ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន សម្រេច​ផ្អាក​ដំណើរការ​រោងចក្រ​បោកគក់​សម្លៀក​បំពាក់​មួយ ដែល​លួច​បង្ហូរ​សំណល់​រាវ​មាន​ពណ៌ ចូល​ស្ទឹង​ព្រែក​ត្នោត

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន គាំពារ​បរិស្ថាន និង​នាយកដ្ឋាន EIA…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន គាំពារ​បរិស្ថាន និង​នាយកដ្ឋាន EIA ដឹកនាំ​ដោយ​លោក ធី​វ សុភា​រិ​ទ្ធ អគ្គនាយករង ដោយ​មានការ​ចូលរួម​ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល រដ្ឋបាល​ស្រុក​អង្គស្នួល និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ករណី​មាន​សេ​ក្តី​រាយការណ៍​ថា ក្រុ​ហ៊ុន Win Ta Garment & Finishing Co., Ltd. បាន​បង្ហូរ​សំណល់​រាវ​មាន​ពណ៌ ចូល​ស្ទឹង​ព្រែក​ត្នោត បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ទឹក និង​សុខភាព​សាធារណៈ ស្ថិត​នៅ​ភូមិ​ស​រមាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ឆ្លង​តាម​រយៈ នៃ​ការ​ពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង និង​ការ​ផ្តល់​ព័ត៌មាន​ពី​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន មើលឃើញ​ថា ៖ ក្រុមហ៊ុន​នេះ ជា​ប្រភេទ​រោងចក្រ​បោកគក់​សម្លៀក​បំពាក់​សុទ្ធ និង​បាន​បើក​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​២០២៤ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ពុំ​ទាន់​រៀបចំ​របាយការណ៍ EIA រួចរាល់​ទេ ដោយ​ស្ថិត​ក្នុង​លក្ខណៈ​ជា​ពង្រាង​នៅឡើយ​។ នៅ​ក្នុង​ដំណើរការ​បោកគក់ រោងចក្រ មាន​ម៉ាស៊ីន​បោកគក់​ចំនួន​២៥​គ្រឿង (​ប្រភេទ​ធុន​ធំ​) ដោយ​បច្ចុប្បន្ន​ដំណើរការ​បោកគក់​តែ ចំនួន​១៥​គ្រឿង​ប៉ុណ្ណោះ ដោយ​ចំនួន​១០​គ្រឿង​ទៀត តម្លើង​ពុំ​ទាន់​រួចរាល់ និង​មាន​កម្មករ​ធ្វើការ​ចំនួន​៩០​នាក់ ដែល​ធ្វើការ​ពីរ​វេន​/​ថ្ងៃ (​វេន​ពេល​ថ្ងៃ និង​យប់​) ។

ក្រុមហ៊ុន មាន​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ ដោយ​រៀបចំ​បំពាក់​បច្ចេកទេស​សម្អាត​តាម​បែប​លក្ខណៈ​ជីវសាស្ត្រ​-​គីមី​សាស្ត្រ​។ ប៉ុន្តែ​តាម​ការ​ពិនិត្យ ក្រុមហ៊ុន​បាន​បង្ហូរ​សំណល់​រាវ​ចូល​ស្ទឹង​ព្រែក​ត្នោត តាម​រយៈ​បំពង់​ទុយោ ដែល​មាន​អង្កត់ផ្ចិត​ប្រវែង ០,៨០​ម៉ែត្រ ដោយ​ពុំ​បាន​ឆ្លងកាត់​ធ្វើ​ប្រព្រឹត្តិកម្ម​សម្អាត​ត្រឹមត្រូវ​ឡើយ​។ ជាក់ស្តែង នៅ​ចំណុច​ចុង​បំពង់​ទុយោ​បង្ហូរ​ចូល​ស្ទឹង ឃើញ​មាន​ស្លាកស្នាម​នៃ​ដាន​ទឹក​ពណ៌​ខៀវ​ជាប់​ប្រឡាក់​លើ​ដី​នៃ​មាត់ច្រាំង​ខាងលើ​។ ចំណែកឯ​នៅ​មាត់ច្រាំង​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​វិញ ឃើញ​មានទឹក​សំណល់​រាវ​ពណ៌​ក្រ​ម៉ៅ​ដល់​សល់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​មាន​លូ​ចំហរ (​លក្ខណៈ​បេតុង​) សម្រាប់​ធ្វើការ​បង្ហូរ​សំណល់​រាវ​ចេញពី​អាង​ស្តុក​ចេញ​ទៅ​ក្រៅ​ផ្ទាល់​តែ​ម្តង ដោយ​ពុំ​ចាំបាច់​បូម​ទៅ​ធ្វើការ​សម្អាត​ទេ​។ ចំពោះ​ស្ថានភាព​ទឹកស្ទឹង​នៅ​ចំ​កណ្តាល​នៃ​ស្ទឹង នឹង​នៅ​ចន្លោះ​សងខាង​ទីតាំង​ក្រុមហ៊ុន (​ខ្សែទឹក​ខាងលើ និង​ខ្សែទឹក​ខាងក្រោម​) គឺ​ស្ថានភាព​ពណ៌​ទឹក​មាន​លក្ខណៈ​ធម្មតា​។ ទាក់ទង​នឹង​បញ្ហា​ប​ង្ងូ​រ​សំណល​រាវ​ចូល​ក្នុង​ស្ទឹង​ព្រែក​នេះ លោក​មេឃុំ​ព្រៃ​ពួច និង​លោក​មេ​ភូមិ​ស​រមាំង បាន​ឲ្យ​ដឹង​ថា រយៈកាល​កន្លង​មក​ពុំដែល​ឃើញ​មាន​បញ្ហា​ទឹក​សំណល់​ពណ៌​ខ្មៅ​បង្ហូរ​ចូល​ស្ទឹង ឬ​ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ដែនដី​ទេ ទើបតែ​ដឹង​នៅ​ពេល​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​នាយ​ពេល​ថ្មី​ៗ​នេះ ។

ជា​រួម សកម្មភាព​របស់​ក្រុមហ៊ុន​នេះ បាន​បង្ក​ឲ្យ​មាន​បញ្ហា​បំពុល​ទឹកស្ទឹង បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ដែល​ជា​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ចាត់វិធានការ​ដូច​ខាងក្រោម​៖
១-​ផ្អាក​ផ្នែក​ផលិតកម្ម​បញ្ចេញ​សំណល់​រាវ ជា​បណ្តោះអាសន្ន រហូត​ដល់​ក្រុមហ៊ុន​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន EIA រួចរាល់​។
២-​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ ដោយ​អនុលោម​តាម​ប្រកាស​អន្តរក្រសួង​លេខ​១០៧០​។
៣-​ធ្វើការ​រុះរើ​លូ​ចំហរ និង​បំពង់​លូ​បង្ហូរ​សំណល់​រាវ​ចូល​ស្ទឹង​ចេញ​ឲ្យ​អស់​ជា​បន្ទាន់ ដើម្បី​ជៀសវាង​ការ​លួច​បង្ហូរ​ចេញ​តទៅ​ទៀត ដោយ​តម្រូវ​ឲ្យ​មាន​លូ​បង្ហូរទឹក​ចេញ​តែ​មួយ​ទីតាំង ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន​និង​ត្រួតពិនិត្យ​។
៤-​តម្រូវ​ឲ្យ​កែសម្រួល​អាង​ព្រឹត្តិ​កម្ម​សំណល់​រាវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​អនុលោម​តាម​ស្តង់ដារ​បរិស្ថាន ដែល​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្អាត​សំណល់​រាវ​ឆ្លើយ​តប​នឹង​ស្តង់​កំណត់
៥-​ត្រូវ​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ​លើ​ការ​បញ្ចេញ​សំណល់​រាវ​ពី​អាង​ប្រព្រឹត្តិកម្ម ទៅ​តាម​ការ​កំណត់​។
៦-​ត្រូវធ្វើ​ស្តារ​សម្អាត​បរិស្ថាន​ស្ទឹង​ព្រែក​ត្នោត ដែល​ទទួល​រង​ផល​ប៉ះពាល់ ឲ្យ​មាន​ភាព​ដូច​ដើម​វិញ​។
៧-​ត្រូវ​ផ្តល់​សំណង​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម និង​សុខភាព​ប្រជាពលរដ្ឋ ទៅ​តាម​ការ​គណនា​និង​វាយតម្លៃ​ពី​មន្ត្រី​ជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ