ខេត្តកំពង់ឆ្នាំង ៖ ក្រុមកីឡាករជិះកង់ប្រណាំងប្រមាណជាង៣០នាក់ ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំឱ្យជិះកង់ប្រណាំងគ្នាពីឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ដើម្បីចូលរួមដាំដើមឈើចំនួន៥០០ដើម នៅស្រុកភ្នំក្រវាញ ។
លោក ទុយ ហុង មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ការរៀបចំប្រណាំងកង់នេះបានរៀបចំឡើងដោយអាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានការចូលរួមពីមន្ត្រីអគ្គិសនីកម្ពុជាជាង៣០នាក់ ចេញដំណើរពីឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅដល់ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ដែលមានចម្ងាយផ្លូវ១៥០គីឡូម៉ែត្រ ។
លោកបានបន្តថា ការជិះកង់ប្រណាំងខាងលើនេះ ដើម្បីចូលរួមដាំកូនឈើចំនួន៥០០ដើម នៅក្នុងស្រុកភ្នំក្រវាញនៅព្រឹកថ្ងៃទី៣១ ខែមករា នេះ រួមចំណែកបង្កើនព្រៃឈើថែរក្សាបរិស្ថានធម្មជាតិឱ្យមាននិរន្តភាព ។
ដោយឡែក នៅពេលក្បួនប្រណាំងកង់មកវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង យុវសិស្សកាយឫទ្ធិនៅតាមសាលារៀនជាង៥០០នាក់ ក៏បានរៀបចំជាក្បួនទទួលស្វាគមន៍កីឡាករប្រណាំងកង់ទាំងអស់ផងដែរ ហើយក្បួនប្រណាំងកង់នេះក៏មានការជូនដំណើរអមដោយក្បួនរថយន្តសារ៉ែនរបស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តរហូតដល់ព្រំប្រទល់ខេត្តពោធិសាត់ ដើម្បីរក្សាការពារសុវត្តិភាពក្រុមអ្នកប្រណាំងកង់ផងដែរ ៕
ចែករំលែកព័តមាននេះ