ខេត្តបាត់ដំបង ៖ អ្នករងគ្រោះ៣នាក់ ដែលត្រូវជាប្ដីប្រពន្ធនិងកូនប្រុស ជួបឧប្បត្តិហេតុដ៏រន្ធត់មួយធ្លាក់ចូលក្នុងឡដុតធ្យូងបណ្ដាលឲ្យបុរសជាប្ដីស្លាប់យ៉ាងអាណោចអាធ័ម រីឯស្ត្រីជាប្រពន្ធ និងកូនប្រុស រងរបួសធ្ងន់ ខណៈពេលព្យាយាមជួយទាញដៃប្ដី ឪពុក ចេញពីក្នុងឡដុតធ្យូង ដែលមានរងើកភ្លើងដ៏ក្រហមឆ្អិនឆ្អៅកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣១ មករា នៅចំណុចអូរខ្វាត ស្ថិតក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ។
លោក រស់ លឹមសឺន អធិការរងស្រុករតនមណ្ឌល បានឲ្យដឹងថា អ្នករងគ្រោះទាំង៣នាក់ឪពុកម្ដាយនិងកូនប្រុស បានជួបគ្រោះអកុសល្យដ៏គួរឲ្យរន្ធត់បំផុត ដោយសារធ្លាក់ចូលក្នុងឡដុតធ្យូង ដែលមានរងើកភ្លើងក្រហមច្រាលនោះ ។ អ្នករងគ្រោះទាំង៣នាក់បុរសជាប្ដីឈ្មោះ យូន ស៊ត អាយុ៤៨ឆ្នាំ (ស្លាប់) ស្ត្រីជាប្រពន្ធឈ្មោះឆែម ដេត អាយុ៤៥ឆ្នាំ របួសធ្ងន់ និងកូនប្រុសឈ្មោះ យួន ចិត្រា អាយុ១៥ឆ្នាំ របួសធ្ងន់ ទាំង៣នាក់មានមុខរបជាអ្នកដុតធ្យូងលក់ រស់នៅភូមិ ឃុំខាងលើ ហើយនៅព្រឹកកើតហេតុពួកគាត់បាននាំគ្នាទៅបើកឡ ដើម្បីយកធ្យូងលក់ តែអកុសលស្រាប់តែជួបគ្រោះថ្នាក់តែម្ដង ។
បើតាមការបំភ្លឺពីអ្នកភូមិថា គ្រួសារជនរងគ្រោះមានមុខរបដុតធ្យូងលក់ច្រើនឆ្នាំកន្លងមកហើយ ក្រៅពីធ្វើស្រែចម្ការបន្តិចបន្ទូច ។ នៅព្រឹកកើតហេតុនោះ គឺក្រុមគ្រួសាររងគ្រោះ បាននាំគ្នាទៅបើកឡ ដើម្បីយកធ្យូងលក់ តែក្នុងឡធ្យូងនៅមានភ្លើងនៅឡើយ ។ លុះពេលទម្លុះគម្របបើកចេញភ្លាម ស្រាប់តែចំហេះភ្លើងស្រូបទាញប្ដីធ្លាក់ចូលក្នុងឡដែលមានរងើកភ្លើងក្រហមឆ្អៅតែម្ដង ។ អ្នកភូមិបញ្ជាក់ថា ភ្លាមៗនោះប្រពន្ធនិងកូនប្រុសបានព្យាយាមចាប់ទាញដៃប្ដី-ឪពុកឡើងលើវិញ តែមិនអាចជួយបានដោយសារកម្លាំងចំហាយភ្លើងឈួលចេញមកក្រៅខ្លាំងពេក ធ្វើឲ្យម្ដាយនិងកូនឆេះរលាកពេញខ្លួន ទើបមិនអាចជួយប្ដីបាន ។ ជនរងគ្រោះបានស្លាប់នៅក្នុងឡធ្យូងរហូតអ្នកភូមិជួយយកទឹកទៅជះពន្លត់ ទើបអាចយកសពជនរងគ្រោះចេញពីក្នុងឡធ្យូងបាន ។
នាយប៉ុស្ដ៏នគរបាលរស្មីសង្ហា លោក ថាន ថេន បានឱ្យដឹងថា ក្រោយពីទទូលបានព័ត៌មានដ៏រន្ធត់នេះលោកក៏ដឹកនាំកម្លាំងចុះទៅជួយអន្តរាគមន៏ភ្លាមៗដែរ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រីឯម្ដាយនិងកូនប្រុសដែលត្រូវភ្លើងឆេះរលាកពេញខ្លួន ត្រូវបានបញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗដែរ ។
ដោយឡែក សពជនរងគ្រោះត្រូវបានសាច់ញាតិនិងអ្នកភូមិរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមដំណក់ទឹកភ្នែក និងក្ដីអាណិតអាសូរពីអ្នកភូមិគ្រប់ៗគ្នា ៕



ចែករំលែកព័តមាននេះ