ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនផ្ទុះកូវីដ របរបិទតែមម៉ូតូ ឡាន ត្រូវប៉ាន់ខ្លំាង !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើទោះបីជាពេលនេះជំងឺកូវីដ ១៩ កំពុងរាតត្បាតធ្វើឲ្យប៉ះពាល់ដល់របរនេះក្តី បើនឹកទៅដល់មុនពេលដែលមិនទាន់មានជំងឺកូវីដ ១៩ អ្នកប្រកបអាជីវកម្មបិទតែមម៉ូតូឡាន ថារបរនេះកាក់កបខ្លាំង ។…

រាជធានីភ្នំពេញ ៖ បើទោះបីជាពេលនេះជំងឺកូវីដ ១៩ កំពុងរាតត្បាតធ្វើឲ្យប៉ះពាល់ដល់របរនេះក្តី បើនឹកទៅដល់មុនពេលដែលមិនទាន់មានជំងឺកូវីដ ១៩ អ្នកប្រកបអាជីវកម្មបិទតែមម៉ូតូឡាន ថារបរនេះកាក់កបខ្លាំង ។ កាក់កបដោយសារ អ្នកស្រឡាញ់ម៉ូតូ ឡាន ពិសេសយុវជន តែងតែតម្រង់ជួរគ្នាចូលទៅបិទតែមលើមធ្យោបាយធ្វើដំណើរពួកគាត់ឲ្យស្អាត ស័ក្កិសម និងយុវភាព ឬដើម្បីការពារភាពចាស់ សឹករីករិល ធ្វើឲ្យអាជីវកម្មបិទតែមម៉ូតូ ឡាននេះ កាក់កបគ្រប់រដូវកាល មិនថារដូវភ្លៀងរបស់ប្រាំងនោះឡើយ ។

មានកន្លែងច្នៃតែម និងបិទស្កុតម៉ូតូឡានច្រើនយ៉ាងណាក៏ដោយឲ្យតែការងារល្អ បិទបានស្អាតមិនបាច់ព្រួយបារម្ភខ្វះអតិថិជននោះទេ ។ នេះជាការលើកឡើងរបស់លោក ប៊ុន កំសាន្ត ម្ចាស់ហាងបិទស្ទីកឃឺរថយន្ត ម៉ូតូមួយកន្លែង នៅផ្លូវសុខហុក ក្នុងសង្កាត់អូរឫស្សីទី ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

នៅតាមបណ្តោយផ្លូវសុខហុកនេះ មានកន្លែងបិទស្ទីកឃឺម៉ូតូឡានមិនតិចជាង ២០ ទីតាំង នោះទេ ។ លោក ប៊ុន កំសាន្ត ឲ្យដឹងថា កាលមិនទាន់មានផ្ទុះជំងឺកូវី ១៩ គាត់ប្រកបមុខរបរនេះកាក់កបណាស់ដោយក្នុងមួយខែៗ លោកអាចរកចំណូលសល់យ៉ាងតិច ៤០០ ដុល្លារក្រោយពីចំណាយលើថ្លៃជួលផ្ទះនិងកម្មករហើយនោះ ។ តែក្រោយផ្ទុះសហគមន៍ ២០ កុម្ភៈ និងវីរុសបំប្លែងថ្មីមក មុខរបរនេះធ្វើឲ្យប៉ះពាល់មិនខុសពីមុខរបរផ្សេងៗនោះឡើយ ។ដោយ សារគ្រប់គ្នាខ្លាចរឆ្លងកូវីដ ១៩ ។ 

មានថ្ងៃខ្លះរកម៉ូតូមួយគ្រឿងបិទមិនបានផង បើបញ្ហាជំងឺនេះមិនថមថយលោកអាចបញ្ឈប់ប្រកបមុខរបរនេះទៅស្រុកកំណើតវិញឯខេត្តស្វយរៀង ព្រោះគ្មានលុយបង់ឈ្នួលផ្ទះឲ្យគេម្យ៉ាងវិញទៀតកន្លែងបិទស្ទីកឃឺម៉ូតូនាពេលបច្ចុប្បន្នមានច្រើនកន្លែងគ្រាន់តែនៅផ្លូវសុខហុកមានប្រមាណជា ២០ ទីតាំងឯណោះ ។ លោក កំសាន្ត ត្អូញ ។ 

 ម្ចាស់អាជីវកម្មបិទតែម និងបិទស្ទីកឃឺ មួយកន្លែងទៀតនៅម្តុំអតីតរោងភាពយន្តគីរីរម្យបាននិយាយថា សម័យជំងឺកូវីដ ១៩ នេះពិតជាបានធ្វើឲ្យប៉ះពាល់មុខរបរបិទស្ទីកឃឺមធ្យោបាយធ្វើដំណើរនេះពិតមែន តែទោះបីជាមានកន្លែងច្នៃតែមនិងបិទស្កុតម៉ូតូឡានច្រើនយ៉ាងណាក៏ដោយឲ្យតែការងារល្អ បិទបានស្អាតមិនបាច់ព្រួយបារម្ភខ្វះអតិថិជននោះទេ ។ ជាក់ស្តែងនៅហាងរបស់គាត់មានបុគ្គលិកជំនាញបិទស្ទីកឃឺឡាន ម៉ូតូចំនួន ៨ នាក់ ។ 

នៅថ្ងៃធម្មតាបិទម៉ូតូបាន ៨ ទៅ ៩ គ្រឿង ហើយសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមិនតិចជាង ១៥ គ្រឿងឡើយ ។ បិទម៉ូតូមួយគ្រឿងថ្លៃ ១៣ ដុល្លារ សម្រាប់ម៉ូតូប្រភេទ Honda រីឯងម៉ូតូប្រភេទធំៗ ថ្លៃពី ៣០ ទៅ ៤០ ដុល្លារ ។ ចំពោះឡានបិទតាមប្រភេទឡានដែរខ្លះមួយគ្រឿងចាប់ពី ៣០០ ទៅ ៥០០ ដុល្លារផងដែរ ។ ម្ចាស់អាជីវកម្មដែលកំពុងពេញនិយមនេះឲ្យដឹងថា បុគ្គលិករបស់លោកម្នាក់ៗ ទទួលបានប្រាក់ខែ ២០០ ដុល្លារក្នុងមួយខែ ។

អ្នកស្រី សោភ័ណ វ៉ាន់នី អាយុជាង ៤០ ឆ្នាំម្ចាស់ហាងបិទស្ទីកឃឺមួយកន្លែងនៅម្តុំផ្សារកណ្តាលស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ២ ខណ្ឌដូនពេញបាននិយាយឲ្យដឹងថា គាត់មានផ្ទះផ្ទាល់ខ្លួនកាលដើមឡើយគាត់បើកលក់គ្រឿងទេសតែក្រោយពេលផ្ទុះជំងឺកូវីដ ១៩ មក មុខរបរចាស់នោះ មិនសូវមានអតិថិជន ក៏ងាកមកបើកហាងបិទស្ទីកឃឺម៉ូតូនេះវិញ ។ អ្នកស្រី មានបុគ្គលិកបីនាក់ជំនាញខាងបិទតែមនេះ ក្នុងមួយថ្ងៃយ៉ាងហោចណាស់បិទម៉ូតូបាន ៦ ទៅ ៧ គ្រឿង ។ 

អ្នកស្រី វ៉ាន់នី មិនខុសពីអ្នកមានរបរដូចគាត់នោះទេ បានត្អូញពីផលប៉ះពាល់ដោយសារកូវីដ ១៩ គ្នា ។ និយាយជាមួយការដកដង្ហើមធំ ពិបាកចិត្តនិងបញ្ហាសេដ្ឋកិច្ចនោះគាត់បានបញ្ជាក់ថា បើសិនជាជំងឺកូវីដមិនថមថយ មិនយូរទេអ្នកស្រីអាចនឹងបិទហាងមួយរយៈ ព្រោះគ្មានលុយបើកឲ្យបុគ្គលិកទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ