ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ​នៅ​ក្បែរ​រោងចក្រ​ផលិត​ដំណាប់​ស្វាយមួយកន្លែងនៅ​ខេត្តកំពង់ស្ពឺ ​រង​ផល​ប៉ះពាល់​ដល់​​ការ​រស់នៅ​ និងសុខភាព ដោយសារ​ការ​បញ្ចេញ​សំណល់​រាវ​ចូ​ល​ទៅ​ស្ទឹង​សែន​ជ័យ

2 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ឆ្លើយ​តប​នឹង​លិខិត​បដិសេធ​របស់​ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ​…

រាជធានី​ភ្នំពេញ ​៖ ឆ្លើយ​តប​នឹង​លិខិត​បដិសេធ​របស់​ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ​ ឆ្នាំ​២០២៥ និង​ការ​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥​ របស់តំណាង​ក្រុមហ៊ុន​ រួម​មាន ៖ ១.លោក លី សេង​ខុ​ង ជា​ម្ចាស់​ភាគហ៊ុន ២.លោក ម៉ៅ ម៉េ​ង ជា​ម្ចាស់​ភាគហ៊ុន និង​៣.លោក សៅ ពិសិដ្ឋ ជា​អគ្គនាយក​ក្រុមហ៊ុន បាន​បដិសេធ​ថា ពុំ​បាន​បង្ហូរទឹក​កខ្វក់​ចូ​ល​ទៅ​ស្ទឹង​សែន​ជ័យ ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រា​ស្ត ឃុំ​យាយ​ម៉ៅ​សែន​ជ័យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមការងារ​អធិការកិច្ច ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​នៃ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៥ បាន​បន្ត​ចុះ​យក​សំណាក​ទឹក និង​ចូលរួម​ជាមួយ​អ្នក​សារព័ត៌មាន​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​រោងចក្រនេះ ​។

ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា កន្លង​មក រោងចក្រ​បាន​បញ្ចេញ​សំណល់​រាវ មាន​ជាតិពុល​ចូល​មក​ក្នុង​ស្ទឹង​ធម្មជាតិ ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​រោងចក្រ និង​បាន​បង្ក​បញ្ហា​បំពុល​ទឹកស្ទឹង និង​បង្ក​ផល​ប៉ះពាល់ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ដោយសារ​សំណល់​រាវ​ចេញពី​ការ​ផលិត​ដំណាប់​ស្វាយ ដែល​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ស្ទឹង ហើយ​ពេល​ខ្លះ​នៅ​វេលា​យប់​ផង​ដែរ​ ។

អ្នកស្រី សែ​ម សុ​ផា ប្រជាពលរដ្ឋ​ភូមិ​សែន​ជ័យ ក្នុង​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល បាន​លើក​ឡើង​ថា ពី​មុន​មិន​ទាន់​មាន​រោងចក្រ​ទឹកស្ទឹង​សែន​ជ័យ​នេះ គឺជា​ប្រភព​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សម្រាប់​យក​មក​ស្រោច​ដំណាំ និង​បន្លែ​បាន​។ ក្រោយមក​រោងចក្រ​បង្ហូរទឹក​ចូល​មក​ក្នុង​ស្ទឹង​នេះ ធ្វើ​ឱ្យ​ទឹក​ខូចគុណភាព មាន​ខ្លិ​ន​មិនល្អ ប៉ះពាល់​សុខភាព និង​ពុំ​អាច​ប្រើប្រាស់​បាន សូ​ម្បី​សត្វ​ត្រី​នៅ​ក្នុង​ទឹក​ក៏​ឃើញ​ងាប់​ផង​ដែរ ។

លោក តាន់ តេ​ង រស់នៅ​ភូមិ​៣ ក្នុង​ឃុំ​ស្រុក​ជាមួយ​គ្នា ជា​អ្នក​ប្រកប​របរ​ដាំ​ដុះ​ស្វាយ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ទឹកស្ទឹង​នេះ​ពី​មុន​គឺ​លោក​អាច​ប្រើប្រាស់ បាន​ទាំងអស់ ទៅ​លើ​ការ​ស្រោច​ដំណាំ និង​សម្រាប់ មនុស្ស​ប្រើប្រាស់​បាន ខណៈ​ឥឡូវនេះ បន្ទាប់​ពី​រោងចក្រ​បើក​បង្ហូរទឹក​សកាក​សំណល់​ពី​រោងចក្រ​ចុះ​មក ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង ទឹក​មាន​សភាព​ប្រែប្រួល​ធំក្លិន និង​ប៉ះពាល់​សុខភាព អាយុជីវិត​ជាដើម​ ។

អ្នកស្រី ហុ​ក ម៉េ​ង រស់នៅ​ជាប់មាត់​ស្ទឹង​ភូមិ​ជាមួយ​គ្នា​ដែរ បាន​គូសបញ្ជាក់​ថា កន្លែង​នេះ​ មាន​ក្លិ​ន​ពី​បាក​ទទួលយក​បាន ពោល​គឺ​មាន​ក្លឹ​ន​២៤​ម៉ោង ​លើ​២៤​ម៉ោង ដែល​ជះ​មក​គ្រប់ពេល ហើយ​ពេល​ខ្លះ​ពី​បាក​ទទួលយក​បាន ត្រូវ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ ដើម្បី​ទៅ​រក​ទីតាំង​ដែល​មាន​ខ្យល់អាកាស​ល្អ មិន​មាន​ក្លិន​ឆ្ងាយ​ពី​ផ្ទះ។ អ្នកស្រី​បន្ថែម​ថា សុខភាព កូន​ក្មេង និង​មនុស្ស​ចាស់​ឈឺ​ជា​បន្តបន្ទាប់ នៅ​ក្នុងភូមិ​ក្បែរ​ៗ​នេះ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ ប្រជាពលរដ្ឋជា​ច្រើន បាន​សំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ដោះស្រាយ​បញ្ហា​នេះ ព្រោះថា​ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​នេះ និង​អ្នក​រស់នៅ​ជាប់​ស្ទឹង​សែន​ជ័យ​នេះ ពោល​គឺ​នៅ​ក្រោម​ប្រឡាយ​ទឹក ដែល​រោងចក្រ​បាន​បញ្ចេញ​សំណល់​រាវ​ចូល​មក គឺ​បាន​ធ្វើ​ឱ្យ​ទឹក​មានក្លិ​ន​ស្អុ​យ ​និង​មិន​អាច​ប្រើប្រាស់​បាន ​។

សូម​បញ្ចា​ក់ថា ក្រុមការងារ​អធិការកិច្ច ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ បាន​ចុះ​ពិនិត្យ​ករណី​បំពុល​ស្ទឹង​សែន​ជ័យ ចំនួន​២​លើក​រួច​មក​ហើយ និង​បាន​ពិនិត្យ​ក្នុង​សំណាក​ទឹក ដែល​យក​ចេញពី​ក្នុង​រោងចក្រ និង​ទឹក​លេច​ចេញពី​រោងចក្រ មាន​សា​ធាតុ​ពុល Chemical Oxygen Demand (COD) (​សម្រាប់​វាយតម្លៃ​គុណភាព​ទឹក​ពុល ឬ ល្អ​) លើស​ស្តង់ដារ​កំណត់ ដែល​បាន​បង្ហាញ​ថា ទឹកស្ទឹង​បាន​ទទួល​រង​ការ​បំពុល​ទឹក និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក រួម​ទាំង​មិន​អាច​ប្រើប្រាស់​ទឹកបាន​។ ក្នុង​ករណី COD កំ​ហាប់​វា​ខ្ពស់​ខ្លាំង វា​អាច​បង្ក​ឲ្យ​ត្រី​ងាប់​ភ្លាម​។ ការ​យក​សំណាក​ទឹក ​ដែល​ហៀរ​ចេញពី​រោងចក្រ កន្លង​មក មាន​កម្រិត COD លើស​ពី 3000 mg/l បណ្តាល​មក​ពី​សំណល់​មាន​ផ្ទុក​កំហាប់​ជាតិ​ស្ករ​ច្រើន ជាតិ​ជូរ​ផ្អូម​ចេញពី​សាច់​ស្វាយ និង​ការ​រលួយ ​នៃ​កម្ទេច​សាច់​ស្វាយ ត្រូវ​បាន​គេ​បង្ហូរ​ចូល​ក្នុង​បរិមាណ​ច្រើន​ម៉ែត្រគូប ចូល​ក្នុង​ប្រភព​ទឹកស្ទឹង ​។

សូម​បញ្ជាក់​ជូន​ថា ជា​ទូទៅ​សំណល់​រាវ​ចេញពី​ការ​ផលិត​ដំណាប់​ស្វាយ គឺ​មាន​កម្រិត COD ខ្ពស់​លើស​ពី 10000mg/l ចំណែកឯ​ការ​ទឹក​កខ្វក់​ចេញពី​លំនៅ​ដ្ឋា​ន ឬ​សំណល​រាវ​ ចេញពី​ការ​លាង​បន្លែ ផ្លែ​ឈើ ឬ​ការ​ចោល​សំណល់​រឹង​ផ្សេង​ៗ ក្នុង​លក្ខណៈ​ជា​គ្រួសារ​ចូល​ក្នុង​ប្រភព​ទឹក គឺ COD មាន​កម្រិត​មិន​លើស​ពី 1000mg/l និង​ពុំ​មាន​បង្ក​បញ្ហា​ក្លិនស្អុយ​ខ្លាំង​ ដូច​សំណល់​ពី​ការ​ផលិត​ស្វាយ​ឡើយ​។ លើស​ពី​នេះ នៅ​តំបន់​ដងស្ទឹង ដែល​មាន​បញ្ហា​បំពុល​ ដោយ​សំណល់​ទឹក​ស្វាយ​ខាងលើ​នេះ ពុំ​មាន​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​ណា​ផ្សេង ក្រៅពី​រោងចក្រ KRR Processing Food Co., Ltd. នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ