រាជធានីភ្នំពេញ ៖ នំប៉័ុងធ្វើពីផ្លែត្នោត ទទួលបានការចាប់អារម្មណ៍ជាច្រើនខែមកហើយពីអ្នកទទួលទាន ពិសេសយុវវ័យ ដោយសារតែមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជានិងមានរស់ជាតិឆ្ងាញ់ខុសប្លែកពីនំបុ័ងដទៃទៀតដែលមានវត្តមានលើទីផ្សារ ។ លោក ប៊ុន វុធឌីកា ម្ចាស់ហាងកាហ្វេ និងនំ ឈ្មោះ «ChriztBen Bakery» ជាកូនចៅអ្នកខេត្តកំពង់ស្ពឺ ទឹកដីសម្បូរដើមត្នោត កាលពីខែមេសា កន្លងមកនេះលោកបានច្នៃផ្លែត្នោតធ្វើជានំបុ័ងនេះឡើង ។

បុរសវ័យជាង ៤០ ឆ្នាំរូបនេះ ធ្លាប់ទទួលបានការអប់រំនៅក្រៅប្រទេសផង ជាអ្នកចូលចិត្តទទួលទាននំបុ័ងខ្លំាង ជាមូលហេតុសំខានមួយជំរុញឲ្យលោកផលិតនំបុ័ងត្នោតនេះឡើយ និងម្យ៉ាងទៀតដោយសារលោកចង់ចូលរួមលើកកម្ពស់គុណប្រយោជន៍ផ្លែត្នោត ក៏ដូចជាជីវភាពពលរដ្ឋនៅជនបទផងដែរ ។ «នៅកំពង់ស្ពឺ សម្បូរដើមត្នោត ទើបខ្ញុំសម្រេចចិត្តធ្វើនំបុ័ងនេះឡើង ។ ខ្ញុំបានប្រមូលទិញត្នោតពីបងប្អូននៅស្រុក ក្នុងមួយផ្លែតម្លៃ ១៥០០-២០០០ រៀលមកធ្វើនំបុ័ងនេះ» លោក ប៊ុន វុធឌីកា បញ្ជាក់ ។

ត្នោតជារុក្ខជាតិមួយបង្ហាញពីអត្តសញ្ញាខ្មែរ ។ ដើមត្នោតមានប្រយោជន៍ពីគល់ដល់ស្លឹក ទឹកត្នោតឈ្ងុយឆ្ងាញ់គេអាចផលិតធ្វើស្ករនាំទៅលក់នៅបរទេស ស្លឹក និងដើម កសិករច្នៃធ្វើរបស់ប្រើប្រាស់ជាស្លឹក និងឈើសម្រាប់ធ្វើ និងប្រក់ផ្ទះ ធ្វើទូកជិះទៅស្រែ និងគ្រឿងលម្អរ វត្ថុអនុស្សាវរីយ៍ជាច្រើនបែបបាន ហើយមកដល់ឆ្នាំ ២០២១ នេះ ផ្លែត្នោតដែលពលរដ្ឋពីដើមបានត្រឹមយកទៅធ្វើនំត្នោត ត្រូវបានច្នៃជានំបុ័ងត្នោតទាន់សម័យកាលទៀតផង ។

លោក ប៊ុន វុធឌីកា មិនសូវជាហ៊ានអួតពីរស់ជាតិ នំបុ័ងត្នោតឆ្ងាញ់ប៉ុន្មាននោះទេ ។ លោកចង់ឲ្យពលរដ្ឋ ភ្លក់និងវាយតម្លៃដោយខ្លួនឯង ។ សម្រាប់លោកបញ្ជាក់ថា ចំណង់ចំណូលចិត្តមនុស្សមិនដូចគ្នាឡើយ អ្នកខ្លះចូលចិត្តនំបុ័ង ខ្លះមិនចូលចិត្ត ។ នំបុ័ងត្នោតដែលផលិតចេញមក មានពណ៌លឿងស្រស់ ។ លោក ឌីកា បានផលិតនំបុ័ងត្នោត មានទំាងរាងមូល និងជ្រុងកាត់ជាបន្ទះ ។ លោកបានច្នៃ និងពិសោធន៍ច្រើនលើកទើបបានរស់ជាតិនំបុ័ងដែលបានដាក់លក់នៅក្នុងហាងកាហ្វេរបស់លោកដូចសព្វថ្ងៃនេះ ៕ ដោយ ៖ ថាវី


ចែករំលែកព័តមាននេះ