ​កតា ។នៅ​ខេត្ដកំពង់ឆ្នាំងបច្ចុប្បន្ន​នៅ​សល់​តែ ៤.០០០​ហិ​កតា​ប៉ុណ្ណោះ ដែល​ពី​មុន​មាន​រហូត ទៅ​ដល់​១០១.០០០​ហិ​កតា គឺ​មានការ​បាត់បង់​រហូត​ដល់​ទៅ​៩៥​ភាគរយ ស្មើនឹង​ផ្ទៃដី ៩៧.០០០​ហិ​កតា ។ នេះ​គឺជា​មហន្ដរាយ​ធ្ងន់ធ្ង​រ​ណាស់ បើ​យើង​មិន​មាន​វិធានការ​ទាន់ពេលវេលា និង​វិធានការ​ហ្មឺ​ង​ម៉ាត់​ទេ​នោះតំបន់​៣​ដែល​ជា​ប្រភព​តំបន់​អេកូ​ឡូ​ហ្ស៊ី ជាប្រភព​នៃ​កន្លែង​ត្រី​ពង គឺជា​ទីតាំង​ដែលកម្ពុជា​អាច​ធ្វើ​ទេសចរណ៍ធម្មជាតិត្រូវ​បាត់បង់ ។

ដូច្នេះ​ត្រូវ​ទាមទារ​ការ​សំរេច​ឱ្យ​បានបន្ទាន់​ជាទី​បំផុត ។លោក​រដ្ឋមន្ដ្រី​បន្ដ​ថា បើសិនជា​កាប់​ព្រៃលិច​ទឹក​អស់​មិនយូរ​មិនឆាប់​ទេ តំបន់​នេះ​នឹងក្លាយជា​តំបន់​វាលរហោឋាន​មួយ ទៅ​ជាតំបន់​ហួតហែងដូច្នេះ​គប្បី​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​ពិចារណាមាន​វិធានការ ។ បើសិនជាប្រជាពលរដ្ឋ​បង្កបង្កើន​ផល​តាំងពី​ដូនតា​មក គឺ​រក្សា​ទុក​ជូនក៏​ប៉ុន្ដែ​បើ​ត្រឹមតែ​កាប់​ឆ្ការ​ពី​ឆ្នាំ២០០៣ រហូត​ដល់​ឆ្នាំ​២០១០​ទេ គឺ​សូម​ដកហូត​យក​មក​វិញទុកជា​តំបន់​ព្រៃ​លិច​ទឹក ។ ដូច្នេះ​បណ្ដា​ខេត្ដ​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប គឺ​ការ​បាត់បង់​មាន​ដូច​គ្នាក៏​ប៉ុន្ដែ​ខេត្ដកំពង់ធំ និង​ខេត្ដកំពង់ឆ្នាំងធ្ងន់ធ្ងរ​ជាង​ខេត្ដ​៤​ទៀត ។

បន្ទាប់​ពី​ការ​ថ្លែង​បទ​អន្ដរាគមន៍​របស់គណៈ​អភិបាលខេត្ដ​ទាំង​៦ រួច​មក​កិច្ចប្រជុំពិភាក្សា បាន​ឯកភាព​ទុក​យក​ផ្ទៃក្រឡា​តាមសំណៅ​ថត​យក​តាំងពី​ឆ្នាំ​២០០៥ គឺ​ត្រូវ​យកផ្ទៃក្រឡា​កំណត់​តំបន់​៣ ទំហំ​៦៤០.០០០ ហិ​កតា ។ កិច្ចប្រជុំ​បាន​ឯកភាព​រួម​គ្នា​ដាក់​ជូនសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​កំណត់សំរេច​តែ​ម្ដង ដោយ​ចេញ​ជា​អនុក្រឹត្យ​ចំពោះតំបន់​៣​នេះ ។ពាក់ព័ន្ធ​នឹង​អាង​ទឹក​ក្នុង​តំបន់​២ លោកលឹ​ម គាន​ហោ បញ្ជាក់​ថា ទី​១-​សូម​រក្សា​ទុក អាង​ទឹក​មួយ​ចំនួន​ដែល​មាន​ហើយ ឯ​ទី​២-​គឺ ខ្វះ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​អាង ។កិច្ចប្រជុំ​បាន​ឯកភាព​ជា​គោលការណ៍ ចំពោះ​ការ​កំណត់​តំបន់​៣ គឺ​ឯកភាព​យក ៦៤០.០០០​ហិ​កតា តាម​រូបថត​ផែនទី ឆ្នាំ២០០៥ ។ ចំពោះ​វិធានការ​លើ​បណ្ដា​អាងទឹក​ក្នុង​តំបន់​២​នៃ​បឹង​ទន្លេសាប គឺ​ឯកភាពតាម​អាជ្ញាធរ​បឹង​ទន្លេសាប ។