ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ដើមឈើ​ ជំហាន​ទី​១ ចំនួន​៥ម៉ឺន​ដើម នៅ​តំបន់​ផ្លូវ​អន្ទង់អាំង ភ្នំ​១៥០០ ឬ​ហៅ​ថា ផ្លូវ​បុប្ផា​លាក់ខ្លួន

4 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ដើមឈើ​ចម្រុះ ចំនួន​១៤​ប្រភេទ រួម​មាន ៖ បេង ផ្ដៀក ខ្លឹមចន្ទន៍ ស្ដៅ…

ខេត្តពោធិ៍សាត់ ៖ ដើមឈើ​ចម្រុះ ចំនួន​១៤​ប្រភេទ រួម​មាន ៖ បេង ផ្ដៀក ខ្លឹមចន្ទន៍ ស្ដៅ នាងនួន ធ្នង់ គ្រញូង ត្រ​យឹ​ង ឈើទាល ត្របែកព្រៃ ពពេល កកោះ អង្កាញ់ និង​រំដួល សរុប ៥០.០០០​ដើម បាន​ធ្វើ​ពិធី​ដាំ​នៅ​តំបន់​ផ្លូវ​អ​ន្អ​ង់​អាំង ភ្នំ​១៥០០ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដើម្បី​ស្ដារ​ជា​តំបន់​បៃតង​ឡើង​វិញ នូវ​ទីតាំង​កាន់កាប់​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ កន្លង​មកនេះ ។

ពិធី​ដាំ​ដើមឈើ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៤ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្តពោធិ៍សាត់ ដោយ​មានការ​ចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ឯក ម៉ៅ ស៊ី​ផា​ន់ អគ្គមេបញ្ជាការ​រង កង​យោធពលខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ។

ឯកឧត្តម កែវ រតនៈ បាន​ជម្រាប​ជូន​ថា ការ​ដាំ​ដើមឈើ​នេះ គឺ​ក្រសួង​រ៉ែ និង​ថាមពល ក្រោម​កិច្ចសហការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ពី​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​មាស របស់​ប្រទេស​អូស្ត្រាលី​។ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២៤ កន្លង​មក សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ និង​ចង្អុល​ណែនាំ​ពាក់ព័ន្ធ​នឹង​កិច្ច​ការងារ​អភិរក្ស​សម្បត្តិ​ធនធានធម្មជាតិ ត្រង់​ចំណុច​តំបន់​ផ្លូវ​អន្ទង់អាំង ភ្នំ​១៥០០ ដែល​ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាក​រដ្ឋមន្ត្រី ប្រសិទ្ធ​នាម​ថា (​ផ្លូវ​បុប្ផា​លាក់ខ្លួន​) ដោយ​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ​ឡើង​វិញ លើ​កិច្ចការ​អភិរក្ស​តំបន់​នេះ ទុក​សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​និង​ក្រៅប្រទេស មក​កំស្សាន្ត​លេង ។

សម្ដេច​បាន​ចាត់តាំង​ឲ្យ​រូប​លោក ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ដោះស្រាយ និង​រៀបចំ​តំបន់ (​បុប្ផា​លាក់ខ្លួន​) ឲ្យ​ក្លាយជា​កន្លែង​អភិរក្ស​ព្រៃឈើ សម្រាប់​ទេសចរណ៍​គយគន់​ទស្សនា​។ តំបន់​បុប្ផា​លាក់ខ្លួន​នេះ ត្រូវ​បាន​កំណត់​លើ​ផ្ទៃដី​ប្រមាណ ៨០០​ហិ​កតា សម្រាប់​កិច្ចការ​ស្ដារ​បរិស្ថាន​ឡើង​វិញ ដោយ​ត្រូវ​បាន​បែងចែក​ជា ៣​តំបន់ ៖ ១.​តំបន់​មិន​ត្រូវការ​ដាំ​ដើមឈើ​បន្ថែម មាន​ផ្ទៃដី​ទំហំ​ប្រមាណ​៣០០​ហិ​កតា​, ២.​តំបន់​ត្រូវ​ដាំ​ដើមឈើ​ឡើង​វិញ មាន​ផ្ទៃដី​ទំហំ​ប្រមាណ​៤០០​ហិ​កតា និង​៣.​តំបន់​ត្រូវ​ដាំ​ដើម​ផ្កា​លំអរ អម​សងខាង​ផ្លូវ​អន្ទង់អាំង ប្រវែង​ប្រមាណ​៩.៨០០​ម៉ែត្រ ដែល​គិត​ជា​ផ្ទៃដី​ស្មើនឹង​ទំហំ​ប្រមាណ​១០០​ហិ​កតា​។ បន្ទាប់​ពី​ការ​ដាំ​ដើមឈើ​ដំណាក់កាល​ទី​១​នេះ​រួចរាល់ ក្រុមហ៊ុន​មាន​ផែនការ​ក្នុង​ការ​ថែទាំ​ជា​បន្តបន្ទាប់ និង​បន្ត​ការ​ដាំ​ដើមឈើ​ដំណាក់កាល​ទី​២ នៅ​អំឡុង​ខែវស្សា​ឆ្នាំ​២០២៥​ខាង​មុខ​នេះ ជា​បន្ត​ទៀត ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា ឲ្យ​មាន​និរន្តរភាព​។ បើ​ស្រលាញ់​ព្រៃឈើ ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​រួម​គ្នា​ធ្វើ​សកម្មភាព ៣​គឺ ៖ ដាំ ថែ និង​ការពារ ។ ជាមួយ​គ្នា​នេះ ត្រូវ​ប្រាសចាក​ពី​សកម្មភាព ៣​ដែរ គឺ​៖ កាប់ ទន្ទ្រាន និង ដុត​។ សូម​ពុក​ម៉ែ​បងប្អូន​កូនក្មួយ​ចាត់​ទុក​ថា ទិវា​ដាំ​ដើមឈើ​នៅ​តំបន់​ផ្លូវ​អន្ទង់អាំង ភ្នំ​១៥០០ ឬ​ហៅ​ថា បុប្ផា​លាក់ខ្លួន នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ថ្ងៃនេះ ថែរក្សា​គម្រប​បៃតង​ដើម្បី​ខ្លួនឯង និង​មនុស្ស​គ្រប់​ជំនាន់ ។

ឯកឧត្តម​សំណូមពរ​ដល់​មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ១,១០០​នាក់ ដែល​អញ្ជើញ​មក​ចូលរួម​ដាំ​ដើមឈើ​ថ្ងៃនេះ ពេល​ត្រឡប់​ទៅ​វិញ សូម​នាំ​គ្នា​ដាំ​ដើមឈើ​ឲ្យ​បាន​ម្នាក់​មួយ​ដើម ទោះ​នៅផ្ទះ​ឬ​ទីកន្លែង​ណាក៍ដោយ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ